ភ្នំពេញៈ ចំនួន​គម្រោង​សាងសង់​ដែល​ត្រូវបាន​ដាក់​ស្នើ​ដើម្បី​សំ​ការអនុញ្ញាត​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្នុង​រយៈពេល​ ២ ​ខែ​ដើមឆ្នាំ​ ២០២០ បាន​កើនឡើង​ជិត​ទ្វេដង បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​» ដែល​រៀបចំ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​និយាយ​ថា ទោះបី​ជា​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការរីក​រាលដាល​យ៉ាងខ្លាំង​នៃ​ជំងឺ​ដែល​បង្កឡើង​ដោយ​វីរុស​កូវីដ​​ ១៩ ក៏ដោយ ប៉ុន្តែ​ចំនួន​នៃ​ការដាក់​ពាក្យស្នើសុំ​សាងសង់​នៅ​កម្ពុជា​មិនបាន​ធ្លាក់ចុះ​ទេ​ក្នុង​រយៈពេល​ ២ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០២០ នេះ​។


លោក​ថ្លែងថា​៖ «​ចំនួន​នៃ​ការដាក់ពាក្យ​ស្នើសុំ​អនុញ្ញាត​សាងសង់​មក​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក្នុង​រយៈពេល​ ២ ​ខែ​ដំបូង​ក្នុង​ឆ្នាំ ២០២០ មាន​ប្រមាណ ៥២៣ គម្រោង​ កើន​ពី​ជាង ៣០០ ​គម្រោង​កាលពី​រយៈពេល ២ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០១៩​។ ចំណែក​ទុន​វិនិយោគ​កើនឡើង​ជិត​ទ្វេដង​»​។


បើទោះបី​យ៉ាងណា​លោក សេង ឡូត លើកឡើងថា ចាប់ពី​ខែមីនា​នេះ​ទៅមុខ លោក​មិន​ហ៊ាន​អះអាង​បែបណា​នោះទេ ដោយ​ក្រុមការងារ​ជំនាញ​របស់​ក្រសួង​កំពុង​រង់ចាំ​ពិនិត្យមើល​លើ​ភាពជាក់ស្តែង​។


កាលពី​ថ្ងៃទី​ ៦ ខែ​មីនា កន្លងមក​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​នូវ​សារាចរ​ណែនាំ​មួយ​ស្តីពី «​ការធ្វើ​វិចារណកម្ម និង​ការពង្រឹង​ប្រសិទ្ធភាព​ចំណាយ​សម្រាប់​អនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២០» ដែល​សារាចរ​នេះ​មាន​គោលបំណង​កាត់បន្ថយ​ការចំណាយ​មិនចាំបាច់​មួយចំនួន ដើម្បី​យក​ថវិកា​មក​ផ្តោត​អាទិភាព​ទៅលើ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ នៅក្នុង​ចំណុច​មួយ​ក៏បាន​បញ្ជាក់​ពី​ការតម្រូវ​ឲ្យ​ផ្អាក​គម្រោង​សាងសង់​ថ្មី​លើកលែងតែ​ការងារ​ជួសជុល​អគារ​ដែលមាន​ស្រាប់តែ​ប៉ុណ្ណោះ​។


លោក សំ សុខនឿន នាយកប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ KW Sen Sok បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា នៅមុន​ពេល​វីរុស​កូវីដ​១៩ រីករាលដាល​ខ្លាំង​ទៅកាន់​ប្រទេស​ជាច្រើន​លើ​ពិភពលោក លោក​សង្កេតឃើញ​ថា សកម្មភាព​នៃ​ការសាងសង់ និង​ការទិញ-លក់​អចលនទ្រព្យ​នៅ​កម្ពុជា​ពិតជា​មាន​ភាព​ផុលផុស​ខ្លាំង​មែន​។


លោក​បន្តថា ប៉ុន្តែ​ចាប់ពី​មាន​ព័ត៌មាន​ការផ្ទុះ​នៅ​ប្រទេស​ជាច្រើន​នៅ​តំបន់​អឺរ៉ុប និង​កូរ៉េ​រួចមក​សកម្មភាព​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។ លោក​និយាយថា​៖ «​ខ្ញុំ​គិតថា ចំនួន​គម្រោង​ដែល​បានដាក់​ពាក្យស្នើសុំ​ពិតជា​មាន​ច្រើន​នៅមុន​ពេល​មាន​កូវីដ​ ១៩ ប៉ុន្តែ​ពេល​មាន​ប្រធាន​ស័ក្ត​ (​វីរុស​កូវីដ​ ១៩) កើតមានឡើង​ភ្លាមៗ​នេះ​វា​ក៏បាន​ទាញ​ទម្លាក់​កំណើន​នោះ​ឲ្យ​ចុះមក​លឿន​ផងដែរ​»​។

លោក​លើកឡើង​ថា ជំងឺ​នេះ​នឹងធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​សេដ្ឋកិច្ចពិភពលោក ហេតុនេះ​ផល​អវិជ្ជមាន​សម្រាប់​វិស័យ​សំណង់ និង​អចលនទ្រព្យ​វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​ក្លាយជា​រឿង​ចៀស​មិន​ផុត​ក្នុងឆ្នាំនេះ​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ នេះ​នឹង​មិនល្អ​នោះទេ ដោយ​វា​អាច​ស្ថិតនៅ​ទ្រឹង ឬ​ក៏​ធ្លាក់ចុះ​ផង​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩»​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ ក្រសួង​បានផ្តល់​ការអនុញ្ញាត​លើ​គម្រោង​សាងសង់​សរុប ៤ ៤៤៦ ​គម្រោង​ ដែល​មាន​តម្លៃ​ប្រមាណ ៩ ៣៥៣ ​លាន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​ ២០១៨ មាន​គម្រោង​សាងសង់​សរុប ​២ ៨៦៧ ​គម្រោង​ ដែល​មាន​តម្លៃ​ប្រមាណ ៥ ២២៨ ​លាន​ដុល្លារ​កើនឡើង ៧៨,៨៨ ​ភាគរយ​៕LA