ភ្នំពេញៈ ថ្នាក់ដឹកនាំ​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន និង​ដីឡូត៍​សុទ្ធតែ​បង្ហាញ​ពី​ឆន្ទៈ​ក្នុងការ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ផ្តល់​ភាពអនុគ្រោះ​ដល់​អតិថិជន​ដែល​ទិញ​អចលនទ្រព្យ​នា​អំឡុងពេល​ជំងឺ​កូវីដ​ ១៩ កំពុង​រីករាលដាល​នៅ​កម្ពុជា​។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​ ៩ ខែ ​មីនា ឆ្នាំ​ ២០២០ នៅក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​ផ្លូវជាតិ​លេខ​ ៥៥ និង​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ ១០ បានស្នើ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ទាំងអស់​ជួយ​សម្រួល និង​ពន្យារពេល​ក្នុងការ​បង់ប្រាក់​សម្រាប់​អតិថិជន​តាម​លទ្ធភាព​ដែល​អាចធ្វើ​បាន​នា​អំឡុងពេល​កម្ពុជា​កំពុងមាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។


លោក​ថ្លែងថា​៖ «​សុំ​ឲ្យ​ម្ចាស់បុរី ឬ​ម្ចាស់ផ្ទះ​ដែល​លក់​ផ្ទះ​បង់​រំលស់​ឲ្យ​កម្មករ និង​អ្នក​ដែលមាន​ការងារ​ក្រុម​ធ្វើ​នៅតាម​សណ្ឋាគារ​នានា ឬ​តាម​រោងចក្រ​នានា​ដែល​ត្រូវ​ព្យួរការងារ​នេះ ពន្យារ​ការបង់​កុំ​ផ្ដាច់​កុងត្រា​ក្នុង​រយៈពេល​ហ្នឹង ព្រោះ​បើតាម​ដឹង​កុងត្រា​សម្រាប់​បង់​រំលស់​នេះ កាលណា​មិន​បង់​ឲ្យ​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​គឺ​គេ​ផ្ដាច់​កុងត្រា​តែម្ដង ហើយ​ដេញ​យើង​ចុះ​ពី​ផ្ទះ​អ៊ីចឹង​ទេ​សុំ​ឲ្យ​មាន​ការយោគយល់​លើ​បញ្ហា​នេះ​»​។


លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ដែលជា​សមាជិកសមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​សុទ្ធតែ​បាន​ចូលរួម​អនុវត្ត​វិធានការ​នេះ ព្រោះ​វិធានការ​នេះ​បាននិង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​រក្សា​លំនឹង​ទីផ្សារ​លំនៅឋាន​នៅ​កម្ពុជា​នា​ដំណាក់កាល​ជំងឺ​កូវីដ​ ១៩​។


លោក​បាន​បន្តថា ដើម្បី​ចូលរួម​រក្សា​លំនឹង​ទីផ្សារ​កាលពី​ថ្ងៃទី​ ១០ ខែមីនា សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​សំខាន់ៗ​មួយចំនួន​ដូចជា ការលើកទឹកចិត្ត​តាមរយៈ​ការបញ្ចុះ​តម្លៃ​រហូតដល់ ៧ ​ភាគរយ ការលើកទឹកចិត្ត​តាមរយៈ​ការបង់ប្រាក់​ផ្តាច់​ជាមួយ​ក្រុមហ៊ុន និង​ការផ្តល់​ភាពទន់ភ្លន់​អំពី​លក្ខខណ្ឌ​នៃ​ការបង់ប្រាក់​នៅក្នុង​រយៈ​ពេល​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។


លោក​បាន​បញ្ជាក់ថា​៖ «​ទាំងនេះ​គឺ​សុទ្ធតែ​ជា​វិធានការ​បឋម​ប៉ុណ្ណោះ បើ​រដ្ឋាភិបាល​មាន​វិធានការ​អ្វី​បន្ថែមទៀត សមាគម​នឹង​ពិនិត្យ​បន្ថែម​ដើម្បី​ជួយ​ដល់​វិស័យ​លំនៅឋាន​នៅ​កម្ពុជា​។ សមាជិក​សមាគម​នឹងធ្វើ​ការរួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​លំនៅឋាន​មាន​ភាពល្អប្រសើរ និង​មាន​និរន្តរភាព​»​។


លោក អៀង សុធារ៉ា សហ​ស្ថាបនិក​ក្រុមហ៊ុន Arakawa Co., Ltd ដែល​កំពុង​អភិវឌ្ឍ​ខុនដូ​តម្លៃ​សមរម្យ Arakawa Residence ក្នុង​ក្រុងភ្នំពេញ​បាន​ប្រាប់ថា ដោយសារ​គម្រោង​របស់​លោក​ជា​គម្រោង​ដែលមាន​តម្លៃ​សមរម្យ ដូច្នេះ​ការលក់​មិន​មាន​អ្វី​ប្រែប្រួល​ច្រើន​ទេ​។ លោក​បន្តថា ការដាក់ចេញ​នូវ​វិធានការ​របស់​រដ្ឋាភិបាល​គឺ​ពិតជា​មានតម្លៃ​ណាស់​ក្នុង​ការរក្សា​លំនឹង​ទីផ្សារ​អចលនទ្រព្យ ព្រោះ​បើ​វិស័យនេះ​មាន​បញ្ហា វា​នឹង​ជះឥទ្ធិពល​ទៅដល់​គ្រប់​វិស័យ​។

ខណៈ​បដិសេធថា លោក​មិនទាន់​ទទួលបាន​សំណើ​ណាមួយ​ពី​អតិថិជន លោក សុធារ៉ា បាន​និយាយថា៖ «​ក្រុមហ៊ុន​នឹង​ពិចារណា​បើសិន​មាន​ការលើកឡើង​របស់​អតិថិជន​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​មានជំនឿថា អតិថិជន​នៅក្នុង​គម្រោង Arakawa Residence នឹង​មិនមាន​បញ្ហា​នេះឡើយ​»​។

លោក ជឹម សុជា ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ពុះដីឡូត៍ UTrust Investment Co., Ltd ដែលមាន​ដី​ពុះឡូត៍​លក់​ជិត ៨០ ​ហិកតា​ នៅ​ខាងក្រោយ​ផ្សារ​បាត់ដឹង​ក្នុង​ស្រុក​ឧដុង្គ ក្នុង​ខេត្តកំពង់ស្ពឺ​បាន​និយាយថា ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ បានធ្វើ​ឲ្យ​ការលក់​របស់​ក្រុមហ៊ុន​ធ្លាក់ចុះ​បន្តិចបន្តួច ប៉ុន្តែ​លោក​សង្កេតឃើញ​ថា ការបង់ប្រាក់​របស់​អតិថិជន​មាន​ភាពយឺតយ៉ាវ​ជាង​មុន​។ លោក​បន្តថា មាន​អតិថិជន​មួយចំនួន​បាន​លើកយក​បញ្ហា​កង្វះ​ថវិកា​បង់​ប្រចាំខែ​ឲ្យ​ក្រុមហ៊ុន​មក​ឲ្យ​ក្រុមហ៊ុន​ជួយ​ដោះស្រាយ​។

លោក​ថ្លែងថា​៖ «​ទោះបី​នៅក្នុង​កិច្ចសន្យា​ទិញ​លក់ ក្រុមហ៊ុន​បាន​សរសេរ​យ៉ាងច្បាស់​ពី​លក្ខខណ្ឌ​បង់ប្រាក់​ក៏ដោយ ក៏​ពេល​ថ្មីៗ​នេះ​មាន​អតិថិជន​មួយចំនួន​តូច​បាន​មកជួប​ក្រុមហ៊ុន​ឲ្យ​ជួយ​ដោះស្រាយ​ផងដែរ ដោយ​លើក​ហេតុផល​ថា ពួកគាត់​មិនមាន​ប្រាក់ចំណូល​គ្រប់គ្រាន់​សម្រាប់​បង់​ឲ្យ​ក្រុមហ៊ុន​ដូចពេល​មុន​ទេ​»​។

ការធ្លាក់​ប្រាក់ចំណូល​នា​អំឡុង​ពេលនេះ​ត្រូវបាន​អតិថិជន​លើកឡើងថា បណ្តាល​មកពី​កត្តា​មួយចំនួន​ដូចជា ការបាត់បង់​ការងារ ការធ្លាក់​ចុះ​ផលរបរ ភាពរអាក់រអួល​នៃ​ការផ្ញើ​ប្រាក់​ពី​ក្រុមគ្រួសារ​ដែល​ទៅ​ធ្វើការ​នៅ​បរទេស និង​ការ​ចង់ទុក​ខ្លះ​ប្រាក់​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​នាពេល​ខាង​មុខ​។ នេះ​បើតាម​លោក សុជា​។

ដើម្បី​ចូលរួម​ជួយ​ដល់​ទីផ្សារ​អចលនទ្រព្យ​ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ រដ្ឋាភិបាល​កម្ពុជា​កាលពី​ចុងខែ​កុម្ភៈ​កន្លងមក​ក៏​បាន​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់​មួយ​ផងដែរ តាមរយៈ​ការមិន​យកពន្ធ​ប្រថាប់ត្រា​ពី​ការទិញ​លក់​ផ្ទះ​ដែលមាន​តម្លៃ​ក្រោម​ ៧ ​ម៉ឺន​ដុល្លារ​នៅក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​៕ LA