ទីក្រុងវ៉ាស៊ីនតោនៈ លំនៅឋាន​នៅ​អាមេរិក​ចាប់ផ្តើម​ងើប​ឡើងវិញ​បន្តិចបន្តួច​ក្នុង​ខែកញ្ញា​ពេល​ក្រុមហ៊ុន​សាងសង់​ជាច្រើន​ប្រឹងប្រែង​ ដើម្បី​ធ្វើឱ្យ​តម្រូវការ​ពី​អ្នកទិញ​ផ្ទះ​ប្រសើរ​ឡើងវិញ​។ នេះ​បើ​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​កាលពី​ថ្ងៃ​អង្គារ​។

ទីផ្សារ​លំនៅឋាន​ជា​ផ្នែក​សំខាន់​ ១ ក្នុង​សេដ្ឋកិច្ច​អាមេរិក ពេល​ដែល​ប្រទេស​នេះ​នៅតែ​ក្រាញននៀល​ជាមួយ​ការរីករាលដាល​វីរុស​កូរ៉ូណា​ដ៏អាក្រក់​បំផុត ក្នុង​ពិភពលោក​ដែល​បាន​ធ្វើឱ្យ​អត្រា​ប្រាក់កម្ចី​ធ្លាក់ចុះ​ទាប​ជា​ប្រវត្តិសាស្ត្រ ហើយ​ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​បង្ហាញ​ថា ការកសាង​ផ្ទះ​បាន​ចាប់ផ្តើម​កាលពី​ខែកញ្ញា​មាន​កំណើន​ ១,៩ ​ភាគរយ ​បន្ទាប់ពី​ការធ្លាក់ចុះ​យ៉ាងគំហុក​កាលពី​ខែសីហា​កន្លងមក​នោះ​។


ប៉ុន្តែ​ការទទួល​បាន​កំណើន​តិចតួច​នេះ​កើតមាន​បន្ទាប់ពី​កើនឡើង​ ២ ​ខ្ទង់​ក្នុង​ខែឧសភា ខែមិថុនា និង​ខែកក្កដា បាន​ធ្វើឱ្យ​គម្រោង​ថ្មីៗ​ជាច្រើន​ចាប់ផ្តើម​ត្រឹមតែ​ជាង​ ១,៤ ​ពាន់​លាន ដែល​ទាប​ជាង​ការរំពឹងទុក​បន្តិចបន្តួច​ប្រចាំ​រដូវកាល​។


ការធ្លាក់ចុះ​ជិត​ ១៥ ​ភាគរយ​នៃ​ការសាងសង់​នៃ​លំនៅឋាន​ជាប់ៗ​គ្នា​ (Multi-family buildings) បាន​ទាញ​ទម្លាក់​កំណើន​។ យោងតាម​របាយការណ៍​។


ប៉ុន្តែ​ការកសាង​អគារទោល (Single Family Housings) បានចាប់ផ្តើម​ស្ទុះ​ងើប​ដល់​ជាង​ ១,១ ​លាន​ដែល​លឿន​ជាង​ខែសីហា​ចំនួន​ ៨,៥ ​ភាគរយ​។


ស្ទើរ​គ្រប់​តំបន់​មាន​កំណើន​ទាំង​លំនៅឋាន​ទូទៅ និង​ការស្ថាបនា​អគារទោល ដោយ​លើកលែង​តំបន់​ភាគ​ខាងលិច ដែល​ការសាងសង់​ធ្លាក់ចុះ​ដល់​ទៅ​ ៣២,៧ ​ភាគរយ​។


ការទទួល​បាន​កំណើន​នេះ​ពិតជា​រហ័ស​ណាស់​ក្នុង​ភាគឦសាន​ប្រទេស​ដែល​ការចាប់ផ្តើម​មាន​កំណើន​រហូត​ដល់​ទៅ​ ៦៦,៧ ​ភាគរយ​។

លោក Mike Fratantoni នៃ​សមាគម​ផ្តល់​កម្ចី​ទិញ​ផ្ទះ​បាន​ចង្អុល​បង្ហាញ​ចំពោះ​ការធ្លាក់ចុះ​យ៉ាងច្រើន​ក្នុង​ការចាប់ផ្តើម​សាងសង់​ជាមួយ​គម្រោង​ដែលមាន​ចាប់ពី​ ៥ ​យូនីត​ ឬ​ក៏​ច្រើនជាង​នេះ​ជា​ការថយចុះ​កំណើន​សេដ្ឋកិច្ច​ទូទៅ ប៉ុន្តែ​និយាយ​ថា កំណើន​ពីមួយ​ខែ​ទៅមួយ​ខែ ៥,២ ​ភាគរយ​ក្នុង​ការអនុញ្ញាត​ឱ្យ​សាងសង់​ជា​ភ័ស្តុតាង​ដែល​អ្នក​កសាង​ផ្ទះ​ព្យាយាម​ធ្វើឱ្យ​អ្នកមាន​តម្រូវការ​ពេញចិត្ត​។

លោក​បាន​ឱ្យដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​អ្នក​សាងសង់​នឹង​ពន្លឿន​ឱ្យ​កាន់តែ​លឿន​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​នេះ ដែលជា​ព័ត៌មាន​ស្វាគមន៍​ចំពោះ​គ្រួសារ​ដែល​ចង់​ទិញ​ផ្ទះ​ថ្មី​»​។

លោក​បាន​បន្ថែមថា​៖ «​ទីផ្សារ​លំនៅឋាន​កំពុង​ជួប​ឧបសគ្គ​ដោយសារ​កង្វះខាត​បញ្ជី​សារពើភណ្ឌ​ទាំង​ផ្ទះ​ថ្មី​ និង​ផ្ទះ​កំពុង​ប្រើប្រាស់​»​។

របាយការណ៍​នោះ​បាន​ឱ្យដឹងថា ការអនុញ្ញាត​ឱ្យ​សាងសង់​ត្រូវ​បានចេញ​សម្រាប់​អគារទោល​បាន​កើនឡើង​ ៧,៨ ​ភាគរយ ខណៈ​ដែល​ការអនុញ្ញាត​សម្រាប់​ការសាងសង់​អគារ​ជាប់​គ្នា​បាន​កើនឡើង​ត្រឹមតែ​ ១ ​ភាគរយ​ប៉ុណ្ណោះ​៕ RR