ក្រុងវ៉ាស៊ីនតោនៈ ការលក់​ផ្ទះ​ថ្មី​នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​នៅ​ខែ​កក្កដា ខណៈ​ដែល​តម្លៃ​ផ្ទះ​បាន​កើនឡើង ហើយ​ស្តុក​ផ្ទះ​ដែល​អាច​រកបាន បាន​កើនឡើង​បន្តិច​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​ដែល​បានចេញ​ផ្សាយ​កាលពី​ចុងខែ​សីហា​។

យោងតាម​ទិន្នន័យ​ជំរឿន​របស់​អាជ្ញាធរ​សហរដ្ឋអាមេរិក ការធ្លាក់ចុះ​ខ្លាំង​ក្នុង​ខែកក្កដា​ដែល​បាន​ធ្វើឲ្យ​ការលក់​មាន​កម្រិត​ទាប​ជាង​ការ​ព្យាករ​របស់​ក្រុមអ្នកវិភាគ​កើតមាន​ឡើង​មួយផ្នែក​ដោយសារ​ការកែ​តម្រូវ​ដំឡើង​ខ្លាំង​ចំពោះ​ការលក់​នៅ​ខែ​មិថុនា​។


ការលក់​ផ្ទះ​គ្រួសារ​ទោល​ថ្មី​សម្រាប់​ខែ​កក្កដា​មាន​អត្រា​ប្រចាំ​ឆ្នាំ ៦៣៥- ០០០ ​ខ្នង​ដែល​ធ្លាក់ចុះ ១២,៨ ​ភាគរយ​ធៀប​នឹង​តួលេខ​កាលពី​ខែ​មិថុនា​ដែល​ត្រូវបាន​កែតម្រូវ​ដំឡើង​ជាង ៨០- ០០០ ខ្នង​ពី​តួលេខ​ដើម ដល់​ចំនួន ៧២៨ ០០០ ខ្នង​។


ទោះជា​យ៉ាងណា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៨ វិញ ការលក់​នៅ​ខែ​កក្កដា​នេះ​បាន​កើនឡើង ៤,៣ ភាគរយ​។


របាយការណ៍​នេះ​បានចេញ​ផ្សាយ​បន្ទាប់ពី​មានការ​ចេញផ្សាយ​ទិន្នន័យ​ដែល​បានបង្ហាញ​ពី​ការកើនឡើង​ការលក់​ផ្ទះ​ដែល​មាន​ស្រាប់​សម្រាប់​ខែ​កក្កដា ដែល​កំណើន​នេះ​កើតមាន​ឡើង​មួយផ្នែក​ដោយសារ​ការធ្លាក់​ចុះ​អត្រា​ការប្រាក់​កម្ចី​ទិញ​ផ្ទះ​។


ទិន្នន័យ​បានបង្ហាញ​ថា តម្លៃ​ផ្ទះ​ជា​មធ្យម (median price) មាន​តម្លៃ ៣១២ ៨០០ ​ដុល្លារ​កើនឡើង ២,២ ភាគរយ​ធៀប​នឹង​ខែ​មិថុនា​។


ការប៉ាន់ប្រមាណ​ចំនួន​ផ្ទះ​ដែលមាន​នៅលើ​ទីផ្សារ​ដែល​ត្រូវបាន​កែតម្រូវ​តាម​រដូវកាល​មាន​ចំនួន ៣៣៧ ០០០ ខ្នង​ដែល​មានន័យថា ចំនួន​នេះ​នឹង​ត្រូវ​ចំណាយពេល​ជាង ៦ ​ខែ​ដើម្បី​លក់​ចេញ​អស់​ពី​ស្តុក ដែល​កើនឡើង​បន្តិច​ពី​កម្រិត​ដែល​មាន​កាលពី​ខែ​មិថុនា​។

លោក Lawrence Yun ប្រធាន​សេដ្ឋវិទូ​ប្រចាំ​សមាគម​ជាតិ​ក្រុមហ៊ុន​អចលនទ្រព្យ (NAR) បាន​ថ្លែង​ថា ទិន្នន័យ​នេះ​បង្ហាញ​ថា ការលក់​ផ្ទះ​ថ្មី​កំពុង​ចំណាយពេល ៣,៤ ខែ​ដើម្បី​លក់​ចេញ​បន្ទាប់ពី​សាងសង់​រួច​ដែល​ជា​កម្រិត «​លឿន​សម​ហេតុផល​» មួយ​ដែល​បង្ហាញថា តម្រូវការ​កំពុង​មាន​ខ្លាំង​ជាង​ការផ្គត់ផ្គង់​។

លោក Yun បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ទិន្នន័យ​ដែល​បង្ហាញ​ពី​ការធ្លាក់ចុះ​ការសាងសង់​ផ្ទះ​ថ្មី​។ លោក​ថ្លែងថា​៖ «​វិធី​មួយ​ដើម្បី​ជួយ​ឲ្យ​ការ​សាងសង់​ផ្ទះ​ថ្មី​នោះ គឺ​ត្រូវ​បន្ទាប​ការចំណាយ​លើ​ការសាងសង់​»​។ លោក​បាន​រំឭកថា ការចំណាយ​លើ​សម្ភារ​កាន់តែ​ថ្លៃ​កំពុង​ដាក់បន្ទុក​លើ​ក្រុមហ៊ុន​សាងសង់​ផ្ទះ​។

លោក Yun បាន​បន្ថែមថា​៖ «​ខណៈ​ដែល​ពន្ធគយ​កំពុង​បង្ក​ជ្រៀតចូល​ទៅក្នុង​ប្រព័ន្ធ​ចង្វាក់​ផ្គត់ផ្គង់​ទូលំទូលាយ និង​កំពុង​ធ្វើ​ឲ្យ​មាន​កំណើន​ថ្លៃ​សម្ភារ​សាងសង់ ក្រុមហ៊ុន​សាងសង់​ផ្ទះ​នឹង​ប្រឈម​បញ្ហា​ច្រើន​»៕ KC