ក្រុងអូតាវ៉ាៈ ក្រុមហ៊ុនផ្តល់សេវាស្នាក់នៅអនឡាញ Airbnb បានប្រកាសកាលពីសប្តាហ៍មុនថា អតិថិជនអាយុក្រោម ២៥ ឆ្នាំ នឹងមិនអាចជួលអចលនទ្រព្យទាំងមូលនៅលើគេហទំព័រ Airbnb ក្នុងប្រទេស កាណាដា បានទៀតទេ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីមានករណីបាញ់សម្លាប់មនុស្សនៅអាផាតមិនមួយក្នុងទីក្រុងតូរ៉ុងតូដែលផ្ទះនោះត្រូវបានកក់ទុកតាមរយៈគេហទំព័រនេះ។
ការរឹតបន្តឹងនេះនឹងអនុវត្តចំពោះតែផ្ទះដែលអ្នកប្រើប្រាស់វ័យក្មេងរបស់គេហទំព័រ Airbnb មានបំណងជួលនៅក្នុងសហគមន៍ដែលពួកគេរស់នៅរួចហើយប៉ុណ្ណោះ។
ភ្ញៀវមានអាយុក្រោម ២៥ ឆ្នាំនឹងនៅតែអាចកក់ទុកបន្ទប់ឯកជនមួយនៅក្នុងលំនៅឋានរបស់ម្ចាស់ផ្ទះ និងអាចត្រូវបានលើកលែងពីការហាមឃាត់នេះ ប្រសិនបើពួកគេទទួលបានការវាយតម្លៃវិជ្ជមានក្នុងរយៈពេលយ៉ាងហោចណាស់ ៣ លើកថ្មីៗ។
លោក Chris Lehane អនុប្រធានក្រុមហ៊ុន Airbnb បានប្រាប់សន្និសីទព័ត៌មានមួយថា គោលបំណងនេះនឹងទប់ស្កាត់ការប្រើប្រាស់ដោយមិនមានការអនុញ្ញាតនៃអចលនទ្រព្យរបស់គេហទំព័រ Airbnb ដែលរួមមានទាំងសម្រាប់ «ភាគីដែលមិនមានការអនុញ្ញាត» ផងដែរ។
លោកថ្លែងថា៖ «យើងដឹងពីការស្រាវជ្រាវរបស់យើងថា ៩៩,៩ ភាគរយ នៃអតិថិជននៅលើគេហទំព័រ Airbnb ជាមនុស្សល្អ និងចាត់ទុកផ្ទះទាំងនេះដូចជាផ្ទះផ្ទាល់របស់ពួកគេ»។
លោកបន្តថា៖ «យើងមានអត្រាឧប្បត្តិហេតុ ០,៣ ភាគរយ នៅក្នុងគេហទំព័ររបស់យើង នៅពេលនិយាយអំពីបញ្ហាដែលជាប់ទាក់ទងនឹងការខូចខាតអចលនទ្រព្យ និងអត្រាឧប្បត្តិហេតុ ០,៦ ភាគរយ នៅពេលវាជាប់ទាក់ទងនឹងបញ្ហាសន្ដិសុខផ្ទាល់ខ្លួន។
លោកថ្លែងថា៖ «តួលេខទាំងនោះមានកាន់តែខ្ពស់នៅពេលអ្នកសម្លឹងមើលក្នុងការកក់ទុកដែលបានធ្វើឡើងដោយអតិថិជនអាយុក្រោម ២៥ ឆ្នាំ ក្នុងសហគមន៍ដែលពួកគេរស់នៅ»។
លោកបញ្ជាក់ថា បើវាទទួលបានជោគជ័យគម្រោងសាកល្បងកាត់បន្ថយអំពើហិង្សា និងការធ្វើឲ្យខូចចំពោះទ្រព្យសម្បត្តិនេះអាចត្រូវបានអនុវត្តនៅក្នុងយុត្តាធិការផ្សេងទៀត។
វិធានការនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបុរស ៣ នាក់ ដែលមានអាយុពី ១៩ ឆ្នាំ ២០ ឆ្នាំ និង ២១ ឆ្នាំ ត្រូវបានបាញ់សម្លាប់ក្នុងអាផាតមិនមួយក្នុងទីក្រុង Toronto។ មនុស្ស ២ នាក់ផ្សេងទៀតរងរបួស។
កាលពីថ្ងៃទី ៨ ខែមករា មនុស្សអាយុ ១៨ ឆ្នាំ ម្នាក់ក៏ត្រូវបានសម្លាប់នៅក្នុងផ្ទះជួលដោយក្រុមហ៊ុន Airbnb នៅទីក្រុងអូតាវ៉ាផងដែរ។
កាលពីខែតុលាមុន ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅក្នុងពិធីជប់លៀងក្នុងផ្ទះមួយនៅទីក្រុង Orinda រដ្ឋកាលីហ្វ័រនីញ៉ាដែលជាការជួលដោយក្រុមហ៊ុន Airbnb។ បុរស ៤ នាក់ និងស្ដ្រីម្នាក់ត្រូវបានសម្លាប់។
លោក Lehane ក៏បានប្រកាសខ្សែទូរស័ព្ទទាន់ហេតុការណ៍ ២៤ ម៉ោងផងដែរសម្រាប់អ្នកជិតខាងដែលសង្ស័យថា មានអាកប្បកិរិយាមិនល្អនៅក្នុងអចលនទ្រព្យរបស់ក្រុមហ៊ុន Airbnb ព្រមទាំងធ្វើជាដៃគូជាមួយក្រុមវេជ្ជបណ្ឌិតរបស់ប្រទេសកាណាដាដែលបញ្ចុះបញ្ចូលឲ្យមានច្បាប់ត្រួតពិនិត្យកាំភ្លើងកាន់តែតឹងរ៉ឹង។
ក្រុមហ៊ុន Airbnb ឲ្យដឹងថាមនុស្ស ២ លាននាក់ស្នាក់នៅក្នុងផ្ទះដែលចុះបញ្ជីជាមួយក្រុមហ៊ុនរបស់ខ្លួននៅក្នុងទីក្រុង ១០០ ០០០ ជារៀងរាល់យប់៕ LA