ក្រុងបាងកកៈ ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ថៃ​នឹងធ្វើ​ការបែងចែក​ប្រភេទ​នៃ​ការបង់ពន្ធ​ផ្ទះ​ដែល​វិធានការ​នេះ​គឺជា​ដំណឹង​ល្អ​សម្រាប់​ម្ចាស់​លំនៅឋាន​ទិញ​ដើម្បី​ជួល​នៅក្នុង​គម្រោង​ទាំង​អគារ​ទាប និង​ខ្ពស់ ព្រោះ​អចលនទ្រព្យ​ទាំងនេះ​នឹងត្រូវ​បង់ពន្ធ​យោង​ទៅតាម​ប្រភេទ​លំនៅឋាន​ទី​ ២ ក្នុងករណី​ដែល​លំនៅឋាន​ច្រើនជាង​មួយ​ត្រូវបាន​គ្រប់គ្រង​ស្ថិតក្រោម​ច្បាប់ និង​ពន្ធ​អគារ​ថ្មី​។

លោក Prasong Poontaneat លេខាធិការ​អចិន្ត្រៃយ៍​ផ្នែក​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា លំនៅឋាន​ទិញ​ដើម្បី​ជួល​នឹងត្រូវ​បានចាត់ទុក​សម្រាប់​គោលបំណង​រស់នៅ​។


ម្ចាស់​លំនៅឋាន ពិសេស​អ្នក​ដែល​គ្រប់គ្រង​ខុនដូ​បារម្ភ​ថា លំនៅឋាន​ទី​ ២ ​របស់​ពួកគេ​នឹងត្រូវ​ចាត់ថ្នាក់​សម្រាប់​ការគោលបំណង​ផ្សេងទៀត និង​ទទួលខុសត្រូវ​លើ​តម្លៃ​ពន្ធ​កាន់តែ​ខ្ពស់​។


ក្រសួង​ហិរញ្ញវត្ថុ​បានរៀបចំ​ការពិភាក្សា​ជាមួយ​អ្នកពាក់ព័ន្ធ និង​បាន​សន្និដ្ឋានថា​លំនៅឋាន​បែប​នោះ​សូម្បីតែ​លំនៅឋាន​សម្រាប់​ជួល​នឹង​ត្រូវ​ស្ថិតក្រោម​តម្លៃ​ពន្ធ​លំនៅឋាន​ទី​ ២​។


លោក Prasong បន្តថា តម្លៃ​នេះ​នឹងត្រូវ​អនុវត្ត​ចំពោះ​បុគ្គល​ដែល​គ្រប់គ្រង​លំនៅឋាន ឬ​ខុនដូ​ ១ ​ផ្នែក​ខណៈ​អ្នក​ដែល​គ្រប់គ្រង​លើ​គម្រោង​លំនៅឋាន​ទាំងមូល​សម្រាប់​ជួល​នឹង​ត្រូវ​ស្ថិតក្រោម​តម្លៃ​ពន្ធ​អចលនទ្រព្យ​សម្រាប់​ការប្រើប្រាស់​ផ្សេងទៀត​។


លំនៅឋាន​ទី​ ២ ​នឹងត្រូវ​បង់ពន្ធ​ ០,០២ ​ភាគរយ​សម្រាប់​លំនៅឋាន​ដែលមាន​តម្លៃ​ ៥០ ​លាន​បាត​។ សម្រាប់​លំនៅឋាន​ដែល​បាន​ចាត់ថ្នាក់​សម្រាប់​ការប្រើប្រាស់​ផ្សេងទៀត​ម្ចាស់​នឹងត្រូវ​ស្ថិតក្រោម​តម្លៃ​ពន្ធ​ ០,៣ ​ភាគរយ​សម្រាប់​លំនៅឋាន​ដែល​មាន​តម្លៃ​រហូតដល់​ ៥០ ​លាន​បាត​។


របប​ពន្ធ​អចលនទ្រព្យ​ថ្មី​នេះ​នឹង​ជំនួស​ពន្ធ​លំនៅឋាន ពន្ធ​ដី និង​ពន្ធ​អភិវឌ្ឍន៍​មូលដ្ឋាន​ចាប់ផ្ដើម​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី​តទៅ​។

យោងតាម​រចនាសម្ព័ន្ធ​ពន្ធ​ថ្មី ដី និង​លំនៅឋាន​ដែល​បាន​ប្រើប្រាស់​សម្រាប់​លំនៅឋាន​ដែលមាន​តម្លៃ​រហូតដល់​ ៥០ ​លាន​បាត​គឺ​លើកលែង​ពន្ធ​សម្រាប់​លំនៅឋាន​សំខាន់ៗ ខណៈ​លំនៅឋាន​ដែលមាន​តម្លៃ​លើសពី​ ៥០ ​ទៅ​ ៧៥ ​លាន​បាត​ត្រូវ​បង់ពន្ធ​ក្នុង​ ០,០៣ ​ភាគរយ​នៃ​ការវាយតម្លៃ​លើស​ពី​ ៧៥ ​ទៅ​ ១០០ ​លាន​បាត​ត្រូវ​បង់ពន្ធ​ចំនួន​ ០,០៥ ​ភាគរយ និង​លើសពី​ ១០០ ​លាន​បាត​ត្រូវ​បង់ពន្ធ​ ០,១​ ​ភាគរយ​។

អ្នក​ដែល​គ្រប់គ្រង​លំនៅឋាន​តែ​ ១ ​មិនមែន​ដី​ត្រូវ​បាន​លើកលែង​ពន្ធ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ ១០ ​លាន​បាត​ដំបូង​នៃ​ការវាយតម្លៃ​លំនៅឋាន​របស់​ពួកគេ​។

លំនៅឋាន​ដែល​តម្លៃ​លើសពី​ ១០ ​ទៅ​ ៥០ ​លាន​បាត​ត្រូវ​បានគិត​តម្លៃ ០,០២ ​ភាគរយ​ជាង​ ៥០ ​ទៅ​ ៧៥ ​លាន​បាត​ត្រូវ​បានគិត​តម្លៃ​ ០,០៣ ​ភាគរយ និង​លើសពី​ ៧៥ ​ទៅ​ ១០០ ​លាន​បាត​ត្រូវ​បានគិត​តម្លៃ​ ០,០៥ ​ភាគរយ និង​លើសពី​​ ១០០ ​លាន​បាត​ត្រូវ​បាន​គិត ​០,១ ​ភាគរយ​។

បើ​ម្ចាស់​មាន​លំនៅឋាន​លើសពី​ ១ លំនៅឋាន​ទី​ ២ និង​ផ្ទះ​បន្តបន្ទាប់​ត្រូវ​ស្ថិតក្រោម​ពន្ធ​ ០,០២ ​ភាគរយ​សម្រាប់​លំនៅឋាន​ដែលមាន​តម្លៃ​រហូត​ដល់​ ៥០ ​លាន​បាត និង​តម្លៃ​ពន្ធ​ដូចគ្នា​នឹង​លំនៅឋាន​សំខាន់ៗ​ត្រូវ​បាន​អនុវត្ត​ចំពោះ​លំនៅឋាន​ជាមួយ​ការវាយតម្លៃ​លើសពី​ ៥០ ​លាន​បាត​។

ម្ចាស់​ដី​ដែល​ជួល​សម្រាប់​គោលបំណង​ធ្វើ​កសិកម្ម​នឹង​ត្រូវ​បង់ពន្ធ​សម្រាប់​គោលបំណង​កសិកម្ម​ជំនួស​ពាណិជ្ជកម្ម​។ ពន្ធ​ដី និង​អគារ​ត្រូវ​សំដៅ​ដល់​ការជំរុញ​ឲ្យ​ម្ចាស់​ដី​ប្រើប្រាស់​ដី​របស់​ពួកគេ ហើយ​ពន្ធ​មិនគួរ​ដាក់បន្ទុក​លើ​អ្នក​ជាប់ពន្ធ​នោះទេ​។

លោក​បាន​ឲ្យ​ដឹងថា ទីភ្នាក់ងារ​ដែល​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​ការយល់ដឹង​ជា​សាធារណៈ​អំពី​តម្លៃ​ពន្ធ​ថ្មី​នេះ​មុន​ពេល​ការទូទាត់​លើកដំបូង​ចាប់ផ្ដើម​នៅ​ខែ​សីហា ឆ្នាំ​ ២០២០​។ ក្រសួងមហាផ្ទៃ​នៅពេល​ថ្មីៗ បាន​ប្រកាស​ថា អំឡុងពេល​ទូទាត់​ពន្ធ​ដី និង​អគារ​នឹង​ត្រូវ​ពន្យារពេល​ចាប់ពី​ខែ​មេសា​ដល់​ខែសីហា​៕ LA