ទីក្រុងដូហាៈ កាតា​ជា​ប្រទេស​អ្នកមាន​ដោយសារ​ប្រេង​បាន​បើក​ទីផ្សារ​អចលនទ្រព្យ​របស់ខ្លួន​ដល់​ជនបរទេស​ជាមួយ​គម្រោងការ​ផ្តល់ឱ្យ​អ្នក​ទាំងនោះ​ដែល​ទិញ​ផ្ទះ ឬ​ហាង នូវ​សិទ្ធិ​ហៅថា​ «​ផ្ទះ​នៅ​ប្រទេស​តំបន់​ឈូង​សមុទ្រ​»​។

គម្រោង​ដែល​បានប្រកាស​កាលពី​ខែកញ្ញា​ជា​ផែនការ​ចុងក្រោយ​បំផុត​នៃ​វិធានការ​ដែល​បាន​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ប្រទេស​កាតា​ងាក​ចេញពី​ការពឹង​ផ្អែកលើ​វិស័យ​ប្រេង និង​ទាក់ទាញ​មូលធន​បរទេស​នៅមុន​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០២២​។


បុគ្គល​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​ត្រូវបាន​អញ្ជើញ​ឱ្យទៅ​មើល​តំបន់​គម្រោង​អគារ​នៅ​ចុង​ប៉ម​មាត់សមុទ្រ​នៃ​កោះគុជ​ដែល​បាន​បង្កើតឡើង​នៅ​ទីក្រុង ដូហា ឬ​គម្រោង​ទីក្រុង Lusail ថ្មី​ដែល​នៅ​ជិត​ពហុកីឡដ្ឋាន​បាល់ទាត់​ពិភពលោក​។ អង្គភាព​លក់រាយ​នៅតាម​ផ្សារ​ទំនើប​ក៏មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​អ្នកទិញ​ស្នាក់នៅ​ផងដែរ​។


យោងតាម​សន្ទស្សន៍​ថ្លៃ​របស់ ValuStrat ដែលជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​សម្រាប់ អចលនទ្រព្យ​លំនៅឋាន កំណែទម្រង់​នេះ​ក៏​អាចជួយ​ធ្វើឱ្យ​មាន​ការផ្គត់ផ្គង់​លើស​ចំនួន​ផងដែរ​។


កាលពី​ពេលមុន អ្នកវិនិយោគ​ត្រូវការ​ការគាំទ្រ​ពី​បណ្តា​អាជីវកម្ម​កាតា​ ឬ​ក៏​បុគ្គល​សម្រាប់​លំនៅឋាន ប៉ុន្តែ​ពេលនេះ​ការទិញ​អចលនទ្រព្យ​តម្លៃ​ ២០ ​ម៉ឺនដុល្លារ​ធានា​ចំពោះ​តាំងទី​លំនៅ​បណ្តោះអាសន្ន​សម្រាប់​ភាព​ជា​ម្ចាស់​។ ការទិញ​តម្លៃ​ ១ ​លាន​ដុល្លារ​នឹង​មាន​ផលប្រយោជន៍​នៃ​ការតាំង​ទីលំនៅ​អចិន្រៃ្តយ៍​រួមទាំង​ការសិក្សា និង​សេវា​សុខភាព​មិន​បង់ថ្លៃ​។


អ្នកស្រី Tina Chadda ប្រធាន​ទីផ្សារ​ដែលជា​ជនជាតិ​កេនយ៉ា​ដែល​បានរស់នៅ​ក្នុង​ប្រទេស​កាតា​រយៈពេល​ ១៥ ​ឆ្នាំ​បាន​និយាយថា​៖ «​ខ្ញុំ​គិតថា ខ្ញុំ​អាច​ហៅថា ជា​ផ្ទះ​ខ្ញុំ​នៅ​កាតា​។ ខ្ញុំ​មាន​អារម្មណ៍​ថា កាន់តែ​មាន​ផាសុកភាព​»​។


Chadda និយាយថា ទិដ្ឋាការ​ក៏​នឹង​អនុញ្ញាត​ឱ្យ​នាង​នាំយក​គ្រួសារ​រួមទាំង​ឪពុកម្តាយ​ចាស់ជរា​ពី​ទីក្រុង Nairobi​ ប្រទេស​កេនយ៉ា​ទៅ​កាន់​ប្រទេស​កាតា​ ផងដែរ ដោយ​បន្ថែម​៖ «​វា​ជា​ប្រទេស​មាន​សុវត្ថិភាព​ប្រៀបធៀប​ទៅនឹង​ប្រទេស​កេនយ៉ា​»​។

បណ្តា​ប្រទេស​នៅ​តំបន់​ឈូងសមុទ្រ​ពែរ្ស៍​បាន​ពឹងផ្អែក​ជាយូរ​មកហើយ​លើ​ជំនាញ និង​បទពិសោធ​បរទេស​ដើម្បី​ប្រែក្លាយ​ប្រាក់​ដុល្លារ​បាន​ពី​ការលក់​ប្រេង​របស់​ពួកគេ​ទៅក្នុង​ទីក្រុង​ដែល​ពោរពេញ​ដោយ​អគារ​ក្នុង​តំបន់​នេះ ប៉ុន្តែ​កម្រ​ធ្វើ​វា​ឱ្យ​ងាយស្រួល ឬ​ថោក​សម្រាប់​ជនបរទេស​ដើម្បី​ទៅ​រស់នៅ​ជា​អចិន្រៃ្តយ៍​នោះ​។

គម្រោង​ស្រដៀង​គ្នា​នេះ​ក៏​មាននៅ​ប្រទេស​ផ្សេង​ក្នុង​តំបន់​ឈូងសមុទ្រ ប៉ុន្តែ​សម្រាប់​ការចំណាយ​ខ្ពស់ជាង​ច្រើនណាស់​។ ទីក្រុង​ឌូបៃ ផ្តល់ជូន​ទិដ្ឋាការ​ស្នាក់នៅ​រយៈពេល​ ១០ ​ឆ្នាំ​ សម្រាប់​ការវិនិយោគ​ដែលមាន​តម្លៃ​ ២,៧ ​លាន​ដុល្លារ ដោយ​ ៤០ ​ភាគរយ ​នៃ​ទឹកប្រាក់​នេះ​ត្រូវតែ​នៅក្នុង​អចលនទ្រព្យ​៕ RR