ទីស្នាក់ការកណ្តាលធនាគារជាតិនៃកម្ពុជាដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តមនឹងត្រូវវាយកម្ទេចចោលនាពេលឆាប់ៗនេះ ដើម្បីសាងសង់អគារថ្មីដែលមានកម្ពស់ខ្ពស់ជាងមុន ខណៈអគារដែលកំពុងប្រើប្រាស់នាពេលនេះមានសភាពទ្រុឌទ្រោម និងតូចចង្អៀត។ ការិយាល័យបណ្តោះអាសន្ននឹងត្រូវលើកទៅកាន់អគារថ្មីដែលស្ថិតនៅផ្លូវភ្នំពេញ-ហាណូយ។
បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា អគារថ្មីត្រូវបានរចនាឡើងតាមលំនាំប្រាសាទភ្នំដែលបង្ហាញពីវប្បធម៌ខ្មែរ និងបង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា។
អគារទីស្នាក់ការកណ្តាលបច្ចុប្បន្នរបស់ធនាគារជាតិនៃកម្ពុជាត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩៩០ នៅលើទីតាំងចាស់ដែលត្រូវបានបំផ្លាញនៅសម័យសង្គ្រាម។ រូបតូចជាគំនូរសំណង់អគារថ្មីដែលនឹងត្រូវសាងសង់ និងរូបអគារបច្ចុប្បន្ន៕