ភ្នំពេញៈ ភ្នាក់ងារ​អចលនទ្រព្យ Team Channy ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក និង​ទទួល​បាន​អាជ្ញាប័ណ្ណ​ផ្នែក​អចលនទ្រព្យ​ពី​ក្រុមហ៊ុន​អចលនទ្រព្យ Remax Top Producers របស់​អាមេរិក​បាន​ចាប់ផ្តើម​ផ្ដល់​សេវា​ទិញ និង​ជួល​អចលនទ្រព្យ​សម្រាប់​អតិថិជន​កម្ពុជា​ដែល​ស្វែងរក​ការវិនិយោគ​លើ​អចលនទ្រព្យ​នៅ​អាមេរិក​។

អ្នកស្រី ឈរ ចាន់នី ប្រធាន​ក្រុម​របស់​ភ្នាក់ងារ Team Channy ដែលមាន​បទពិសោធ​ជាង ១០ ​ឆ្នាំ​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​អាមេរិក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​អង្គារ​ថា បើទោះ​ជា​មិនមាន​សញ្ជាតិ​អាមេរិក ឬ​មិនមាន​សិទ្ធិ​រស់នៅ​អាមេរិក​ក្តី ក៏​ប្រជាជន​កម្ពុជា​អាច​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​ទីនោះ​បាន​ដោយ​មិនមាន​ការភ័យខ្លាច​។


អ្នកស្រី​ថ្លែងថា​៖ «​ក្រុម​របស់ខ្ញុំ​នឹង​ជួយ​សម្រួល​ដល់​អ្នក​ដែល​ចង់បាន​ផ្ទះ និង​ចង់​ឲ្យ​កូនៗ​របស់​ពួកគេ​សិក្សា​នៅ​ទីនោះ ហើយ​ពួកគេ​ក៏​អាច​ទិញ​ផ្ទះ​សម្រាប់​ការវិនិយោគ ឬ​ជួល​ផងដែរ ដែល​ក្រុម​របស់​យើង​នឹង​ជួយ​ស្វែងរក​អតិថិជន [​ដើម្បី​ជួល ឬ​លក់​ចេញ​វិញ​]»​។


អ្នកស្រី Channy បាន​ឲ្យ​ដឹងថា ជាមួយ​នឹង​បទពិសោធ​ជាង ១០ ​ឆ្នាំ​ លើ​អចលនទ្រព្យ​នៅ​អាមេរិក ក្រុម​របស់​អ្នកស្រី​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការទិញ​ផ្ទះ​នៅ​អាមេរិក​ដោយ​មាន​ឯកសារ​ស្របច្បាប់​។ បច្ចុប្បន្ន​មាន​អតិថិជន​ប្រហែល ១០ ​នាក់​មកពី​ប្រទេស​ កម្ពុជា​ ដែល​បាន​ទិញ​ផ្ទះ​នៅ​អាមេរិក​។


អ្នកស្រី​បន្តថា​៖ «​អតិថិជន​មាន​សិទ្ធិ​ក្នុង​ការទិញ​អចលនទ្រព្យ​នៅ​អាមេរិក ដោយ​ពួកគេ​ត្រូវមាន​ប្រាក់ ២៥​ ​ភាគរយ​នៃ​តម្លៃ​អចលនទ្រព្យ [​ដែល​ត្រូវ​ទិញ​] ហើយ​ប្រាក់​ដែល​នៅសល់​ស្វែងរក​កម្ចី​ពី​ធនាគារ​»​។


ដោយ​ប្រៀបធៀប​ជាមួយ​តំបន់​កំពុងអភិវឌ្ឍន៍​នៅ​អាមេរិក អ្នកស្រី​បន្ថែមថា​៖ «​យើង​មើលឃើញ​ថា តម្លៃ​ផ្ទះ​នៅ​អាមេរិក​នៅពេល​បច្ចុប្បន្ន​មានតម្លៃ​ប្រហាក់ប្រហែល​គ្នា​នឹង​​ប្រទេស​កម្ពុជា ដូច្នេះ​ពួកគេ​គួរតែ​ពិចារណា​វា​»​។


អ្នកស្រី​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ថា ដោយ​ការវិនិយោគ​លើ​អចលនទ្រព្យ​នៅ​កម្ពុជា​ស្ទើរតែ​ពឹងផ្អែក​ទាំងស្រុង​លើ​ការវិនិយោគិន​ពី​បរទេស ជាពិសេស​ក្រុម​វិនិយោគិន​ចិន​នោះ ហើយ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​ឈប់​ចេញ​អាជ្ញាប័ណ្ណ​សម្រាប់​ប្រតិបត្តិការ​ភ្នាល់​ល្បែង​តាម​អ៊ីនធឺណិត​ទាំងនេះ​នឹង​មាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោកស្រី​បន្តថា​៖ «​យើង​គិតថា ទីផ្សារ​អចលនទ្រព្យ​អាមេរិក​មាន​ស្ថិរភាព​ជាង​នៅ​កម្ពុជា ដោយសារ​វា​ពឹងផ្អែក​ខ្លាំង​លើ​ក្រុម​វិនិយោគិន​បរទេស ដូច្នេះ​តម្លៃនឹង​កើនឡើង និង​ធ្លាក់ចុះ​ដោយសារ​ក្រុម​វិនិយោគិន​ទាំងនោះ​ជា​អ្នកកំណត់​វា​។ យើង​ជឿជាក់​ថា ការទិញ​លំនៅឋាន​នៅ​អាមេរិក​នឹង​ផ្ដល់​មោទនភាព និង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ជាង​នៅទីនេះ​»​។

ព្រឹត្តិបត្រ​ស្ថិតិ​ជញ្ជីងទូទាត់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ឲ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា ការវិនិយោគ​ផ្ទាល់​នៅ​ក្រៅ​ប្រទេស​របស់​កម្ពុជា​បាន​ធ្លាក់ចុះ ១៣,៤៥ ភាគរយ ​ក្នុង​អំឡុង​ពេល ៩ ​ខែ​ដំបូង​កាលពី​ឆ្នាំមុន​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៨ មក​នៅត្រឹម​ចំនួន ៨១,៣៨ លាន​ដុល្លារ​ពី​ចំនួន ៩៤,០៣ លាន​ដុល្លារ​។

នៅ​ឆ្នាំ​ ២០១៨ ការវិនិយោគ​ផ្ទាល់​នៅក្រៅ​ប្រទេស​របស់​កម្ពុជា​មាន​តម្លៃ​ជាង ១២២,៩ ​លាន​ដុល្លារ កើន ៧,៧៣ ភាគរយ​ ពី ១១៤,០៨ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧​។

ទោះយ៉ាងណា របាយការណ៍​នេះ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ប្រទេស​ដែល​កម្ពុជា​បាន​វិនិយោគ​នោះទេ​៕ LA