ក្រុងហូជីមិញៈ ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អចលនទ្រព្យ​នានា​បាន​ឲ្យ​ដឹងថា វិស័យ​អចលនទ្រព្យ​ទីក្រុង​ហូជីមិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បាន​ទាក់ទាញ​ការវិនិយោគ​បរទេស​ដែល​មាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ ដោយសារ​សក្ដានុពល​កំណើន​របស់​ទីក្រុង​នេះ​។

នៅពេល​ថ្មីៗ​នេះ​ទីក្រុង​នេះ​បាន​ជាប់​ឈ្មោះ​ក្នុងចំណោម​ទីផ្សារ​ ៣ ​ឈាន​មុខ​គេ​សម្រាប់​ក្រុម​វិនិយោគិន​អចលនទ្រព្យ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ផ្តល់​ចំណាត់ថ្នាក់​ដោយ​វិទ្យាស្ថាន Urban Land Institute របស់​អាមេរិក និង​ក្រុមហ៊ុន PricewaterhouseCoopers ជា​ក្រុមហ៊ុន​សេវា​អាជីព​ថ្នាក់​ពិភពលោក​។


កាលពី​ឆ្នាំមុន​ទីក្រុង​ហូជីមិញ​បាន​ទាក់ទាញ​ការវិនិយោគ​បរទេស​ចំនួន ៨,៣ ពាន់​លាន​ដុល្លារ​អាមេរិក​កើនឡើង​ ៣៩, ៤៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើតាម​គណៈកម្មាធិការ​ប្រជាជន​ក្រុង​ហូជីមិញ​។


ការផលិត​មាន​ចំនួន​ ៤០,១៤ ភាគរយ (៣,៣៣ ពាន់​លាន​ដុល្លារ​) របស់​ទីក្រុង​នេះ បន្ទាប់មក​គឺ​វិស័យ​អចលនទ្រព្យ​មាន​ចំនួន ២៥ ​ភាគរយ (២ ​ពាន់​លាន​ដុល្លារ​)​។


នៅ​ឆ្នាំមុន​ក្រុមហ៊ុន Phat Dat Real Estate Development បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​តម្លៃ​ ២២,៥ លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន Samty Asia Investments Pte. Ltd របស់​ប្រទេស​ជប៉ុន ដើម្បី​អភិវឌ្ឍ​គម្រោង​អចលនទ្រព្យ​ដោយ​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ទីក្រុង​នេះ​។


ក្រុមហ៊ុន Keppel Group របស់​សិង្ហបុរី​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​បាន​ចាប់ផ្ដើម​ការសាងសង់ គម្រោង Saigon Sports City ដែល​ជា​គម្រោង​ទីក្រុង​វៃឆ្លាត​លើ​ផ្ទៃដី​ទំហំ ៦៤ ​ហិកតា​នៅ​តំបន់ District 2​។


ការចំណាយ​របស់​ការអភិវឌ្ឍ​នេះ​តាម​ការប៉ាន់ប្រមាណ​មាន​តម្លៃ ៣០០ ​លាន​ដុល្លារ​ដែល​នឹងមាន​អាផាតមិន​ប្រហែល ៤ ៣០០ ​យូនីត និង​កន្លែង​លេង​កីឡា កន្លែង​កម្សាន្ត និង​មជ្ឈមណ្ឌល​កម្សាន្ត​ប្រកប​ដោយ​ផាសុកភាព​ប្រហែល ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ ២០២៧​។

ក្រុមហ៊ុន Keppel បាន​ទទួល​អាជ្ញាប័ណ្ណ​សម្រាប់​គម្រោង​អចលនទ្រព្យ​ផ្សេងទៀត​ចំនួន​ ២០ ជាមួយ​នឹង​ការវិនិយោគ​សរុប​ជាង ៣ ​ពាន់​លាន​ដុល្លារ​ដែល​ភាគច្រើន​ក្នុង​ចំណោម​គម្រោង​ទាំងនេះ​ស្ថិត​នៅក្នុង​ទីក្រុង​ហូជីមិញ​។

ក្រុមហ៊ុន Phu Dong Real Estate Group Joint Stock Company បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ចំនួន​ ៣ សម្រាប់​ការវិនិយោគ​រួម ដើម្បី​អភិវឌ្ឍ​គម្រោង​លំនៅឋាន​នៅក្នុង​ទីក្រុង​នេះ​។

ក្រុមហ៊ុន SK Group របស់​ប្រទេស​កូរ៉េ​បាន​ទិញ​ភាគហ៊ុន​តម្លៃ ១ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឈានមុខ​គេ Vingroup, SonKim Land ដែល​ប្រមូល​មូលនិធិ​បាន​ ១២១ លាន​ដុល្លារ​ពី​វិនិយោគិន​មួយក្រុម​ដែល​រួមមាន​ក្រុមហ៊ុន EXS Capital ក្រុមហ៊ុន ACA Investments និង​ក្រុមហ៊ុន Credit Suisse AG​។

លោក Yamaguchi Masakazu ប្រធាន​តំណាង​ក្រុមហ៊ុន Creed Group របស់​ប្រទេស​ជប៉ុន​ក្នុង​ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹងថា តម្រូវការ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​វៀតណាម​នៅតែ​ខ្ពស់​ជាពិសេស​ក្នុង​ផ្នែក​តម្លៃ​មធ្យម​។

លោក​ថ្លែងថា​៖ «​តម្រូវការ​ត្រូវបាន​រំពឹងថា​នឹង​បន្ត​កើនឡើង​ក្នុង​រយៈពេល ៣០ ​ឆ្នាំក្រោយ​»​។

ទាក់ទាញ​ការវិនិយោគ​​ក្រុមអ្នកវិភាគ​បាន​ឲ្យ​ដឹងថា ទីផ្សារ​អចលនទ្រព្យ​ទីក្រុង​ហូជីមិញ​នឹង​នៅតែ​មាន​ភាពទាក់ទាញ​សម្រាប់​ការវិនិយោគ​បរទេស​នៅ​ឆ្នាំនេះ និង​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ខាង​មុខ​។

លោក Nguyen Hoang នាយក​ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន DK-RA Vietnam បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​គិតថា អចលនទ្រព្យ​នៅ​ឆ្នាំនេះ​នឹង​បន្ត​នៅ​ជា​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ធំជាងគេ​នៃ​មូលធន​បរទេស​»​។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​វិស័យ​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ២ ឬ​ទី​ ៣ ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ការទាក់ទាញ​ការវិនិយោគ​ផ្ទាល់ពី​បរទេស​។

ការវិនិយោគ​បរទេស​នឹង​ជួយ​ឆ្លើយតប​តម្រូវការ​មូលនិធិ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍ ខណៈ​រដ្ឋាភិបាល​រឹតបន្តឹង​ឥណទាន​ដែល​ហូរ​ចូល​ទៅក្នុង​វិស័យ​អចលនទ្រព្យ​នេះ​។ នេះ​បើ​យោងតាម​លោក Hoang ។

លោក​បន្ថែមថា ក្រៅពី​នេះ​ក្រុម​វិនិយោគិន​បរទេស​នឹង​ទទូច​ឲ្យ​មាន​ស្ដង់ដា​កាន់តែ​ខ្ពស់​ដែល​នឹង​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​វៀតណាម​ត្រូវ​បង្កើន​ស្ដង់ដា​របស់​ពួកគេ និង​កែលម្អ​តម្លាភាព​។

ដោយសារ​និន្នាការ​នៃ​ការផ្លាស់ប្តូរ​ទីតាំង​ផលិត​ពី​ប្រទេស​ចិន ហើយ​វៀតណាម​ក្លាយ​ជា​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ដែល​ចូលចិត្ត​ជាងគេ​សម្រាប់​ក្រុមហ៊ុន​ជាច្រើន​នោះ អចលនទ្រព្យ​សម្រាប់​ឧស្សាហកម្ម​ស្ថិត​ក្នុង​ចំណោម​វិស័យ​ដែល​ទាក់ទាញ​ការវិនិយោគ​បរទេស​។

ការជួល​អចលនទ្រព្យ​ឧស្សាហកម្ម​បាន​កើនឡើង​ខ្លាំង​ក្នុង​ខេត្ត​ជាច្រើន​កាលពី​ឆ្នាំមុន​។

ទីក្រុង​ហូជីមិញ​គឺជា​ទីក្រុង​មួយ​ក្នុង​ចំណោម​ទីក្រុង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​នៃ​ការផ្លាស់ប្តូរ​សមត្ថភាព​ផលិតកម្ម​ចេញពី​ប្រទេស​ចិន​។

ប៉ុន្តែ​វិស័យ​អចលនទ្រព្យ​ក៏​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដែរ ដោយសារ​ការពិបាក​ទទួល​បាន​ការអនុម័ត​សម្រាប់​គម្រោង​ថ្មីៗ ខណៈ​មាន​ដី​តិចតួច​ ឬ​គ្មាន​ដី​នៅសល់​សម្រាប់​ការអភិវឌ្ឍ​នៅ​ផ្នែក​ខាងក្នុង​ទីក្រុង​៕ ANN/LA