ក្រុង​សេអ៊ូល៖ តម្លៃ​លំនៅឋាន​ក្នុង​ប្រទេស ​កូរ៉េ​ខាង​ត្បូង ​​ត្រូវ​បាន​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​កើន​ឡើង​​ ទោះបី​ជា​​បទប្បញ្ញត្តិ​កាន់​តែ​តឹងរ៉ឹង​ ដែល​ដាក់​​អនុវត្ត​​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​ក្តី។ នេះ​បើ​យោង​តាម​​​​ក្រុម​អ្នក​វិភាគ​ក្នុង​ទីផ្សារ​កាល​ពី​ពាក់​កណ្តាល​ខែ​មុន​​​។​​

ក្នុង​ការ​ផ្លាស់ប្តូរ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​​មួយ​នៅ​ពេល​ថ្មីៗ​រដ្ឋាភិបាល​​ កូរ៉េ​បាន​បង្ហាញ​​វិធានការ​ថ្មីៗ ដើម្បី​ទប់ស្កាត់​​​ការ​កើន​ឡើង​តម្លៃ​​លំនៅឋាន​​ដែល​ជំរុញ​​ឲ្យ មាន​វិធាន​​​កម្ចី​ទិញ​ផ្ទះ​កាន់​តែ​តឹងរ៉ឹង​។​​


របាយការណ៍​ដែល​បាន​ចេញ​​​ផ្សាយ​ដោយ​​​ក្រុមហ៊ុន​​ឈ្មួញ​ជើងសារ​កូរ៉េ Mirae Asset Daewoo បាន​ព្រមាន​ក្រុម​វិនិយោគិន​ក្នុង​ស្រុក​​ថា ប្រសិន​បើ​​វិធានការ​ថ្មីៗ​​នេះ​បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​​ការ​កើន​ឡើង​តម្លៃ​លំនៅឋាន​ នោះ​នឹង​​​មាន​វិធានការ​កាន់​តែ​តឹងរ៉ឹង​ជាច្រើន​ទៀត​ដែល​​ទំនង​ជា​នឹង​​ត្រូវ​អនុម័ត​​នៅ​ឆ្នាំ​នេះ។​​​


ក្រុមហ៊ុន​នេះ​បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រុម​វិនិយោគិន​អចលនទ្រព្យ​ដែល​មាន​សក្ដានុពល​ ឲ្យ​​ងាក​ទៅ​មើល​​ផលិតផល​​​ដែល​ជាប់​ទាក់ទង​ផ្សេង​ទៀត​​ ដែល​រួម​ទាំង​មូលនិធិ​វិនិយោគ​​ត្រាស់ (REIT) ឬ​ទីផ្សារ​អចលនទ្រព្យ​បរទេស​។​


REIT​ ដែល​​​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដល់​​ប្រាក់​ចំណូល​ទៀង​ទាត់ និង​ប្រាក់​ចំណេញ​ប្រកប​ដោយ​ស្ថិរភាព​​ដល់​ក្រុម​វិនិយោគិន​​ កំពុង​មាន​ភាព​ពេញ​​និយម​នៅ​ក្នុង​ប្រទេស កូរ៉េ​។​​


លោក​ Lee Kwang-soo អ្នក​វិភាគ​ជាន់​ខ្ពស់​​នៅ​ក្រុមហ៊ុន Mirae Asset Daewoo ​បាន​​​ឲ្យ​ដឹង​នៅ​ក្នុង​​របាយការណ៍​នេះ​ថា​៖ «​​រដ្ឋាភិបាល​​ទំនង​ជា​នឹង​​​ប្រកាស​​វិធានការ​​តឹងរ៉ឹង​បន្ថែម​ទៀត​​ ប្រសិន​បើ​​ទីផ្សារ​នេះ​បន្ត​​​ប្រែប្រួល​ខ្លាំង​»។


លោក​បន្ថែម​ថា​៖ «​ទាក់ទង​នឹង​​ការ​គ្រប់គ្រង​ទ្រព្យ​សកម្ម វា​នឹង​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​​​ផលបត្រ​​វិនិយោគ​​របស់​នរណា​ម្នាក់​តាម​រយៈ​ការ​វិនិយោគ​​​លើ REIT​ និង​ផលិតផល​​ពិភព​លោក​ផ្សេង​ទៀត​​ ដោយ​​មួយ​នឹង​សន្ទនីយភាព​ប្រកប​ដោយ​​ស្ថិរភាព ធៀប​នឹង​ជាមួយ​នឹង​ទីផ្សារ​​អចលនទ្រព្យ​​ក្នុង​ស្រុក​​»។​

លោក Lee បាន​កត់​សម្គាល់​​ថា វិធានការ​ចុង​ក្រោយ​បំផុត ​គឺ​ជា «​​វិធានការ​​ដ៏​ខ្លាំង​បំផុត និង​អចលនទ្រព្យ​​ជាក់​លាក់​បំផុត​ ដែល​ប្រកាស​ដោយ​​ដោយ​រដ្ឋបាល​​លោក​ Moon Jae-in»។​​

ក្នុង​ការ​ស្ទង់មតិ​ដាច់​ដោយ​​ឡែក​មួយ​របស់​​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល ពលរដ្ឋ​ជាង ​៦០ ​ភាគរយ ​ជឿជាក់​ថា តម្លៃ​លំនៅឋាន​នឹង​កើន​ឡើង​ក្នុង​ឆ្នាំ ​២០២០​ ខណៈ​ដែល​​​​ប្រហែល​ ១០ ​ភាគរយ ​បាន​ឲ្យ​ដឹង​ថា វា​នឹង​ធ្លាក់​ចុះ​។ ការ​ស្ទង់មតិ​​នេះ​បាន​ចូលរួម​ដោយ​ពលរដ្ឋ​នៅ​ទីក្រុង​សេអ៊ូល ​១ ៣០០ ​​នាក់​ មាន​អាយុ​​លើស​ពី ១៩ ​ឆ្នាំ​។​​

អ្នក​ឆ្លើយ​តប ១២,៧ ​ភាគរយ បាន​ឲ្យ​ដឹង​ថា តម្លៃ​លំនៅឋាន​​​នឹង​ «​កើន​ឡើង​ខ្ពស់​​​»​ ​ខណៈ​ ​​៤៨,​៤ ​ភាគរយ ​បាន​​​ឲ្យ​ដឹង​ថា វា​នឹង​​កើន​ឡើង​បន្តិច​បន្តួច​។ អ្នក​ឆ្លើយ​តប​​ប្រហែល​​ ១៩,៩ ​​ភាគរយ​បាន​​ឲ្យ​ដឹង​ថា តម្លៃ​នឹង​ថេរ ខណៈ​​ ៨,២​ ភាគរយ ​បាន​ឲ្យ​ដឹង​ថា ​តម្លៃ​នឹង​ «​ធ្លាក់ចុះ​បន្តិច​បន្តួច និង​​ ១,៣ ​ភាគរយ ​​បាន​​ប្រាប់​ថា ​តម្លៃ​នឹង​​​​ «​​ធ្លាក់​ចុះ​ខ្លាំង​»។

ទាក់ទង​នឹង​ការ​បង្កើន​ពន្ធ​អចលទ្រព្យ​​​លើ​ម្ចាស់​​​ដែល​មាន​លំនៅឋាន​ច្រើន អ្នក​ឆ្លើយ​​តប ៧១,​​៧ ​ភាគរយ ​បាន​​ឲ្យ​ដឹង​ថា ​ពួក​គេ​បាន​គាំទ្រ​​វិធានការ​នេះ។ ផ្ទុយ​ទៅ​វិញ​អ្នក​ឆ្លើយ​តប ២៦,២ ​ភាគរយ ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​​បាន​ជំទាស់​យ៉ាង​ខ្លាំង​​ ឬ​បាន​​មាន​ទំនោរ​ទៅ​រក​​ការ​មិន​ឯកភាព។​​

ទាក់ទង​​នឹង​​ប្រសិទ្ធភាព​នៃ​វិធានការ​​អចលនទ្រព្យ​​ពី​មុន ដែល​បាន​ប្រកាស​​កាល​ពី​ថ្ងៃទី ​១៣ ខែ​កញ្ញា​ ឆ្នាំ ​២០១៨ មាន​តែ​អ្នក​ឆ្លើយ​តប​​ ២៧,​៦ ​ភាគរយ​ប៉ុណ្ណោះ ​បាន​​ឲ្យ​ដឹង​ថា វា​ជា​​វិធានការ​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​​ ខណៈ​ដែល​​ជាង ​៦០ ភាគរយ ​​បាន​បញ្ជាក់ថា វា​ឥត​ប្រយោជន៍។​​

ក្រុម​តំណាង​រាស្រ្ដ​កូរ៉េ​ខាង​ត្បូង​ក៏​មាន​ការ​ខ្វែង​គំនិត​គ្នា​ផង​ដែរ​ចំពោះ​វិធានការ​អចលនទ្រព្យ​​ចុង​ក្រោយ​បំផុត​ទាំង​នេះ ដោយ​លោក Ha Tae-kyung មក​ពី​​​គណបក្ស​​ប្រឆាំង​​សំឡេង​ភាគ​តិច​ Bareunmirae Party បាន​រិះគន់​រដ្ឋាបាល​បច្ចុប្បន្ន​​ពី​បទ​បណ្ដាល​​ឲ្យ​មាន​ការ​កើន​ឡើង​​តម្លៃ​លំនៅឋាន​​តាមរយៈ «​​វិធានការ​​​មិន​សម​ហេតុផល​»​។​​

លោក Ha ​បាន​ឲ្យ​ដឹង​នៅ​​ក្នុង​​សេចក្ដី​ប្រកាស​ព័ត៌មាន​​ដែល​​បាន​បង្ហោះ​លើ​ Facebook ថា​៖ «វិធានការ​​ចុង​ក្រោយ​បំផុត​​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​​ នៅ​ពេល​​តម្លៃ​លំនៅឋាន​​​បាន​កើន​ឡើង​​តាមរយៈ​​វិធានការ​​​អចលនទ្រព្យ​​​មិន​សម​ហេតុផល​ ដែល​គ្រាន់​តែ​ជំរុញ​​ឲ្យ​​​មាន​កំហឹង​សាធារណជន​តែ​ប៉ុណ្ណោះ​»៕ LA