ការ​ផ្គត់ផ្គង់​ខុនដូ​នៅ​ភ្នំពេញ ​នៅ​ឆមាស​ទី​១ កើន ១៧%

Content image - Phnom Penh Post
អគារ​ខ្ពស់ៗ​ដែល​សាងសង់​រួច និង​កំពុង​សាងសង់​នៅ​ក្រុង​ភ្នំពេញ​​។ ហេង ជីវ័ន

ភ្នំពេញៈ ជាមួយ​នឹង​គម្រោង​ចំនួន ​៨ ដែល​បាន​បញ្ចប់​ការ​សាងសង់​​​ក្នុង​ឆមាស​ទី​១ ឆ្នាំ ​២០១៩ នេះ​ ការ​ផ្គត់ផ្គង់​បន្ទប់​ខុនដូ​​នៅ​​រាជធានី​ភ្នំពេញ ​បាន​កើន​ឡើង​ប្រមាណ​ ១៧​ ភាគរយ បើ​ធៀប​ទៅ​នឹង​​ដំណាច់​​ឆ្នាំ ​២០១៨ និង​កើន​ឡើង ​៩៣​ ភាគរយ បើ​ធៀប​នឹង​ដំណាច់​​ឆ្នាំ ​២០១៧​។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia។

បើ​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ CBRE Cambodia ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ បាន​​បង្ហាញ​ថា ​ក្នុង​រយៈពេល​ ៦ ​ខែ​ដំបូង​ក្នុង​​​ឆ្នាំ ២០១៩ ​​ខុនដូ​ថ្មី​ចំនួន ១៣ ​គម្រោង​ដែល​ស្មើ​នឹង ២ ៤៨០​ យូនីត ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ទីផ្សារ​។ ការ​ដាក់​បញ្ចូល​​ថ្មី​នេះ​បាន​​ធ្វើ​ឲ្យ​ចំនួន​បន្ទប់​ខុនដូ​ក្នុង​រាជធានី​ភ្នំពេញ​ កើន​ពី​​ចំនួន ១៤ ១៧៧ យូនីត ​កាល​ពី​ចុង​ឆ្នាំ ​២០១៨ មក​ដល់​ ១៦ ៦៥៧​ យូនីត ​​នា​ចុង​ឆមាស​ទី​១ ឆ្នាំ ​២០១៩។​

របាយការណ៍​ដដែល​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ខុនដូ ១៦ ៦៥៧ ​យូនីត មាន​​​ ២៤ ​ភាគរយ ​ជា​ប្រភេទ​តម្លៃ​សមរម្យ ៥១​ ភាគរយ ​ជា​ប្រភេទ​មធ្យម និង​ ២៥ ​ភាគរយ ​ជា​​ប្រភេទ​ប្រណីត។​

ការ​ស្រាវជ្រាវ​​រក​ឃើញ​ថា បច្ចុប្បន្ន​ខុនដូ​តម្លៃ​សមរម្យ មាន​តម្លៃ​ជា​មធ្យម​ ១ ៥០០ ដុល្លារ​​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ ខុនដូ​ប្រភេទ​មធ្យម មាន​តម្លៃ ២ ៥០០ ​ដុល្លារ និង​ប្រភេទ​ប្រណីត ​មាន​តម្លៃ​ចាប់​ពី​ ៣ ២០០​ ដុល្លារ​​​ឡើង​ទៅ​។

ទាក់ទង​នឹង​ការ​ជួល​ខុនដូ​វិញ ​​តម្លៃ​ជួល​​​បាន​កើន​​តិចតួច ដោយ​ខុនដូ​ប្រភេទ​ប្រណីត​មាន​តម្លៃ​ជា​មធ្យម ១៤,៦ ​ដុល្លារ ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ​ សម្រាប់​​រយៈពេល ​១ ​ខែ​ ​កើន​ឡើង​ ២,៨ ​ភាគរយ ​បើ​ធៀប​នឹង​ចុង​ឆ្នាំ​ ២០១៨ និង​​ខុនដូ​តម្លៃ​មធ្យម​មាន​តម្លៃ​ ១២​ ដុល្លារ កើន​ ៤,៣ ​ភាគរយ។

ក្នុង​ឆមាស​​ទី​១ ឆ្នាំ ​២០១៩ នេះ ក៏​មាន​គម្រោង​ថ្មីៗ​ចំនួន​ ១៣ ដែល​ស្មើ​នឹង​ជាង​ ៥ ៨០០ ​យូនីត បាន​ប្រកាស​បើក​លក់​​​ផង​ដែរ​។

លោកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន CBRE Cambodia ថ្លែង​ថា ទីផ្សារ​ខុនដូ​​​ក្នុង​រាជធានី​ភ្នំពេញ​នៅ​តែ​បន្ត​​មាន​ភាព​ល្អ​ប្រសើរ​របស់​ខ្លួន​ ពិសេស​ខុនដូ​តម្លៃ​សមរម្យ។

លោកស្រី​​បន្ត​​ថា ដោយសារ​​ចរាចរណ៍​នៅ​ក្នុង​​ទីក្រុង​ភ្នំពេញ​កាន់​តែ​ចង្អៀត ស្រប​ពេល​ដែល​ផ្នត់​គំនិត​ប្រជាជន​​​ចំពោះ​ការ​រស់នៅ​ក្នុង​ខុន​ដូ​មាន​កាន់​​តែ​ច្រើន​នោះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​វិនិយោគ​ចាប់​ពី​ដើម​ឆ្នាំ ​២០១៩ មក​ ដែល​​ភាគ​ច្រើន​ជា​ប្រភេទ​ខុនដូ​តម្លៃ​សមរម្យ។​

លោកស្រី​ថ្លែង​ថា៖ «​និន្នាការ​របស់​អ្នក​វិនិយោគ​ខុនដូ​នៅ​ពេល​នេះ គឺ​ភាគ​ច្រើន​ចាប់​យក​អតិថិជន​ក្នុង​ស្រុក​ ខុស​ពី​ពេល​មុន​ដែល​ការ​វិនិយោគ​ខុនដូ​ភាគ​ច្រើន​ផ្តោត​តែ​ទៅ​លើ​អតិថិជន​​ជា​ជន​បរទេស»។​

បើ​តាម​លោកស្រី សុធីតា គម្រោង​ដែល​​មាន​បញ្ចប់​ក្នុង​ឆមាស​ទី​១ មាន​ដូច​ជា​​ Park​ ​Axis​ Residences​, Vista​ Condo​ និង​ Diamond​ Twin។​

របាយការណ៍​ខាង​លើ​ក៏​បាន​​ព្យាករ​ដែរ​​​ថា ​នៅ​ដំណាច់​ឆ្នាំ ​២០១៩ ចំនួន​បន្ទប់​ខុនដូ​ក្នុង​រាជធានី​ភ្នំពេញ ​នឹង​កើន​​ដល់​ ៣១ ១០០​ យូនីត ​បើ​​មិន​មាន​គម្រោង​ណា​ប្រកាស​ពន្យារពេល​សាងសង់​​។​ ប្រភេទ​ខុនដូ​តម្លៃ​សមរម្យ នឹង​មាន​ដំណើរកាន់​តែ​ល្អ​ ខណៈ​ដែល​​ខុនដូ​ដែល​​ស្ថិត​​នៅ​ឆ្ងាយ​ពី​​​​​​តំបន់​ប្រជុំជន​អាច​​​ប្រឈម​នឹង​បញ្ហា​ទីផ្សារ។​

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹក សុខនីម ឲ្យ​ដឹង​​ថា ទោះ​បី​បច្ចុប្បន្ន​​​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​មិន​សូវ​មាន​​សម្ទុះ​​ខ្លាំង ហើយ​​តម្លៃ​លក់​ និង​ជួល​​មិន​សូវ​មាន​ការ​ប្រែប្រួល​​ធៀប​នឹង​ឆ្នាំ​មុន​ក្តី ក៏​​ឱកាស​វិនិយោគ​នៅ​តែ​មាន​ ពិសេស​ខុនដូ​​ដែល​មាន​តម្លៃ​សមរម្យ។

លោក​បន្ត​​ថា កំណើន​​​សេដ្ឋកិច្ច និង​កំណើន​​ប្រាក់​ចំណូល​របស់​ប្រជាជន​​ខ្មែរ នឹង​ធ្វើ​ឲ្យ​វិស័យ​នេះ​បន្ត​លូតលាស់​ទៅ​មុខ​ទៀត​។ លោក​ថ្លែង​ថា៖​ «​ខុនដូ​តម្លៃ​សមរម្យ​នឹង​បន្ត​កើន​ឡើង​ច្រើន​នា​ពេល​ខាង​មុខ​»​៕​ LA