ក្រុងបាងកកៈ ក្រុមហ៊ុន​ប្រតិបត្តិការ​សណ្ឋាគារ InterContinental Hotels Group (IHG) នៅតែ​មិន​បារម្ភ​ដោយ​អារម្មណ៍​អវិជ្ជមាន​សម្រាប់​ទេសចរណ៍​របស់​ប្រទេស​ថៃ ខណៈ​ក្រុមហ៊ុន​រៀបចំ​បង្កើន​ទ្វេដង​នូវ​ផលបត្រ​វិនិយោគ​របស់ខ្លួន​ក្នុង​រយៈពេល​ពី ៣ ទៅ ៥ ​ឆ្នាំ​ជាមួយ​នឹង​គម្រោង​ប្រើប្រាស់​ចម្រុះ ដែលជា​ជម្រើស​ពេញនិយម​ខ្លាំង​សម្រាប់​វិនិយោគិន​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​។

អ្នកស្រី Serena Lim អនុប្រធាន​ផ្នែក​អភិវឌ្ឍន៍​សណ្ឋាគារ​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង អាស៊ី​ខាងកើត និង​កូរ៉េ​បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា​៖ «​មាន​ឧបសគ្គ​ជាច្រើន​ប្រឆាំង​នឹង​អាជីវកម្ម​ទេសចរណ៍ ប៉ុន្តែ​យើង​តែងតែ​ចងចាំ​ថា ប្រទេស​ថៃ​មាន​ភាពរឹងមាំ និង​បាន​រួច​ផុតពី​កាលៈទេសៈ​ពិបាក​កាលពី​អតីតកាល​ដូចជា​ទឹកជំនន់ និង​ការបិទ​ព្រលានយន្តហោះ​ក្នុង​អំឡុង​ចលាចល​នយោបាយ​ជាដើម​»​។


ថៃ​គឺជា​ទីផ្សារ​ឈានមុខ​គេ​មួយ​សម្រាប់​ទីតាំង​ឈរជើង​របស់​ក្រុមហ៊ុន IHG ក្នុង​តំបន់ បន្ទាប់មក​គឺ​វៀតណាម ឥណ្ឌូនេស៊ី​ និង​ម៉ាឡេស៊ី​។


ក្រុមហ៊ុន​សម្ព័ន្ធ​នេះ​មាន​សណ្ឋាគារ​ចំនួន ២៩ កំពុង​បម្រើសេវា និង​សណ្ឋាគារ​៣០ ស្ថិត​ក្នុង​ផែនការ​ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​រយៈពេល​ពី ៣ ទៅ ៥ ​ឆ្នាំ​។


វិស័យ​ដែល​ទទួល​ជោគជ័យ​សម្រាប់​ប្រទេស​ថៃ​គឺ​ទីផ្សារ​កណ្ដាល​ដែល​សណ្ឋាគារ Holiday Inn មាន​ឱកាស​ល្អ​បំផុត​សម្រាប់​ការពង្រីក​ខ្លួន ខណៈ​ដែល​សណ្ឋាគារ​នេះ​បម្រើភ្ញៀវ​ទេសចរ​ដែល​មាន​ប្រាក់ចំណូល​មធ្យម និង​អ្នកដំណើរ​ក្នុង​ស្រុក​ដែល​ជា​ប្រភព​សំខាន់​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​ក្នុងប្រទេស​នេះ​។


បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​ទៀតថា សណ្ឋាគារ Holiday Inn ក៏​ជា​យីហោ​រីកចម្រើន​រហ័ស​បំផុត​របស់​ក្រុមហ៊ុន IHG ផងដែរ ខណៈ​ដែល​ជាង ៥០ ភាគរយ​នៃ​កិច្ចព្រមព្រៀង​គ្រប់គ្រង​សណ្ឋាគារ​នៅក្នុង​តំបន់​នានា​ដែល​ស្ថិតក្រោម​ការទទួល​ខុសត្រូវ​របស់​អ្នកស្រី​គឺ​កំពុង​ស្ថិត​ក្រោម​យីហោ​នេះ ។


ទោះយ៉ាងណា​លោកស្រី Lim បាន​ឲ្យ​ដឹងថា ក្រុម​វិនិយោគិន​ក្នុង​ប្រទេស​ថៃ ទំនង​ជា​នឹង​កាន់តែ​មាន​ភាពប្រាកដប្រជា​អំពី​ស្ថានការ​ដែល​កំពុង​កើតឡើង​ដែល​ប៉ះពាល់​ដល់​អាជីវកម្ម​។

លោកស្រី​បន្តថា អ្នក​ដែល​នៅតែ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​លើ​ការវិនិយោគ​ថ្មី គឺ​ម្ចាស់​ដែល​មាន​បទពិសោធ​ពីមុន​ខាង​ផ្នែក​អាជីវកម្ម​បដិសណ្ឋារកិច្ច​។ ក្រុម​វិនិយោគិន​ប្រភេទ​នេះ​គឺជា​ទិសដៅ​ដ៏សំខាន់​ដែល​ក្រុមហ៊ុន IHG បាន​ចាប់ដៃ​ធ្វើជា​ដៃគូ​។

អ្នកស្រី Lim ថ្លែងថា​៖ «​ក្រុម​វិនិយោគិន​សណ្ឋាគារ​ថៃ​កាន់តែ​មាន​ភាពប្រាកដប្រជា ដោយសារ​តែ​តម្លៃ​ដី​កើនឡើង​ដែល​ធ្វើឲ្យ​ពួកគេ​មាន​ការយល់ដឹង​កាន់តែ​ខ្លាំង​អំពី​ថវិកា​»​។

អ្នកស្រី​បញ្ជាក់ថា ម្ចាស់​សណ្ឋាគារ​នានា​កំពុង​ជ្រើសរើស​យក​បច្ចេកវិទ្យា ដើម្បី​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​សេវា​បម្រើភ្ញៀវ និង​ដំណើរការ​សណ្ឋាគារ​ដែល​ខុសគ្នា​ពី​អគារ​សណ្ឋាគារ​ប្រពៃណី​កាលពី​អតីតកាល​ដែលជា​ធម្មតា​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ភាព​ប្រណីត​។

លើសពីនេះ​ទៀត​ពួកគេ​មាន​ទំនោរ​ទៅ​រក​ការប្រុងប្រយ័ត្ន​អំពី​ការជ្រើសរើស​ទីតាំង​ដែល​មាន​តម្រូវការ​ធ្វើដំណើរ​ដ៏រឹងមាំ ហើយ​ពួកគេ​ចង់​មាន​សណ្ឋាគារ​មាន​បរិក្ខារ​ដែល​អាច​ត្រូវ​នឹង​ទីផ្សារ​ជា​ទិសដៅ​។

លោកស្រី Lim បន្តថា​៖ «​នៅពេល​តម្លៃ​ដី​កាន់តែ​ខ្ពស់​ខ្លាំង យើង​ជំរុញ​ឲ្យ​ម្ចាស់​សណ្ឋាគារ​ត្រូវ​ពិចារណា​លើ​ការអភិវឌ្ឍ​គម្រោង​ប្រើប្រាស់​ចម្រុះ​ដែល​នឹង​ជួយ​ធ្វើ​ពិពិធកម្ម​ប្រភព​ចំណូល​បាន​ពី​សេវា​ប្រើប្រាស់​ផ្សេងៗ​ដូចជា​ផ្ទៃក្រឡា​លក់រាយ និង​ការិយាល័យ​ជាដើម​»៕ LA