ទីក្រុងប៉ារីសៈ ខណៈប្រជាជនអឺរ៉ុបស្ថិតនៅក្នុងចំណុចកណ្ដាលនៃការរីករាលដាលវីរុសកូរ៉ូណា ក្រុមអ្នកស្ម័គ្រចិត្តបានលេចមុខឡើងដើម្បីនាំយកជំនួយ និងសង្ឃឹមថានឹងមានចែកចាយស្បៀងអាហារជាច្រើនដល់ក្រុមមនុស្សចាស់ រីឯម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់បានរៀបចំការផ្តល់កន្លែងស្នាក់នៅសម្រាប់បុគ្គលិកសុខាភិបាល និងការចែកចាយម៉ាស់មុខដែលដេរថ្មីៗ។
ក្រុមវីរបុរសក្នុងពេលវិបត្តិមួយចំនួនកំពុងបង្ហាញដល់ក្មេងៗតាមអនឡាញ ដើម្បីធ្វើឲ្យឪពុកម្ដាយធូរស្រាលដែលកំពុងគ្រប់គ្រងផ្ទះ និងធ្វើការងារផ្ទះ ចំណែកអ្នកផ្សេងទៀតកំពុងផ្ដល់ការបង្រៀនដោយមិនយកប្រាក់សម្រាប់ការធ្វើយូហ្គា និងលំហាត់ប្រាណផ្សេងទៀត ខណៈស្ថិតនៅក្នុងការបង្ខាំងខ្លួន។
លោក Fabrizio Gatti អាយុ ៥៧ ឆ្នាំ គឺជាជនជាតិអ៊ីតាលីដែលទើបត្រឡប់មកពីជួយសង្គ្រោះជនចំណាកស្រុកនៅមហាសមុទ្រមេឌីទែរ៉ាណេ ដើម្បីបើកបររថយន្តសង្គ្រោះបន្ទាន់នៅក្នុងទីក្រុង Brescia ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងរងផលប៉ះពាល់ខ្លាំងបំផុតរបស់ប្រទេសកំណើតរបស់លោក។
នៅក្នុងប្រទេសបារាំង និងប្រទេសហុងគ្រី ម្ចាស់អចលនទ្រព្យបានរៀបចំអគារ និងផ្ទះសំណាក់ជាច្រើន ដើម្បីផ្តល់កន្លែងដល់បុគ្គលិកវេជ្ជសាស្ដ្រដោយមិនគិតប្រាក់។ ចំណែកនៅទីក្រុងឡុងដ៍របស់ប្រទេស អង់គ្លេស និងទីក្រុងរ៉ូមប្រទេស អ៊ីតាលី ក្រុមអ្នកបើកបររថយន្តឈ្នួលដឹកបុគ្គលិកសុខាភិបាលទៅធ្វើការងារ និងត្រឡប់មកផ្ទះវិញដោយមិនគិតប្រាក់។
លោក Vincent Hein អ្នកវិភាគចិត្តសាស្ដ្រនៅប្រទេសបារាំងបានឲ្យដឹងថា ការស្ម័គ្រចិត្តបែបនោះនៅក្នុងគ្រាលំបាកគឺជាមុខងារនៃភាពអត់ធ្មត់របស់មនុស្ស។
លោកបន្តថា៖ «នៅពេលយប់ប្រជាជនត្រូវបានដាក់កម្រិតឲ្យនៅក្នុងផ្ទះ។ វាជាគំរូមួយនៃសាមគ្គីភាពក្នុងតំបន់អឺរ៉ុប»។
លោក Suresh Goyal ដែលគ្រប់គ្រងភោជនីយដា្ឋនឥណ្ឌាមួយនៅទីក្រុងវ៉ាសូវី បានឲ្យដឹងថា លោកនាំយកអាហារជាច្រើនឲ្យក្រុមគ្រូពេទ្យ និងក្រុមគិលានុបដ្ឋាយិកានៅក្នុងមន្ទីរពេទ្យផ្សេងៗគ្នាចំនួន ៤ ជារៀងរាល់ថ្ងៃ។
លោកគឺជាអ្នកជំនាញ ១ រូប ក្នុងចំណោមក្រុមអ្នកជំនាញឧស្សាហកម្មអាហារជាច្រើនដែលផ្ដល់អាហារដោយមិនគិតប្រាក់ដល់ក្រុមបុគ្គលិកវេជ្ជសាស្ដ្រនៅជួរមុខនៃការប្រយុទ្ធប្រឆាំងក្នុងការទប់ស្កាត់ការរីករាលដាលនេះ។
នៅទីក្រុង Belfast នៃអៀរឡង់ខាងជើងមានភោជនីយដា្ឋនថៃមួយបានប្រើប្រាស់បន្ទប់ទាំងអស់របស់ខ្លួនដើម្បីចម្អិនអាហារសម្រាប់មន្ទីរពេទ្យនៅក្បែរនោះ។
ហាងលក់ Domino''s Pizza នៅកណ្ដាលប្រទេសបារាំងបានចែកចាយនំរាប់រយដល់មជ្ឈមណ្ឌលសម្រាប់ជនភៀសខ្លួនវ័យក្មេង ហើយនៅទីក្រុងវ៉ាសូវី សាលាបង្រៀនចម្អិនអាហារមួយសម្រាប់ក្មេងៗ ចែកចាយស៊ុប ៥០ លីត្រប្រចាំថ្ងៃដល់មនុស្សចាស់ៗ អ្នកជំងឺ និងបុគ្គលិកវេជ្ជសាស្ដ្រជាការរួមចំណែកជាសាធារណៈ។
នៅក្នុងប្រទេសបារាំង ប្រជាជនប្រហែល ៤០ ០០០ នាក់ បានស្ម័គ្រចិត្តរយៈពេល ១ ថ្ងៃ ដើម្បីជួយប្រមូលផល និងធ្វើការងារជាកម្លាំងពលកម្មកសិកម្មផ្សេងទៀត៕ LA