ក្រុងសេអ៊ូលៈ អ្នក​អត្ថាធិប្បាយ​តាម​អនឡាញ​ជាច្រើន​បាន​និយាយថា រដ្ឋាភិបាល​របស់លោក Moon Jae-in នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​គួរតែ​ទទួលខុសត្រូវ​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​តម្លៃ​ផ្ទះ​កើនឡើង​លើស​ពី​ការគ្រប់គ្រង​ចាប់តាំងពី​លោក​ចូលកាន់​តំណែង​ក្នុង​ខែ​ឧសភា ឆ្នាំ​ ២០១៧​។

ទិន្នន័យ​ជាច្រើន​បង្ហាញ​ថា តម្លៃ​អាផាតមិន​ក្នុង​ទីក្រុង​សេអ៊ូល​បាន​កើនឡើង​ខ្លាំង​នៅ​ចន្លោះ​ឆ្នាំ​ ២០១៧ និង​ ២០១៨ ធៀប​នឹង​តួលេខ​ក្នុង​អំឡុងពេល​របស់​រដ្ឋាភិបាល​មុន​។


ក្នុង​ឆ្នាំ​ ២០១២ តម្លៃ​អាផាតមិន​ក្នុង​ទីក្រុង​សេអ៊ូល​បាន​ធ្លាក់ចូល​ដែន​អវិជ្ជមាន -៦,១ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១១ ជា​ពេល​មាន​វិបត្តិ​អចលនទ្រព្យ​នៅ​អាមេរិក​។


យោងតាម​ក្រុមហ៊ុន​អចលនទ្រព្យ Real Estate 114 តួលេខ​សម្រាប់​ឆ្នាំ​ ២០១០ និង​ ២០១១ មាន​អត្រា -២,៦ ​ភាគរយ​និង -២,៣ ​ភាគរយ​រៀង​គ្នា​។


រដ្ឋាភិបាល​ចាស់​របស់​លោកស្រី Park Geun-hye ដែល​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ ២០១៣ បាន​បន្ធូរបន្ថយ បទប្បញ្ញត្តិ​ដែល​ធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការទទួលបាន​កម្ចី​ទិញ​ផ្ទះ​។ គោលនយោបាយ​នេះ​មានបំណង​ជំរុញ​សេដ្ឋកិច្ច​តាមរយៈ​ការជំរុញ​វិស័យ​អចលនទ្រព្យ និង​សំណង់​។


ជា​លទ្ធផល​កំណើន​តម្លៃ​អាផាតមិន​នៅ​ក្រុង​សេអ៊ូល​បាន​កើនឡើង ៥,៩ ភាគរយ​នៅ​ឆ្នាំ​ ២០១៥ និង ៨,៩ ភាគរយ​នៅ​ឆ្នាំ​ ២០១៦ ដោយសារ​ការប្រញាប់​ប្រញាល់​ទិញ​អាផាតមិន​របស់​គ្រួសារ​ជាច្រើន​។


ប៉ុន្តែ​គ្រួសារ​ជាច្រើន​ដែល​មិន​មាន​ផ្ទះ​ផ្ទាល់ខ្លួន​បាន​ពន្យារពេល​ទាញ​យក​អត្ថប្រយោជន៍​ពី​លក្ខខណ្ឌ​កម្ចី​កាន់តែ​ងាយស្រួល​នេះ​នៅ​ចន្លោះ​ឆ្នាំ​ ២០១៤ និង​ ២០១៦ ដោយសារ​រំពឹងថា រដ្ឋាភិបាល​អាច​ចាត់វិធានការ​ទប់ស្កាត់​តម្លៃ​ជាថ្មី​ម្តងទៀត​។

ទោះបី​ជា​យ៉ាងណា បន្ទាប់ពី​រដ្ឋាភិបាល​របស់​លោក Moon បាន​ចូលកាន់​តំណែង តម្លៃ​អាផាតមិន​កើន​បន្ថែម​ទៀត​ដោយសារ​រដ្ឋាភិបាល​ថ្មី​បាន​សម្រេច​ចិត្ត​ដកហូត​ពន្ធ​ខ្ពស់​លើ​ប្រាក់ចំណេញ​ពី​ការលក់​ផ្ទះ​ចំពោះ​ម្ចាស់ផ្ទះ​ដែលមាន​ផ្ទះ​ច្រើន​។

ការណ៍​នេះ​បាន​បង្កើត​ឲ្យ​មាន​កង្វះខាត​ការផ្គត់ផ្គង់​ផ្ទះ​ក្នុង​ទីក្រុង​សេអ៊ូល ដោយសារ​ម្ចាស់ផ្ទះ​មាន​ផ្ទះ​ច្រើន​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការលក់​ផ្ទះ​ដែល​ជា​លទ្ធផល​ជំរុញ​កំណើន​តម្លៃ​។

ជាការ​ឆ្លើយតប​ចំពោះ​ការវិវឌ្ឍ​នេះ រដ្ឋាភិបាល​បានសម្រេច​ចិត្ត​ផ្តល់​អត្ថប្រយោជន៍​ពន្ធ​សម្រាប់​ម្ចាស់ផ្ទះ​ដែល​មាន​ផ្ទះ​ច្រើន​ដែល​ដាក់​ជួល​អចលនទ្រព្យ​របស់​ពួកគេ តែ​ជំរុញ​ឲ្យ​មាន​ការរិះគន់​កាន់តែ​ខ្លាំង​ក្នុង​ចំណោម​សាធារណជន​ថា លម្អៀង​ទៅ​រក​អ្នកមាន និង​នៅតែ​ដាក់បន្ទុក​លើ​ប្រជាជន​ដែល​ចង់​ទិញ​ផ្ទះ​។

យោងតាម​ក្រុមហ៊ុន Real Estate 114 តម្លៃ​អាផាត​មិន​ក្នុង​ទីក្រុង​សេអ៊ូល​បាន​កើនឡើង ១២,៦ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៧ និង ១៧,៦ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨ បើ​គិត​មូលដ្ឋាន​ប្រចាំ​ឆ្នាំ​ដែល​ជា​កំណើន​លឿន​បំផុត​ក្នុង​រយៈពេល​ជាង ២០ ​ឆ្នាំ​។

ទីតាំង​អាផាតមិន​មួយចំនួន​នៅ​សេអ៊ូល​ភាគ​ខាងជើង​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ឡើងថ្លៃ​ពី ៥០ ទៅ ៨០ ភាគរយ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​នេះ​។

ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់​ក្នុង​ខេត្ត Gyeonggi ថ្លែងថា​៖ «​យូនីត​អាផាតមិន​ខ្លះ​ក្នុងស្រុក Gangnam និង​ស្រុក Seocho កើន​ជិត ១ ពាន់​លាន​វ៉ុន (៨៣៧ ០០០​ដុល្លារ​) ធៀប​នឹង​តម្លៃ​ក្នុង​ឆ្នាំ​ ២០១៦»​។ ភ្នាក់ងារ​រូបនេះ​លើកឡើង​ពី​ការបង្កើត «​តំបន់​កេងចំណេញ​តម្លៃ​»​ របស់​ក្រសួង​ដែនដី​ក្នុង​តំបន់​ទាំង​ ២៥ ក្នុង​ទីក្រុង​សេអ៊ូល និង​ក្នុង​ទីក្រុង​រណប​មួយ​ចំនួន​ព្រម​ទាំង​ពន្ធ​លើ​ប្រាក់​ចំណេញ​ពី​ការលក់​អចលនទ្រព្យ​ខ្ពស់​ថា ជា​កត្តា​ចម្បងៗ​បង្ក​ឲ្យ​មាន​កំណើន​តម្លៃ​អាផាតមិន​នៅ​សេអ៊ូល​៕ ANN/KC