ភ្នំពេញៈ ការប្រមូលចំណូលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងឆ្នាំ ២០១៩ នេះបានធ្លាក់ចុះប្រមាណជាង ២៥ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមទិន្នន័យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថាក្នុងឆ្នាំ ២០១៩ នេះក្រសួងប្រមូលចំណូលចូលថវិកា ជាតិបានសរុបប្រមាណ ១១២,៨ លានដុល្លារ ធ្លាក់ចុះ ២៥,៤ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ដែលមានប្រមាណ ១៥១,៦២ លានដុល្លារ។
ចំណូលរបស់ក្រសួងនេះរួមមានចំណូលរដ្ឋបាលកណ្តាលមានចំនួន ៧,២ លានដុល្លារ និងចំណូលរបស់មន្ទីររាជធានី ខេត្ត មានចំនួន ១៩,៨ លាន និងចំណូលពីពន្ធប្រថាប់ត្រា (តាមរយៈអគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨៥,៨ លានដុល្លារ។
របាយការណ៍បានឲ្យដឹងទៀតថាសម្រាប់ឆ្នាំ ២០១៩ នេះក្រសួងបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ៤ ៤៤៦ គម្រោងលើផ្ទៃក្រឡាសំណង់សរុប ១៨,៥៤ លានម៉ែត្រការ៉េដែលមានតម្លៃប្រមាណ ៩ ៣៥៣ លានដុល្លារ ខណៈកាលពីឆ្នាំ ២០១៨ មានគម្រោងសាងសង់សរុប ២ ៨៦៧ គម្រោង លើផ្ទៃក្រឡាសំណង់ ១១,៤២ លានម៉ែត្រការ៉េដែលមានតម្លៃ ៥ ២២៨ លានដុល្លារ។ កាលពីឆ្នាំ ២០១៨ ទុនវិនិយោគវិស័យសំណង់បានធ្លាក់ចុះប្រមាណ ១៨,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៧។
ទោះបីយ៉ាងនេះក្តីរបាយការណ៍មិនបានបង្ហាញពីមូលហេតុដែលនាំឲ្យមានការធ្លាក់ចុះប្រាក់ចំណូលនេះទេ ខណៈរដ្ឋមន្ត្រីបានលើកឡើងពីដំណើរការវិជ្ជមាននៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ។
ក្នុងឱកាសចូលរួម «សន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០» នៅសណ្ឋាគារសុខាកាលពីថ្ងៃម្សិលមិញលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិយាយថា នៅក្នុងឆ្នាំ ២០១៩ នេះក្រសួងសម្រេចបាននូវលទ្ធផលជាច្រើន ដូចជាការចុះបញ្ជីដីធ្លីថ្មីៗដើម្បីកាត់បន្ថយភាពអនាធិបតេយ្យក្នុងវិស័យដីធ្លី និងអចលនទ្រព្យ ការដាក់ឲ្យអនុវត្តច្បាប់ថ្មីៗ និងផែនការប្រើប្រាស់ដី និងប្លង់គោល ដើម្បីធានាបាននូវការប្រើប្រាស់ដីប្រកបដោយចីរភាព។
លោកបានបន្តថា សមិទ្ធផលដែលក្រសួងសម្រេចបានកន្លងមកគឺដោយសារមានកិច្ចសហការគ្នាដ៏ល្អជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកជាតិ និងអន្តរជាតិ។ លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថា សន្និបាតនេះនឹងមានការពិភាក្សាដ៏ផុសផុលដើម្បីលើកទិសដៅ និងផែនការសម្រាប់ឆ្នាំ ២០២០ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិនៃបេសកកម្មរបស់ក្រសួង»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ការធ្លាក់ចុះនេះមិនមែនមានន័យថា វិស័យសំណង់ធ្លាក់ចុះនោះទេ។ លោកបន្តថា ការធ្លាក់ចុះនេះអាចដោយសារសំណង់មួយចំនួនមិនទាន់ត្រូវបានធ្វើការផ្លាស់ប្តូរកម្មសិទ្ធិ ឬស្ថិតក្នុងដំណាក់កាលនៃការសាងសង់។
លោកលើកឧទាហរណ៍ថា៖ «សំណង់ដែលកំពុងសាងសង់ និងមិនទាន់ត្រូវបានទិញផ្តាច់ពីក្រុមហ៊ុនគឺគេមិនទាន់យកចុះបញ្ជីផ្ទេរកម្មសិទ្ធិឡើយ ដូច្នេះរដ្ឋក៏មិនទាន់ទទួលបានចំណូលពីការបង់ពន្ធប្រថាប់ត្រាដែរ» ។
លោកបន្តថា ជារួមវិស័យសំណង់នៅកម្ពុជាក្នុងឆ្នាំ ២០១៩ គឺមានភាពល្អប្រសើរខ្លាំងដោយបច្ចុប្បន្នសំណង់ធំៗបានលេចឡើងជាបន្តបន្ទាប់។ លោកថ្លែងថា៖ «ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា»។
ប្រធានគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាលោក ជីវ ស៊ីវផេង មិនអាចទាក់ទងបានទេកាលពីម្សិលមិញ ប៉ុន្តែកាលពីពេលថ្មីៗនេះលោកធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជាមួយនឹងទំនុកចិត្តរបស់វិនិយោគិនលើស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចព្រមជាមួយនឹងការរឹតបន្តឹងរបស់អាជ្ញាធរលើការសាងសង់នោះបានធ្វើឲ្យគម្រោងសាងសង់បានលេចឡើងស្ទើរគ្រប់កន្លែង ពិសេសនៅប៉ូលសេដ្ឋកិច្ចសំខាន់ចំនួន ២ គឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ លោកថ្លែងថា៖ «ជាមួយនឹងស្ថានភាពនេះខ្ញុំគិតថា ចំនួនគម្រោង និងប្រាក់ចំណូលដែលក្រសួងប្រមូលបាននឹងបន្តមានកំណើនជាបន្តទៀតនៅឆ្នាំ ២០២០ ខាងមុខ»៕ LA