ភ្នំពេញៈ បើទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ កំពុងបង្កការថមថយដល់សេដ្ឋកិច្ចសកល និងកម្ពុជាក្តី តែគម្រោងសាងសង់ខុនដូនានានៅកម្ពុជាគឺនៅតែបន្តដំណើរការបញ្ចប់គម្រោងតាមការគ្រោងទុកដដែល។ យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia មានបន្ទប់ស្នាក់ខុនដូថ្មីចំនួន ២ ៨៤៣ យូនីតបានបញ្ចប់ការសាងសង់ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះ។
របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃពុធបង្ហាញថា បើទោះបីក្នុងអំឡុងពេលនេះគ្រប់វិស័យទាំងអស់សុទ្ធតែទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែការសាងសង់បញ្ចប់គម្រោងនៅតែមានភាពល្អប្រសើរ ដោយមានខុនដូចំនួន ៥ គម្រោងស្មើនឹងបន្ទប់ស្នាក់នៅចំនួន ២ ៨៤៣ យូនីតបានដាក់ចូលក្នុងទីផ្សារ។ ចំនួននេះបើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០១៩ គឺស្មើនឹងកំណើន ១៥,៨ ភាគរយ និងបើធៀបត្រីមាសទី ១ ឆ្នាំ ២០១៩ គឺមានកំណើន ៣៦,៦ ភាគរយ។ ក្នុងចំណោមខុនដូថ្មីទាំង ៥ ដែលទើបបញ្ចប់ការសាងសង់នេះ គឺមាន ៤៥,៦ ភាគរយស្ថិតនៅក្រៅតំបន់ពាណិជ្ជកម្មកណ្តាលក្រុង។
របាយការណ៍ខាងលើបានឲ្យដឹងទៀតថា ចំពោះតម្លៃជាមធ្យមរបស់ខុនដូនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០១៩ គឺមានការប្រែប្រួលតិចបំផុត ដោយខុនដូប្រណីត (High-End) មានតម្លៃក្នុងរង្វង់ ៣ ១៦៧ ដុល្លារក្នុង ១ ម៉ែត្រការ៉េធ្លាក់ចុះប្រហែល ០,៥៣ ភាគរយបើធៀបត្រីមាសទី ៤ ឆ្នាំ ២០១៩ ខុនដូប្រភេទមធ្យម (Mid-Range) មានតម្លៃ ២ ៥៥៩ ដុល្លារធ្លាក់ចុះ ១,៣៩ ភាគរយ និងប្រភេទតម្លៃសមរម្យ (Affortable) មានតម្លៃ ១ ៥៤៩ ដុល្លារកើនឡើង ០,៣២ ភាគរយ។ ជាមួយគ្នានេះខុនដូប្រភេទប្រណីតត្រូវបានដាក់ជួលក្នុង ១ ខែតម្លៃជាមធ្យម ១៤, ២១ ដុល្លារក្នុង ១ ម៉ែត្រការ៉េធ្លាក់ចុះ ០,៤ ភាគរយ និងខុនដូប្រភេទមធ្យមមានតម្លៃមធ្យម ១១,៧៩ ដុល្លារធ្លាក់ចុះ ០,៦ ភាគរយ។
បើយោងតាម CBRE Cambodia នៅក្នុងអំឡុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះក៏មានខុនដូចំនួន ៨ គម្រោងដែលស្មើនឹងបន្ទប់ចំនួន ៤ ៥២១ យូនីត បានប្រកាសបើកលក់ផងដែររួមមាន Urban Village II-Tower G, The Garden Residency 2, Phnom Penh Galaxy Garden, PARC 21 Redsidence, The HEXA, AKJ Bright Pearl, Grand Central និងគម្រោង Golden World International។
កញ្ញា គឹម គិនកេសា អ្នកស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ក្រុមហ៊ុន CBRE Cambodia បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍កាលពីថ្ងៃពុធថា បើទោះបីជាការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់វិស័យអចលនទ្រព្យនៅប្រទេសជាច្រើនលើពិភពលោកក៏ដោយ ប៉ុន្តែសម្រាប់កម្ពុជាវិស័យអចលនទ្រព្យក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ នេះគឺមិនទាន់មានអ្វីគួរឲ្យកត់សម្គាល់ទេ។ កញ្ញាថ្លែងថា៖ «ការស្រាវជ្រាវរបស់យើងបង្ហាញថា ក្នុងត្រីមាសទី ១ សកម្មភាពនៃការសាងសង់ និងទីផ្សារខុនដូមានដំណើរទៅមុខជាធម្មតា»។
ទោះបីយ៉ាងណាកញ្ញា គិនកេសា លើកឡើងថាភាពល្អប្រសើរនៃទីផ្សារខុនដូក្នុងត្រីមាសទី ១ ក៏អាចបណ្តាលមកពីកម្ពុជាមិនមានការរីករាលដាលខ្លាំងនៃការឆ្លងជំងឺកូវីដ១៩ ផងដែរ។
ទាក់ទងដំណើរទីផ្សារវិស័យខុនដូនៅកម្ពុជារហូតដល់ចុងឆ្នាំ ២០២០ នេះកញ្ញា គិនកេសា បានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់ហ៊ានវាយតម្លៃបែបណាទេ ព្រោះការប្រែប្រួលវាអាចអាស្រ័យទៅលើដំណើរវិវឌ្ឍន៍នៃការរីករាលដាលជំងឺកូវីដ១៩»។
យោងតាមការព្យាករប្រសិនបើការរីករាលដាលនៃជំងឺកូវីដ១៩ នឹងអាចបញ្ចប់ក្នុងពេលឆាប់ៗក្នុងឆ្នាំ ២០២០ នេះនឹងមានខុនដូចំនួន ១០ ០០០ យូនីតបញ្ចប់ការសាងសង់។ នេះបើតាមកញ្ញា គិនកេសា។
របាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩ កម្ពុជាបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ៤ ៤៤៦ គម្រោងដែលមានតម្លៃវិនិយោគប្រមាណ ៩,៣៥ ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ ២០១៨ ការអនុញ្ញាតលើគម្រោងសាងសង់មានចំនួន ២ ៨៦៧ គម្រោង និងមានតម្លៃប្រមាណ ៥,២២ ពាន់លានដុល្លារ។ តម្លៃទុនវិនិយោគវិស័យសំណង់ក្នុងឆ្នាំ ២០១៩ បានកើនឡើង ៧៨,៨៨ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨៕