ភ្នំពេញៈ ទឹកដី​នៃ​ខណ្ឌ​ដង្កោ​កំពុង​ក្លាយ​ជា​ទីតាំង​ទាក់ទាញ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ជាមួយ​នឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាង​ ២០ ​បាន​ចាប់​យក​តំបន់​នេះ​ក្នុងការ​វិនិយោគ​សាងសង់​ផ្ទះ និង​ដី​ពុះឡូត៍​លក់​ដែល​ធ្វើ​ឡើង​សម្រាប់​ប្រជាជន​ថ្នាក់កណ្តាល​។

លោក យ៉ែន សុខលីន ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី VIP ដែល​បាន​វិនិយោគ​លើ​ការសាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​លើ​ផ្ទៃដី​ទំហំ​ ២០ ​ហិកតា​ក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ កាលពីពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ខណ្ឌដង្កោ​កំពុង​មាន​ការរីកចម្រើន​ខ្លាំង ដោយ​ពេល​នេះ​មាន​ក្រុមហ៊ុន​ពី​ ២០ ​ទៅ​ ៣០ ​កំពុង​សាងសង់​លំនៅឋាន​លក់ និង​ពុះ​ដីឡូត៍​នៅ​តំបន់​នេះ​។


លោក​អះអាង​ថា​៖ «​ខ្ញុំ​គិត​ថា​ទឹកដី​ខណ្ឌដង្កោ​នឹង​មាន​ការរីកចម្រើន​ខ្លាំង​ពេល​អនាគត​ដោយសារ​មាន​សណ្ឋាន​ដី​ល្អ និង​មាន​លក្ខខណ្ឌ​សមស្រប​សម្រាប់​ជា​តំបន់​លំនៅឋាន​»​។


ជាមួយ​នឹង​ការពង្រីក​ការវិនិយោគ​ជា​បន្តបន្ទាប់​លោក យ៉ែន សុខលីន បាន​ឲ្យ​ដឹងថា​រហូត​មក​ទល់​ពេល​នេះ​បើសិន​គិតពី​គម្រោង​ទី​ ១ ដល់​គម្រោង​ទី​ ៣ ក្រុមហ៊ុន​បាន​លក់​អស់​ហើយ​។ សព្វថ្ងៃ​ក្រុមហ៊ុន​កំពុង​ចាប់ផ្តើម​គម្រោង​ទី​ ៤ ខណៈ​ការលក់​នៅពេល​នេះ​សម្រេច​បាន​ប្រមាណ​ ២០ ​ភាគរយ​។ លោក​បន្តថា​រហូត​មក​ទល់​ពេល​នេះ​ផ្ទះ​ជាង​ ១០០០ ​ល្វែង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​។


លោក​ថ្លែង​ថា​៖ «​មូលហេតុ​ដែល​យើង​សាងសង់​ផ្ទះ​ផ្តោត​លើ​ប្រជាជន​មាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​ព្រោះ​ប្រជាជន​ក្នុង​ក្រុម​នេះ​មាន​ចំនួន​ច្រើន​ជាង​គេ​»​។


លំនៅឋាន​ដែល​ក្រុមហ៊ុន​នេះ​សាងសង់​លក់​មាន​តម្លៃ​ចន្លោះ​ពី​ ៣០ ០០០-៥០ ០០០ ​ដុល្លារ​ក្នុង​ ១ ​ល្វែង​។


លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Vtrust Appraisal បាន​និយាយ​ថា​ខណ្ឌដង្កោ​ពិតជា​មាន​សកម្មភាព​សាងសង់​លំនៅឋាន​ច្រើន​ពិសេស​ពី​សំណាក់​វិនិយោគិន​ក្នុង​ស្រុក​។ លោក​បាន​ថ្លែង​ថា​៖ «​ផ្ទះ​តម្លៃ​ចន្លោះ​ពី​ ៣-៥ ​ម៉ឺន​ដុល្លារ​ជា​ផ្ទះ​ធម្មតា​មិនមែន​ជា​លំនៅឋាន​ប្រណីត​ទេ​តែ​ផ្ទះ​ប្រភេទ​នេះ​អាច​អនុញ្ញាត​ឲ្យ​ប្រជាជន​មាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​មាន​លទ្ធភាព​ទិញ​បាន​»​។

ទោះ​យ៉ាង​នេះ​ក្តី​លោក សីហា លើក​ឡើង​ថា​តំបន់​នេះ​នៅ​មិន​ទាន់​ស័ក្តិសម​វិនិយោគ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំៗ​នោះ​ទេ ដែល​វា​ត្រូវការ​ពេលវេលា​ ៥-១០ ឆ្នាំ​ទៀត​។

លោក ង៉ែត ពិសិដ្ឋ ជំនួយការ​អគ្គនាយក​បុរី​ពិភពថ្មី​ដែល​កំពុង​អភិវឌ្ឍ​លំនៅឋាន​ឈាន​មុខ​គេ​ក្នុង​ខណ្ឌ​ដង្កោ​បាន​និយាយ​ថា​ការអភិវឌ្ឍ​ក្នុង​ខណ្ឌដង្កោ​ពិតជា​មាន​ការ​កើនឡើង​ច្រើន ពិសេស​តម្លៃ​ដី​បាន​កើនឡើង​យ៉ាង​លឿន​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​។ លោក​ប្រាប់​ថា​៖ «​ការសាងសង់​លំនៅឋាន​តម្លៃ​សមរម្យ​កំពុង​មាន​ទីផ្សារ​ល្អ​នៅ​ក្នុង​ខណ្ឌដង្កោ​»​។

អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក មាស ម៉េតភក្តី ​បាន​ថ្លែង​ថា កាលពី​ពេល​ថ្មីៗ​នេះ​សាលា​ក្រុង​ប៉ារីស​បាន​សហការ​ជាមួយ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដើម្បី​សិក្សា​តំបន់​នៅ​ភាគ​ខាង​ត្បូង​ភ្នំពេញ​ក្នុង​គោលបំណង​ប្រមើល​មើល​ពី​ការរៀបចំ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ អាង​ចម្រោះ​ទឹក​កខ្វក់ តំបន់​បៃតង និង​ចំនួន​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទី​នោះ​។

លោក​លើក​ឡើង​ថា​៖ «​ការសិក្សា​នេះ​គឺ​ដើម្បី​រៀបចំ​ផែនការ​ទុក​ជា​មុន​លើ​ការសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា ត្រៀម​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​កំណើន​មនុស្ស និង​ធ្វើ​យ៉ាង​ណា​ឲ្យ​ការអភិវឌ្ឍ​មាន​និរន្តរភាព​»៕LA