ភ្នំពេញៈ ការរលំ​បាក់​អគារ​ចំនួន​ ២ ​នៅ​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​របស់​កម្ពុជា​គឺ​ខេត្ត​កែប និង​ខេត្ត​ព្រះសីហនុ ជាការ​ដាស់តឿន​មួយ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឲ្យ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​សម្រាប់​គម្រោង​របស់ខ្លួន ដោយ​យកចិត្ត​ទុកដាក់​បន្ថែម​លើ​ស្ដង់ដា​ខ្ពស់ ដើម្បី​ទទួល​បាន​ទំនុកចិត្ត​ពី​សាធារណជន និង​ការជឿជាក់​របស់​អ្នកទិញ​។

កាលពី​ថ្ងៃទី​ ៣ ​ខែ​មករា អគារ​កម្ពស់​ ៦ ​ជាន់​នៅក្នុង​ខេត្ត​កែប​បាន​បាក់រលំ ដែល​បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់ ៣៦ ​នាក់ រងរបួស ២៣ ​នាក់​ផ្សេងទៀត ​ដែល​គ្រាន់តែ​រយៈពេល​ប្រហែល ៧ ខែ បន្ទាប់ពី​អគារ​កម្ពស់​ ៧ ​ជាន់​ បាន​បាក់​រលំ​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន ​នៅ​ខេត្ត​ព្រះសីហនុ ដែល​សម្លាប់​មនុស្ស ២៨ ​នាក់ និង​បណ្ដាល​ឲ្យ​រងរបួស​ ២៦ នាក់​ផ្សេងទៀត​។


លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century 21 Mekong ដែល​កំពុង​អភិវឌ្ឍ​គម្រោង Luxury Holiday Villas លើ​ផ្ទៃដី​ទំហំ ៩៧ ហិកតា​នៅ​ខេត្តកំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា ការបាក់​រលំ​អគារ​ ២ ​នៅ​ក្រុងព្រះសីហនុ និង​ខេត្ត​កែប​គឺជា​មេរៀន​មួយ​សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ទាំងអស់ និង​អ្នកទិញ ដើម្បី​ធ្វើឲ្យ​ប្រាកដ​ថា គម្រោង​សាងសង់​ទាំងអស់​ត្រូវតែមាន​ស្ដង់ដា​ខ្ពស់ និង​បង្ការ​ហានិភ័យ​បានល្អ ដើម្បី​ចៀសផុត​គ្រោះថ្នាក់​ណាមួយ​នៅពេល​អនាគត​។


លោក​ថ្លែងថា​៖ «​មាន​តម្រូវការ​ឲ្យ​មាន​ការសហការ​រួមគ្នា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ ក្រុមហ៊ុន​សាងសង់ អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ ដើម្បី​ប្រាកដ​ថា គម្រោង​ទាំងអស់​ត្រូវតែ​មានការ​អនុញ្ញាត​ការសាងសង់​មាន​ឈ្មោះ​ក្រុមហ៊ុន​សាងសង់ និង​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​គ្រប់គ្រង​ការលក់​គម្រោង​»​។


លោក​បន្តថា​៖ «​ជាមួយ​គ្នា​នេះដែរ​សម្រាប់​អ្នកទិញ​ត្រូវតែ​ប្រាកដ​ថា ពួកគេ​ទទួល​បាន​ព័ត៌មាន​ទាំងអស់​របស់​គម្រោង​មុនពេល​សម្រេចចិត្ត​»​។


ប៉ុន្តែ​លោក សុខនីម មិនបាន​លើកឡើង​នូវ​ក្តីបារម្ភ​នោះទេ​ថា ការបាក់​រលំ​អគារ​ទាំងនេះ​នឹង​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ឧស្សាហកម្ម​ទាំងមូល​។ លោក​បន្តថា​៖ «​ខ្ញុំ​មិន​គិតថា ការណ៍​នេះ​នឹង​បង្កើត​ឲ្យ​មាន​រូបភាព​មិនល្អ​សម្រាប់​ឧស្សាហកម្ម​ទាំងមូល​ឡើយ​។ ប៉ុន្តែ​វា​ផ្ដល់​ការដាស់តឿន​មួយ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​គោរព​តាមច្បាប់ និង​ជា​ការជូន​ព័ត៌មាន​ដល់​សាធារណជន​។ ការណ៍​នេះ​គឺជា​ចំណុច​ដ៏ល្អ​ក្នុង​ការបង្កើន​ទំនុកចិត្ត​ក្នុង​ចំណោម​សាធារណជន​ផងដែរ​»​។


ទិដ្ឋភាព​ទីក្រុង​ភ្នំពេញ​នាពេល​បច្ចុប្បន្ន​មើល​ពី​ទី​ខ្ពស់​។ហេង ជីវ័ន

បុគ្គលិក​ម្នាក់​របស់​គម្រោង​វិនិយោគ New Landmark ដែល​ជា​គម្រោង​សណ្ឋាគារ​កន្លែង​កម្សាន្ត និង​ខុនដូ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Prince Real Estate Group ដែលជា​ក្រុមហ៊ុន​ពហុផលិតផល​អចលនទ្រព្យ​ចិន និង​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ឆ្នេរ​ជ័យជម្នះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា គម្រោង​នេះ​មិន​មើលឃើញ​ផលប៉ះពាល់​ណាមួយ​ដោយសារ​តែ​ការរលំ​អគារ​កម្ពស់​ ៧ ជាន់​កាលពី​ខែ​មិថុនា​ឆ្នាំមុន​ឡើយ ខណៈ​ដែល​ការលក់​នៅតែ​កំពុង​បន្ត​ទៅ​មុខ ហើយ​ការសាងសង់​នឹងត្រូវ​បញ្ចប់​ត្រឹម​ឆ្នាំ​ ២០២៣​។

បុគ្គលិក​ដែល​ស្នើសុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា​៖ «​គម្រោង​របស់​យើង បន្ត​ការរីកចម្រើន​ល្អ ហើយ​យើង​នឹង​ទទួលបាន​អ្នកទិញ​យូនីត​របស់​គម្រោង ដោយសារ​តែ​យើង​មាន​ក្រុមហ៊ុន​សាងសង់​ល្បីឈ្មោះ ដែល​មាន​បទពិសោធ​នៅក្នុង​ប្រទេស​ជាច្រើន​ដូចជា​មកពី​ប្រទេស​អូស្ដ្រាលី និង​ទីក្រុង​ឡុងដ៍​ដែល​បង្កើន​ទំនុកចិត្ត​ដល់​អ្នកទិញ​»​។

គម្រោង New Landmark ដែល​បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​ចាប់តាំងពី​ពាក់កណ្ដាល​ខែមិថុនា ឆ្នាំ​មុន​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ល្បីឈ្មោះ China Construction Fourth Engineering Division (Cambodia) Corp​។

ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ The Flora ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​ក្នុងស្រុក​កំពុង​ចាប់ផ្តើម​គម្រោង​ខុនដូ​ប្រណីត​មួយ​ឈ្មោះថា The Flora Suites ដែលមាន​កម្ពស់ ៣៨ ជាន់​នៅ​សង្កាត់​បឹង​កេងកង​ ១ ខណ្ឌ​បឹងកេងកង ភ្នំពេញ​។

លោក លឹម កុកឡុង ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន The Flora បាន​ឲ្យ​ដឹងថា អគារ The Flora Suites នឹង​សាងសង់​ជាមួយ​ភាពទំនើប ការរចនា​ស្ទីល​តាម​បែប​ប្រទេស​លោក​ខាងលិច ហើយ​នឹង​ត្រូវការ​រយៈពេល​ប្រហែល​ ៣ ​ឆ្នាំ​ដើម្បី​បញ្ចប់​។ អគារ​នេះ​នឹងត្រូវ​សាងសង់​នៅ​ផ្ទៃដី​ទំហំ ២០ ៧៨៦ ម៉ែត្រការ៉េ ហើយ​នឹង​មាន ១៩៨ ​យូនីត​។ ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​ការវិនិយោគ​សរុប​សម្រាប់​គម្រោង​នេះ​ទេ​។

លោក សាំង សុភ័ក្ដរ៉ាឌី ជំនួយការ​អនុប្រធាន​របស់​ក្រុមហ៊ុន The Flora បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​ការសាងសង់​អគារ​កម្ពស់ ៣៨ ជាន់​នេះ​គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​ការសាងសង់​របស់​យើង​ត្រូវតែ​គោរព​តាម​ស្ដង់ដា ហើយ​យើង​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​ដែនដី​។ ជាមួយ​គ្នា​នេះ​ដែរ យើង​ក៏​ទិញ​ធានារ៉ាប់រង​ផងដែរ ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា អ្នកទិញ​មាន​អារម្មណ៍​ទុកចិត្ត​ជាមួយ​គម្រោង​នេះ ប្រសិន​បើ​មាន​អ្វីមួយ​កើតឡើង​»​។

អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ​កាលពី​ថ្ងៃ​អង្គារ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​កាន់តែ​ខ្លាំង​ដល់​ហានិភ័យ​ដែល​កម្មករ​រាប់ពាន់​នាក់​ប្រឈម​រាល់ថ្ងៃ និង​ទាមទារ​ឲ្យ​មាន​វិធានការ​ជាបន្ទាន់​ដើម្បី​កែលម្អ​សុខភាព និង​សុវត្ថិភាព​ការងារ​។

អង្គការ ILO បាន​កត់សម្គាល់​ថា នេះ​ជា​ការរលំ​លើក​ទី​ ២ ដែល​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​មិន​ដល់​ ៧ ​ខែ​ផង បន្ទាប់ពី​ការរលំ​អគារ​មួយ​នៅ​ក្រុង​ព្រះសីហនុ​កាលពី​ខែមិថុនា​។ អង្គការ​នេះ​ក៏បាន​កត់សម្គាល់​ថា ឧប្បត្តិហេតុ​ចុងក្រោយ​នេះ​គឺជា «​គ្រោះថ្នាក់​កន្លែង​ការងារ​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​»​។

យោងតាម​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ រដ្ឋាភិបាល​បានអនុម័ត​ការវិនិយោគ​មូលធន​ក្នុង​វិស័យ​សំណង​ដែលមាន​ទឹកប្រាក់​ប្រហែល ៩,៣ ​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំមុន កើនឡើង​ជិត ៨០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​​ ២០១៨ ដោយ​ភាគច្រើន​នៃ​កំណើន​បាន​មកពី​គម្រោង​នៅ​ក្រុងព្រះសីហនុ​។

គិត​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​មុន ក្រុមហ៊ុន​ចុះបញ្ជី​ដែល​ធ្វើ​ការងារ​លើ​គម្រោង​សាងសង់​នៅ​កម្ពុជា​មាន​ចំនួន ១០-៨១ ក្រុមហ៊ុន​។ ដោយ​ក្នុងនោះ ក្រុមហ៊ុន​ចំនួន ៤៨៥ គឺជា​ក្រុមហ៊ុន​បរទេស​មកពី​បណ្ដា​ប្រទេស​ជាច្រើន​ដូចជា​ចិន កូរ៉េ ថៃ សិង្ហបុរី បារាំង ចក្រភព​អង់គ្លេស និង​អាមេរិក​៕ LA