ក្រុងបាងកកៈ ប្រធាន​របស់​ធនាគារ​កណ្ដាល​ថៃ​បាន​ឲ្យ​ដឹងថា ធនាគារកណ្ដាល​ថៃ​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការបន្ធូរបន្ថយ​បន្ថែមទៀត​នូវ​បទប្បញ្ញត្តិ​ប្រាក់កម្ចី​ធៀប​នឹង​តម្លៃ (LTV) ដែល​គ្រប់គ្រង​លើ​ការផ្ដល់​កម្ចី​ទិញ​ផ្ទះ​នៅក្នុង​តំបន់​ជាច្រើន​ដែល​ត្រូវបាន​ចាត់ទុកថា គ្រោះថ្នាក់​ដល់​អ្នកទិញ​ផ្ទះ​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​។

លោក Veerathai Santiprabhob ប្រធាន​ធនាគារកណ្ដាល​ថៃ​ត្រូវបាន​ដកស្រង់​សម្តី​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍​ ខណៈ​ថ្លែងថា ធនាគារ​កណ្ដាល​កំពុង​ត្រួតពិនិត្យ​លទ្ធផល​របស់​វិធានការ LTV បន្ទាប់ពី​ការអនុវត្ត​កាលពី​ថ្ងៃទី​ ១ ខែមេសា ឆ្នាំ​ ២០១៩ ហើយ​ការបន្ធូរបន្ថយ​នឹង​ត្រូវបាន​ពិចារណា​ប្រសិន​បើ​ចាំបាច់​។


លោក​ថ្លែងថា​៖ «​ប្រសិនបើ​ការគ្រប់គ្រង​តឹងតែង​ខ្លាំងពេក ឬ​បណ្ដាល​ឲ្យ​មាន​ផលប៉ះពាល់​ច្រើន ធនាគារកណ្ដាល​នេះ​ត្រៀមខ្លួន​រួចហើយ​ក្នុងការ​បន្ធូរបន្ថយ​វា​។ ធនាគារកណ្ដាល​ថៃ​គាំទ្រ​ប្រជាជន​ធ្វើ​ជា​ម្ចាស់​លំនៅឋាន​ផ្ទាល់​របស់​ពួកគេ ប៉ុន្តែ​ចង់​លុបបំបាត់​តម្រូវការ​សិប្បនិម្មិត​នៅក្នុង​ទីផ្សារ​»​។


ថ្មីៗ​នេះ​ធនាគារកណ្ដាល​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​សហ​អ្នកចុះហត្ថលេខា​កម្ចី​ទិញ​ផ្ទះ​មិនចាំបាច់​គោរព​តាម​បទប្បញ្ញត្តិ​នេះ​ទៀតឡើយ​។


កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ទៀតថា យោងតាម​បទប្បញ្ញត្តិ​នេះ ធនាគារ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ផ្ដល់ LTV ១០០ ​ភាគរយ​ សម្រាប់​កម្ចី​ទិញ​ផ្ទះ​ដែល​ផ្តល់ជូន​អ្នកទិញ​ផ្ទះ​គម្រោង​លំនៅឋាន​កម្ពស់​ទាបៗ ដែល​ជា​កម្ចី​ទិញ​ផ្ទះ​លើកដំបូង​របស់​ពួកគេ​។


អ្នកទិញ​ផ្ទះ​ត្រូវបាន​តម្រូវ​ឲ្យ​បង់ប្រាក់​តម្កល់​ដំបូង​អប្បបរមា​សម្រាប់​កម្ចី​ទិញ​ផ្ទះ​ទី​ ៣ និង​កម្ចី​ទិញ​ផ្ទះ​ជា​បន្តបន្ទាប់​ចំនួន ៣០ ភាគរយ ​នៃ​តម្លៃ​ផ្ទះ និង​ត្រូវ​បង់ ១០-២០ ​ភាគរយ​ សម្រាប់​កម្ចី​ទិញ​ផ្ទះ​ទី​ ២ ដោយ​អាស្រ័យ​លើ​រយៈពេល​ដែល​អ្នក​ខ្ចី​បាន​ធ្វើការ​បង់ប្រាក់​សម្រាប់​កម្ចី​ទិញ​ផ្ទះ​ទី​ ១​។


អនុបាត LTV ពី ៩០ ទៅ ១០០ ​ភាគរយ​គឺ​ត្រូវតែ​គោរព​សម្រាប់​អ្នក​ដែល​គ្រោង​នឹង​ទិញ​ផ្ទះ​តម្លៃ​ក្រោម ១០ លាន​បាត ប៉ុន្តែ​អនុបាត​នេះ​បាន​ធ្លាក់​ចុះមក​នៅត្រឹម ៨០ ភាគរយ​នៅពេល​អ្នក​ខ្ចីប្រាក់​ទិញ​លំនៅឋាន​ដែល​មាន​តម្លៃ ១០ លាន​បាត ឬ​ខ្ពស់ជាង​នេះ​។

ក្នុង​រយៈពេល ១១ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០១៩ ការផ្តល់​កម្ចី​ទិញ​ផ្ទះ​ដោយ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកទេស​បាន​កើនឡើង ៦,៣ ភាគរយ​។ លំនៅឋាន​កម្ពស់​ទាបៗ​បាន​បង្ហាញ​ការកើនឡើង ១១,៨ ភាគរយ ខណៈ​ដែល​លំនៅឋាន​កម្ពស់​ខ្ពស់ៗ​បាន​ធ្លាក់ចុះ ៧,៤ ​ភាគរយ​។

នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​​គ្រាន់តែ​ធនាគារពាណិជ្ជ កម្ចី​ទិញ​ផ្ទះ​ដែល​ចុះកិច្ចសន្យា​លើកដំបូង​បាន​កើនឡើង ៣,១ ​ភាគរយ​ ដោយ​កម្ចី​ទិញ​ផ្ទះ​កើនឡើង ៥ ​ភាគរយ​ សម្រាប់​ការទិញ​លំនៅឋាន​កម្ពស់​ទាបៗ និង​ធ្លាក់ចុះ ១,៩ ភាគរយ​ សម្រាប់​ការទិញ​លំនៅឋាន​កម្ពស់​ខ្ពស់ៗ​។ កំណើន​កម្ចី​ទិញ​ផ្ទះ​ដែល​ចុះកិច្ចសន្យា​លើក​ទី​ ២ និង​បន្តបន្ទាប់​បាន​ធ្លាក់ចុះ ១៧,៤ ភាគរយ ភាគច្រើន​ដោយសារ​តែ​ការធ្លាក់ចុះ ២៥,៣ ភាគរយ​សម្រាប់​គម្រោង​លំនៅឋាន​ខ្ពស់ៗ និង​ធ្លាក់ចុះ ១០,៤ ​ភាគរយ​ សម្រាប់​លំនៅឋាន​ទាបៗ​។

លោក Veerathai បាន​ឲ្យ​ដឹងថា ផ្អែក​តាម​ទិន្នន័យ​នេះ​ការដាក់​កម្រិត​របស់ LTV បាន​ជួយ​បញ្ឈប់​ការ​កេងចំណេញ​អចលនទ្រព្យ​។ ធនាគារ​ក៏ត្រូវ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ផងដែរ​ចំពោះ​ការអនុម័ត​កម្ចី​ទិញ​ផ្ទះ ហើយ​សំខាន់​ជាងនេះ​ទៅ​ទៀត អ្នកទិញ​ផ្ទះ​ដែល​មាន​តម្រូវការ​ពិតប្រាកដ មិនត្រូវ​បាន​រង​ផលប៉ះពាល់​ទេ​៕ LA