ភ្នំពេញៈ គេដឹងគ្រប់គ្នាហើយថា តម្លៃអចលនទ្រព្យដីធ្លី ផ្ទះសំបែងនៅក្រុងព្រះសីហនុបានហក់ឡើងខ្ពស់មិននឹកស្មានដល់ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ដោយសារលំហូរចូលនៃជនជាតិចិនយ៉ាងគំហុក។
ការមកដល់នៃវិនិយោគិនចិនភាគច្រើនវិនិយោគលើវិស័យអចលនទ្រព្យសំណង់ សណ្ឋាគារ និងកាស៊ីណូ ខណៈជនជាតិចិនផ្សេងទៀតបានមកបង្កើតមុខរបរតូចៗជាច្រើនរាប់ចាប់តាំងពីការលក់អាហារតាមដងផ្លូវ និងហាងម៉ាស្សាកាត់សក់ជាដើម។
វត្តមាននៃជនជាតិចិននេះបានធ្វើឲ្យតម្លៃជួលអចលនទ្រព្យដី ផ្ទះ និងសណ្ឋាគារហក់ឡើងខ្ពស់ជិត ១០ ដង។ ប៉ុន្តែព័ត៌មានថ្មីៗនេះបានលេចឡើងថា តម្លៃទិញ និងជួលបានថមថយមកវិញ ដោយសារនិន្នាការចាកចេញរបស់ជនជាតិចិនពីខេត្តព្រះសីហនុនៅពេលរដ្ឋាភិបាលបានសម្រេចឈប់ផ្តល់អាជ្ញាប័ណ្ណល្បែងអនឡាញនៅចុងឆ្នាំនេះ។
តើវាមានទំនាក់ទំនងអ្វីរវាងការបិទល្បែងអនឡាញ និងទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ?
អ្នកយកព័ត៌មានភ្នំពេញប៉ុស្ដិ៍បានជួបជាមួយលោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងជាប្រធាន KW Cambodia ជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជិត ១៥ ឆ្នាំ ដើម្បីពិភាក្សាអំពីនិន្នាការនេះ។
តើលោកមើលឃើញដូចម្តេចចំពោះទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ?
វាចាប់ផ្តើមមានភាពផុលផុសខ្លាំងបន្ទាប់ពីការមកដល់យ៉ាងគំហុកនៃភ្ញៀវទេសចរ និងវិនិយោគិនចិន កំណើនជនជាតិចិនបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុកើននឹកស្មានមិនដល់ដែលមានការកើនឡើងស្ទើររាល់ខែក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ។
ខ្ញុំអាចនិយាយថា កាលពីចុងឆមាសទី ១ ឆ្នាំ ២០១៩ ដីទំហំក្រោម ១ ០០០ ម៉ែត្រការ៉េ នៅតំបន់ពាណិជ្ជកម្មក្នុងក្រុងមានតម្លៃពី ៤ ០០០ ដុល្លារ ដល់ ៥ ០០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ប្រហាក់ប្រហែលនឹងតម្លៃដីក្នុងសង្កាត់បឹងកេងកង។ ចំណែកតម្លៃជួលមានរហូតដល់ ១០ ដុល្លារទៅ ១៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េសម្រាប់ដីអាជីវកម្មទំហំតូចៗ និងដីធំៗមានតម្លៃ ៣-៥ ដុល្លារ ខណៈកិច្ចសន្យាភាគច្រើនមានចន្លោះពី ៣-៥ ឆ្នាំ។
តម្លៃដីនៅតំបន់ខ្លះបានកើនឡើងពី ២០០ ទៅ ២ ០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ពីឆ្នាំ ២០១៤ ដល់ ២០១៨ និងបន្តកើនដល់ ៣ ០០០ នៅពាក់កណ្តាលឆ្នាំ ២០១៩ នេះ។
មានការលើកឡើងថាការបិទអាជីវកម្មល្បែងអនឡាញ ធ្វើឲ្យប៉ះពាល់ដល់វិស័យនេះលោកយល់យ៉ាងណាដែរ?
បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំស្តីពីការពង្រឹងការគ្រប់គ្រងអាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិកតាមរយៈអ៊ីនធឺណិតអនឡាញកាលពីពាក់កណ្តាលខែ សីហា ឆ្នាំ ២០១៩ ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុបានធ្លាក់ចុះយ៉ាងគំហុកដោយមិនមានអ្នកស្វែងរកទិញ ឬជួលច្រើនដូចមុនទៀតទេ។
ការប្រែប្រួលនេះគឺដោយសារវិនិយោគិន និងភ្ញៀវជនជាតិចិនដែលមានចំនួនដ៏ច្រើននៅខេត្តព្រះសីហនុបាននាំគ្នាផ្អាក ឬត្រៀមបញ្ឈប់សកម្មភាពវិនិយោគនៅកម្ពុជា ពិសេសលើអាជីវកម្មកាស៊ីណូស្របពេលថ្មីៗនេះមានជនជាតិចិនមួយចំនួនចាកចេញទៅចិនវិញ។ អគារដាក់ជួលក្នុង ១ ខែតម្លៃ ១០ ០០០ ដុល្លារ ពេលនេះសូម្បីតែ ៧ ០០០ ដុល្លារ ក៏គ្មានអ្នកជួលដែរ។ ទន្ទឹមនឹងនេះសកម្មភាពនៅតាមការដ្ឋានសាងសង់នៅក្នុងខេត្តព្រះសីហនុពេលនេះក៏មិនសូវមានច្រើនដូចពេលមុនទេ។
តើវាមានទំនាក់ទំនងអ្វីរវាងការបិទល្បែងអនឡាញ និងទីផ្សារអចលនទ្រព្យនេះ?
ការបិទអាជីវកម្មល្បែងភ្នាល់តាមអ៊ីនធឺណិតនឹងធ្វើឲ្យចំនួនភ្ញៀវជនជាតិចិននៅកម្ពុជាធ្លាក់ចុះ ហើយនៅពេលដែលភ្ញៀវធ្លាក់ចុះតម្រូវការកន្លែងស្នាក់នៅ ភោជនីយដ្ឋាន និងសេវាកម្មគ្រប់ប្រភេទក៏នឹងត្រូវធ្លាក់ចុះទៅតាមនោះដែរ។ ត្រង់ចំណុចនេះអ្វីដែលមានផលប៉ះពាល់ធ្ងន់ជាងគេគឺអ្នកដែលបានទៅខ្ចីលុយពីធនាគារយកមកវិនិយោគសង់អគារសម្រាប់ដាក់ជួល។
នៅពេលដែលអគាររបស់ពួកគាត់មិនមានអ្នកជួល ពួកគាត់នឹងត្រូវប្រឈមនឹងកង្វះលទ្ធភាពក្នុងការបង់ប្រាក់សងត្រឡប់ទៅធនាគារវិញដែលនេះជាបញ្ហាធំដែលអាចនឹងនាំឲ្យពួកគេជួបវិបត្តិ។
ពីមុនមានការបារម្ភពីកំណើនជនជាតិចិនយ៉ាងច្រើនចូលមកកាន់ខេត្តព្រះសីហនុ តែពេលនេះបែរជានាំគ្នាបារម្ភពីការចេញរបស់ជនជាតិចិនទៅវិញ។ ការបិទអាជីវកម្មល្បែងភ្នាល់តាមអ៊ីនធឺណិត ក៏នឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់វិស័យអចលនទ្រព្យនៅតំបន់ព្រំដែនផងដែរ ពិសេសគឺក្រុងបាវិត និងក្រុងប៉ោយប៉ែត។
បើដូច្នេះមែនតើលោកគិតថា រដ្ឋាភិបាលគួរធ្វើដូចម្តេច?
ខ្ញុំគិតថា ការប្រកាសបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មី សម្រាប់អាជីវកម្មល្បែងភ្នាល់តាមអ៊ីនធឺណិតជារឿងល្អសម្រាប់សង្គម តែវាប៉ះពាល់ខ្លាំងដល់វិស័យដីធ្លី ចំណូលប្រជាជនក្នុងស្រុក និងចំណូលពន្ធរដ្ឋ ពិសេសវានឹងធ្វើឲ្យអ្នកវិនិយោគទុនបរទេសខ្លាចមិនហ៊ានមកវិនិយោគបន្ថែមនៅកម្ពុជាដោយសាររដ្ឋាភិបាលធ្វើការសម្រេចចិត្តលឿនពេក។
វាជាការល្អ បើរដ្ឋាភិបាលធ្វើការត្រួតពិនិត្យឡើងវិញប្រកបដោយតម្លាភាពនូវរាល់ប្រតិបត្តិការក្រុមហ៊ុនទាំងអស់នោះនៅខែ ធ្នូ ឆ្នាំ ២០១៩ នេះ។ បើក្រុមហ៊ុនណាប្រកបអាជីវកម្មគោរពច្បាប់ និងបង់ពន្ធត្រឹមត្រូវ គួរតែបន្តអាជ្ញាប័ណ្ណឲ្យពួកគេបាន ១ ឆ្នាំទៀត តែបើក្រុមហ៊ុនណាបានទទួលអាជ្ញាប័ណ្ណហើយមិនមានសកម្មភាពអាជីវកម្ម (លក់អាជ្ញាប័ណ្ណបន្ត) នោះរដ្ឋាភិបាលត្រូវតែដកហូតអាជ្ញាប័ណ្ណនោះមកវិញ។
នៅត្រីមាសទី ៤ ឆ្នាំ ២០២០ រដ្ឋាភិបាលអាចធ្វើការត្រួតពិនិត្យឡើងវិញទៅលើគ្រប់ក្រុមហ៊ុនទាំងអស់ ដែលបានទទួលការបន្តអាជ្ញាប័ណ្ណពីឆ្នាំ ២០១៩ ដើម្បីកំណត់ថា តើក្រុមហ៊ុនណាដែលមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលការបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ ២០២១។
ការធ្វើបែបនេះនឹងជួយឲ្យគ្រប់ភាគីពាក់ព័ន្ធមានពេលគ្រប់គ្រាន់ក្នុងការត្រៀមខ្លួន។ យើងមិនគួរកាត់ផ្តាច់លឿនបែបនេះទេ ព្រោះវានឹងធ្វើឲ្យមានផលប៉ះពាល់ខ្លាំង ដែលប្រៀបបាននឹងយើងកំពុងបើករថយន្តក្នុងល្បឿនលឿន ដល់ផ្លូវកោងបែរជាត្រូវបត់យ៉ាងលឿនដែលអាចធ្វើឲ្យរថយន្តមានគ្រោះថ្នាក់។
កន្លងមកនៅប្រទេសហ្វីលីពីនក៏ធ្លាប់មានករណីប្រហាក់ប្រហែលនេះដែរ ប៉ុន្តែក្រោយមករដ្ឋាភិបាលហ្វីលីពីនក៏បានកែសម្រួលវិញខ្លះ ដើម្បីធ្វើឲ្យទីផ្សារអចលនទ្រព្យមានស្ថិរភាព៕LA