ភ្នំពេញៈ រដ្ឋាភិបាល​អនុម័ត​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​ ៥២៥ ​គម្រោង ដែល​មាន​តម្លៃ​ ១,១៧ ​ពាន់​លាន​ដុល្លារ ​នៅ​ខែ​កក្កដា​នេះ​ បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

របាយការណ៍​បង្ហាញថា ទុនវិនិយោគ​វិស័យ​សំណង់​ក្នុង​ខែ កក្កដា ឆ្នាំ ២០១៩ បាន​កើនឡើង​ជិត​ ៤០ ​ភាគរយ​ បើ​ធៀប​នឹង​ខែ កក្កដា ឆ្នាំ​ ២០១៨ ដែល​មាន ៣៣០ និង​មាន​តម្លៃ ៨៤៣ ​លាន​ដុល្លារ​។


ក្នុងចំណោម​ទឹកប្រាក់​វិនិយោគ​សរុប​ក្នុង​រយៈពេល​ ១ ​ខែ​នេះ គម្រោង​ដែល​មាន​តម្លៃ​ ១ ​ពាន់​លាន​ដុល្លារ​ ត្រូវបាន​អនុម័ត​នៅ​ថ្នាក់ជាតិ​ចំនួន ១២៩ ​លាន​ដុល្លារ​ នៅ​ថ្នាក់​រាជធានី​ខេត្ត​ក្រុង​។ នេះ​បើ​យោង​តាម​របាយការណ៍​។


លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី «​ការផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី​គម្រោង​អភិវឌ្ឍន៍​ក្រុង​បូកគោ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​» កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​សំណង់​បាន​ក្លាយ​ជា​សសរស្តម្ភ​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។


លោក​បន្តថា​ជាក់ស្តែង​ក្នុង​ឆ្នាំ​ ២០០០ ការវិនិយោគ​ក្នុង​វិស័យ​សំណង់​មាន​ទំហំ​ត្រឹម​តែ ៣២៦ ​លាន​ដុល្លារ និង​ឈានដល់​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅ​ឆ្នាំ​ ២០០៧ ដែលមាន​ទំហំ​វិនិយោគ​ជាង​ ៣ ​ពាន់​លាន​ដុល្លារ​។ ទោះបី​យ៉ាង​ណា​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​សកល​បាន​ធ្វើឲ្យ​ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​ធ្លាក់ចុះ​ចំនួន ៤ ​ឆ្នាំ​ជាប់​គ្នា បន្ទាប់ពី​បានចាប់ផ្តើម​កើន​ឡើងវិញ​ក្នុង​ឆ្នាំ​ ២០១២ រហូត​ដល់​បច្ចុប្បន្ន​។


លោក​ថ្លែង​ថា​៖ «​ដើម្បី​គាំទ្រ​ដល់​ការរីកលូតលាស់​នៃ​នគរូបនីយកម្ម រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការរៀបចំ​ដែនដី​ដោយ​បាន​កំណត់​តំបន់​មាន​សក្តានុពល​សម្រាប់​អភិវឌ្ឍ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​ប្រជាជន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាអាទិ៍ ប៉ូល​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ ប៉ូល​ខេត្ត​សៀមរាប ខេត្ត​ព្រះសីហនុ និង​ទីប្រជុំជន​តាម​ព្រំដែន​ជាដើម​»​។


លោក​បន្ត​ថា​ការអភិវឌ្ឍ​នេះ​គឺ​ទាមទារ​ជា​ចាំបាច់​ពី​ការចូលរួម​ចំណែក​របស់​វិស័យ​ឯកជន​ទាំង​ក្នុងស្រុក និង​បរទេស​។

គិត​ត្រឹម​ខែ​ កក្កដា ឆ្នាំ​ ២០១៩ អគារ​ដែល​មាន​កម្ពស់​ចាប់ពី​កម្ពស់ ៤០ ​ជាន់​ឡើង​ទៅ​មាន​ចំនួន ៣២ ​អគារ​។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។

កាលពី​ឆ្នាំ​ ២០១៨ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ​សរុប​ប្រមាណ​ ៥,២ ពាន់​លាន​ដុល្លារ ​ធ្លាក់ចុះ ១៨ ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧ ដែល​មាន​តម្លៃ​ជាង ៦,៤ ​ពាន់​លាន​ដុល្លារ​៕ LA