ក្រុង​បាងកក៖ ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ Colliers International Thailand បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​​ខុនដូរ​ថ្មី​ដែល​នឹង​​ចាប់​ផ្តើម​សាងសង់​ក្នុង​ទីក្រុង​បាងកក​នៅ​ឆ្នាំ​នេះ នឹង​បន្ត​ធ្លាក់​ចុះ ដោយសារ​ខុន​ដូ ដែល​​មិន​ទាន់​លក់​ចេញ​បន្ត​កើន​ឡើង ហើយ​តម្លៃ​នៅ​តែ​មាន​ការ​ប្រកួត​ប្រជែង។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍។

លោក Phattarachai Taweewong អនុប្រធាន​ផ្នែក​ស្រាវជ្រាវ​របស់​​ក្រុមហ៊ុន Colliers ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍​ដក​ស្រង់​សំដី​ ខណៈ​លោក​ថ្លែង​ថា ចំនួន​ខុនដូ​ដែល​មិន​​ទាន់​លក់​ចេញ​ក្នុង​ទីក្រុង​បាងកក កំពុង​កើន​ឡើង ខណៈ​ដែល​អត្រា​លក់​ជា​មធ្យម​នៃ​ការ​ផ្គង់ផ្គង់​ថ្មី​ដែល​បាន​ចាប់​ផ្តើម​សាងសង់​នៅ​ឆ្នាំ​មុន​មាន​ត្រឹម​តែ ៤៦ ​ភាគរយ​ប៉ុណ្ណោះ ដោយ​ធ្លាក់ចុះ ១២ ពិន្ទុ​ភាគរយ ​ធៀប​នឹង​ឆ្នាំ​ ២០១៨។


លោក​មាន​ប្រសាសន៍​ថា៖ «ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ពន្យារពេល​ដាក់​ដំណើរការ​ការ​ផ្គត់ផ្គង់​ខុន​ដូថ្មី​នៅ​ត្រីមាស​ទី ​៤​ [ឆ្នាំ​មុន] រហូត​ដល់​ឆ្នាំ​នេះ ដែល​ធ្លាក់ចុះ​ជាង ៤០ ភាគរយ ​ធៀប​នឹង​​ផែនការ​កន្លង​មក»។


លោក​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​​ពួក​គេ​មិន​ធ្វើ​ដូច្នេះ​ទេ អត្រា​លក់​ខុនដូ​នៅ​ឆ្នាំ​មុន អាច​មាន​កម្រិត​ទាប​ជាង ៤៦ ​ភាគរយ»។


យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ អត្រា​​លក់​ជា​មធ្យម​នៃ​ការ​ផ្គត់ផ្គង់​ខុនដូ​ថ្មី​ក្នុង​ត្រីមាស​ទី ៤ បាន​កើន​ឡើង​​ដល់ ៤៦ ​ភាគរយ ​ពី​ ៤០ ​ភាគរយ ​​​នៅ​ត្រីមាស​ទី ២ និង​ទី ៣ និង ៤៤ ភាគរយ ​នៅ​ត្រីមាស​ទី ​១។ អត្រា​លក់​ដែល​មាន​កាន់​តែ​ប្រសើរ​នៅ​ក្នុង​​ត្រីមាស​ទី ​៤​ នេះ កើត​មាន​ឡើង​ដោយសារ​បរិមាណ​ផ្គត់ផ្គង់​ទាប​ជាង​មុន។


កាសែត​​បាន​រាយការណ៍​ទៀត​ថា គម្រោង​មួយ​ចំនួន​ដែល​បាន​ចាប់​ផ្តើម​សាងសង់​នៅ​ត្រីមាសទី ​៤ បាន​ផ្តោត​លើ​ទីផ្សារ​បរទេស​មុន​ពេល​បើក​​សម្រាប់​ទីផ្សារ​ក្នុង​ទីក្រុង​បាងកក។ ជា​លទ្ធផល​គម្រោង​ទាំង​នោះ​បាន​បំពេញ​​កូតា​បរទេស​របស់​ខ្លួន។


លោក Phattarachai បាន​ថ្លែង​ថា ជាង​​ពាក់​កណ្តាល​នៃ​គម្រោង​ខុនដូ​ថ្មី ដែល​បាន​ចាប់​ផ្តើម​សាងសង់​នៅ​ឆ្នាំ​មុន មាន​អត្រា​លក់​តិច​ជាង ៣០ ​ភាគរយ។ គម្រោង​មួយ​ចំនួន​មាន​អត្រា​លក់​​ទាប​រហូត​ដល់ ៥ ​ភាគរយ។

លោក​ថ្លែង​​ថា៖ «ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ចំនួន​ដែល​មាន​អត្រា​លក់​ទាប​សម្រាប់​ខុនដូ បាន​ផ្លាស់ប្តូរ​ទៅ​អភិវឌ្ឍន៍​ជា​សណ្ឋាគារ​ជំនួស​វិញ។ ក្រុមហ៊ុន​ខ្លះ​បាន​លុប​គម្រោង​ចោល បាន​ប្រគល់​លុយ​កក់​ជូន​អតិថិជន​វិញ និង​បាន​រក្សា​ដី​ទុក ឬ​លក់​ដី​ចេញ»។

លោក Phattarachai បាន​ថ្លែង​ថា គម្រោង​ខុនដូ​មួយ​ចំនួន​បាន​រចនា​យូនីត​​រួច​ហើយ​សម្រាប់​ជួល ដើម្បី​ទាក់ទាញ​អតិថិជន​ដែល​ចង់​​វិនិយោគ។ យូនីត​ទាំង​នេះ​មើល​ទៅ​ដូច​ជា​​បន្ទប់​សណ្ឋាគារ​មួយ​ដូច្នេះ​ដែរ មាន​ទំហំ​តូច​ជាង​ត្រឹមតែ ២៥ ម៉ែត្រ​​ការ៉េ​ប៉ុណ្ណោះ​ សម្រាប់​ស្ទូតយោ និង ៣០ ម៉ែត្រការ៉េ ​សម្រាប់​យូនីត​ដែល​មាន​បន្ទប់​ដេក​មួយ តែ​មិន​មាន​បន្ទប់​ទទួល​ភ្ញៀវ។

ក្រុមហ៊ុន Colliers បាន​ប៉ាន់​ប្រមាណ​ថា ការ​ផ្គត់ផ្គង់​ខុនដូ​ថ្មី​សរុប​ដែល​​​ចាប់​ផ្តើម​សាងសង់​នៅ​ក្នុង​ទីក្រុង​បាងកក​នៅ​ឆ្នាំ​នេះ នឹង​មាន​ចំនួន​ពី ៤០ ០០០ ទៅ ៤៣ ០០០ ​យូនីត ដែល​ធ្លាក់​ចុះ​ពី ៤៤ ៦៦២ ​យូនីត ដែល​មាន​តម្លៃ​សរុប​ ២១៩ ​ពាន់​លាន​បាត (៧,៣៦ ​ពាន់​លាន​ដុល្លារ) ​ក្នុង​ឆ្នាំ ​២០១៩។

ចំនួន​យូនីត​សរុប​នៅ​ឆ្នាំ​មុន​បាន​ធ្លាក់​​ចុះ ៣៣,៤ ​ភាគរយ ​ធៀប​នឹង​ចំនួន ៦៦ ០២១ យូនីត​ក្នុង​ឆ្នាំ ​២០១៨ ដែល​ជិត​ស្នើ​នឹង​កម្រិត​នៅ​ឆ្នាំ ​២០១៧ ដែល​មាន​ចំនួន ៤៤ ០៦៥ ​យូនីត៕ KC