ភ្នំពេញៈ បន្ទប់ខុនដូថ្មីចំនួន ៨២៨ យូនីត ត្រូវបានដាក់ចូលក្នុងទីផ្សារនៅត្រីមាសទី ៣ ឆ្នាំ ២០២០ ដែលធ្វើឱ្យចំនួនបន្ទប់ខុនដូសរុបក្នុងរាជធានីភ្នំពេញកើនឡើងដល់ជាង ២១ ០០០ យូនីត។ នេះបើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia នាពេលថ្មីៗនេះ។
របាយការណ៍បង្ហាញថា នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២០ មានគម្រោងអភិវឌ្ឍន៍ខុនដូ Urban Village Phase 1 មួយគត់ស្មើនឹង ៨២៨ យូនីត ដែលជាប្រភេទខុនដូមធ្យម (Mid-Range) ត្រូវបានដាក់ចូលទីផ្សារក្នុងរាជធានីភ្នំពេញ ធ្វើឱ្យចំនួនបន្ទប់ខុនដូសរុបកើនដល់ ២១ ៦៧៩ យូនីត ឬស្មើនឹងកំណើន ៣,៩៧ ភាគរយ បើធៀបនឹងត្រីមាសទី ២ ឆ្នាំ ២០២០។
គិតនៅត្រឹមចុងត្រីមាសទី ៣ ខុដូក្នុងរាជធានីភ្នំពេញមានប្រភេទប្រណីត (High-End) ២៧ ភាគរយ ប្រភេទមធ្យម (Mid-Range) ២៨ ភាគរយ និងប្រភេទតម្លៃសមរម្យ (Affortable) ៤៥ ភាគរយ។
ការស្រាវជ្រាវបានរកឃើញទៀតថា ចំពោះតម្លៃលក់ខុនដូទាំង ៣ ប្រភេទបើធៀបទៅនឹងត្រីមាសទី ២ គឺមានការធ្លាក់ចុះជាមធ្យមក្នុងរង្វង់ពី ១-១,៤ ភាគរយ ខណៈកាលពីត្រីមាសទី ២ តម្លៃបានធ្លាក់ចុះចន្លោះពី ០,៦៥-៤,៦១ ភាគរយធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០។
សម្រាប់តម្លៃជួល គឺធ្លាក់ចុះចន្លោះពី ០-២,៨៨ ភាគរយ ខណៈកាលពីត្រីមាសទី ២ ការធ្លាក់មានចន្លោះពី ០-៧,២៥ ភាគរយ។
អ្នកស្រី អាន សុធីតា នាយិកាគ្រប់គ្រងនៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃពុធថា ទោះបីសេដ្ឋកិច្ចកម្ពុជានៅបន្តរងផលប៉ះពាល់ពីឥទ្ធិពលនៃជំងឺកូវីត ១៩ ប៉ុន្តែស្ថានភាពទីផ្សារខុនដូក្នុងរាជធានីភ្នំពេញកាលពីត្រីមាសទី ៣ បានចាប់ផ្តើមមានដំណើរការល្អឡើងវិញខ្លះៗហើយ។ ជាក់ស្តែងមានគម្រោងថ្មី ១ បានបើកដំណើរការ និង ៣ ទៀតប្រកាសសាងសង់។
អ្នកស្រីបន្តថា សម្រាប់ដំណើរការលក់ខុនដូ គឺមិនមានអ្វីជាក្តីបារម្ភពីសំណាក់អ្នកអភិវឌ្ឍន៍ឡើយ ដោយពួកគាត់នៅតែមានទំនុកចិត្តក្នុងការបើកដំណើរការលក់ក្នុងអំឡុងពេលជំងឺកូវីដ១៩ នេះដដែល គ្រាន់តែការលក់នៅពេលនេះ គឺមានភាពប្រកួតប្រជែងខ្លាំងជាងមុន ដែលតម្រូវឱ្យអ្នកអភិវឌ្ឍន៍ត្រូវផ្លាស់ប្តូរយុទ្ធសាស្ត្រមួយចំនួនពិសេសវិធីសាស្ត្របង់ប្រាក់។
អ្នកស្រីថ្លែងថា៖ «ទីផ្សារដែលស្ងប់ស្ងាត់មួយរយៈបានចាប់ផ្តើមដំណើរការឡើងវិញ តែបើនិយាយថា វានឹងមានសម្ទុះខ្លាំងនៅពេលណានោះគឺគេត្រូវរង់ចាំរហូតដល់មានការបើកដំណើរការផ្លូវហោះហើរច្រើនឡើងវិញជាមុនសិន»។
សម្រាប់ការធ្លាក់ចុះតម្លៃជួលត្រូវបានអ្នកស្រី សុធីតា បានបញ្ជាក់ថា គឺដោយសារតែអត្រាទំនេរ (មិនមានអ្នកស្នាក់នៅ) មានកម្រិតខ្ពស់ បើធៀបទៅនឹងមុនពេលមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩។
ទោះយ៉ាងណាអ្នកស្រីបានចាប់អារម្មណ៍ថា ក្នុងត្រីមាសទី ៣ កន្លងមកគឺមិនមានការបើកលក់គម្រោងខុនដូប្រភេទប្រណីតនោះទេ។
ការស្រាវជ្រាវរបស់ CBRE Cambodia ក៏បានរកឃើញដែរថា កាលពីត្រីមាសទី ៣ គឺមិនមានគម្រោងអភិវឌ្ឍន៍ថ្មីណាមួយបានប្រកាសពីការចាប់ផ្តើមរបស់ខ្លួនឡើយ ដោយមានគម្រោងចំនួន ៣ ប៉ុណ្ណោះ ដែលបានប្រកាសពីការពង្រីកការវិនិយោគរបស់ខ្លួនមានដូចជា Urban Village Phase 2,Arakawa Residences (Phase 2) និង Yuetai Harbour Bay (4D Tower) ដែលគម្រោងទាំង ៣ នេះមានបន្ទប់ស្នាក់នៅសរុបរួមគ្នាជាង ២ ០០០ យូនីត៕ LA