ភ្នំពេញៈ ទោះបី​សកម្មភាព​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​សញ្ញា​អវិជ្ជមាន​កាន់តែ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ដោយសារ​រង​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ កាន់តែខ្លាំង​ក៏ដោយ ប៉ុន្តែ​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ហាក់​ដូចជា​ពុំមាន​សញ្ញា​ធ្លាក់​ថ្លៃ​នោះទេ​។ នេះ​បើតាម​អ្នក​នៅក្នុង​វិស័យ​អចលនទ្រព្យ​កាលពី​ថ្ងៃ​ម្សិលមិញ​។

បច្ចុប្បន្ននេះ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ មិន​ត្រឹមតែ​បាន​ធ្វើឲ្យ​សម្ទុះ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ធ្លាក់​ចុះខ្សោយ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​ចំនួន​សម្រេច​កាត់បន្ថយ​ចំនួន​បុគ្គលិក​មក​បម្រើ​ការងារ និង​មួយចំនួន​ទៀត​ឈានដល់​ការបិទ​ការិយាល័យ​មួយរយៈ​ទៀតផង​។


អ្នកស្រី Grace Rachny អគ្គនាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុងមាន​ការធ្លាក់ចុះ​ដោយសារ​ក្តីបារម្ភ​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ហើយ​ការធ្លាក់ចុះ​នេះ​គឺ​មាន​នៅ​គ្រប់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​។ អ្នកស្រី​បន្តថា ការធ្លាក់ចុះ​ខ្លាំង​គឺ​កើតមាន​ចំពោះ​សកម្មភាព​ទិញ​លក់​អចលនទ្រព្យ​ធំៗ ចំណែក​ការទិញ​លក់​អចលនទ្រព្យ​ដែល​មាន​តម្លៃ​មធ្យម និង​ទាប​មិន​សូវ​ជាមាន​បញ្ហា​ទេ​។


អ្នកស្រី​លើក​ឡើង​ថា ការរឹតបន្តឹង​លើ​ការធ្វើដំណើរ​របស់​ប្រទេស​នីមួយៗ​ដើម្បី​កាត់បន្ថយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ គឺជា​មូលហេតុ​ចម្បង​ដែល​ធ្វើឲ្យ​ការទិញ​លក់​អចលនទ្រព្យ​ដែល​មាន​តម្លៃ​ថ្លៃ​ត្រូវ​ជាប់គាំង ព្រោះ​ការវិនិយោគ​ទាំងនោះ​ភាគច្រើន​ជា​ការវិនិយោគ​របស់​វិនិយោគិន​ធំៗ ឬ​ក្រុមហ៊ុន​មកពី​បរទេស​។


អ្នកស្រី​បាន​ថ្លែងថា​៖ «​នៅ​មុនពេល​ប្រទេស​ជាច្រើន​បិទ​ព្រំដែន លំហូរ​នៃ​ការធ្វើដំណើរ​របស់​អ្នកវិនិយោគ​បរទេស និង​ការបញ្ជាទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​សកម្មភាព​ជា​ហូរហែ ប៉ុន្តែ​បន្ទាប់ពី​មាន​ការបិទ​ព្រំដែន វា​បាន​ធ្វើឲ្យ​ការបញ្ជាទិញ​ភាគច្រើន​ត្រូវ​ពន្យារពេល​»​។


ខណៈ​ពេល​ទីផ្សារ​កំពុង​ធ្លាក់​ល្បឿន អ្នកស្រី Grace Rachny អះអាង​ថា​នេះ​គឺជា​ដំណាក់កាល​ល្អ​សម្រាប់​អ្នក​ដែល​មាន​ប្រាក់​ក្នុង​ដៃ និង​ចង់​ស្វែងរក​ទិញ​អចលនទ្រព្យ​ក្នុងតម្លៃ​សមរម្យ​។ អ្នកស្រី​បញ្ជាក់ថា​៖ «​នេះ​ជា​ឱកាស​ដែល​ពួកគេ​អាច​បញ្ជា​ទិញ​អចលនទ្រព្យ​ក្នុង​តម្លៃ​ល្អ និង​ដំណើរ​ការចរចា​មាន​ភាពងាយស្រួល​ជាង​ពេល​ធម្មតា​»​។


ក្នុង​នាម​ជា​អ្នកមាន​បទពិសោធ​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​អចលនទ្រព្យ អ្នកស្រី​ថ្លែងថា​៖ «​ខណៈ​បច្ចុប្បន្ន​សញ្ញា​វិជ្ជមាន​ពី​ការរកឃើញ​ថ្នាំ​ព្យាបាល និង​វ៉ាក់សាំង​ពី​បណ្តា​ប្រទេស​រីកចម្រើន​មាន​កាន់តែ​ច្រើន ហើយ​ប្រសិន​បើ​អង្គការ​សុខភាព​ពិភពលោក​បញ្ជាក់​ពី​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទៀត​នោះ ខ្ញុំ​រំពឹង​ថា វិស័យ​អចលនទ្រព្យ​នឹង​ងើប​ល្អ​ឡើងវិញ​។ ខ្ញុំ​គិតថា នេះ​ជា​ផលប៉ះពាល់​រយៈពេល​ខ្លី​ប៉ុណ្ណោះ​»​។

លោក សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ​បាន​និយាយថា ភាពស្ទាក់ស្ទើរ​ពី​ក្តីបារម្ភ​ការអូសបន្លាយ​ពេល​របស់​ជំងឺ​កូវីដ ១៩ បាន​ធ្វើឲ្យ​ភាព​មមាញឹក​របស់​ទីផ្សារ​អចលនទ្រព្យ​ត្រូវ​កាត់បន្ថយ​យ៉ាងច្រើន​។ លោក​អះអាង​ថា​៖ «​កូវីដ​១៩ បាន​បង្អាក់ ឬ​ធ្វើឲ្យ​អ្នក​ដែលមាន​បំណង​ទិញ​អចលនទ្រព្យ​គ្រប់​ប្រភេទ​មាន​ការរារែក​ចិត្ត ឬ​សម្រេច​ផ្អាក​មួយរយៈ​សិន​»​។

ទោះបី​ជា​លោក សុខនឿន មិនមាន​ក្តីបារម្ភ​ចំពោះ​ទីផ្សារ​នេះ ប៉ុន្តែ​លោក​បញ្ជាក់ថា​៖ «​វា​អាស្រ័យ​ទៅ​លើ​រយៈពេល​នៃ​ការអូសបន្លាយ​របស់​ជំងឺ​កូវីដ​១៩ ផងដែរ​»​។

យល់ស្រប​នឹង​ការលើកឡើង​របស់​អ្នកស្រី Rachny លោក សុខនឿន បាន​បញ្ជាក់ថា ការធ្លាក់ចុះ​សកម្មភាព​ទីផ្សារ​នៅពេល​នេះ​គឺជា​ឱកាស​មាស សម្រាប់​អ្នក​ដែល​មាន​បំណង​ទិញ​អចលនទ្រព្យ​យក​ទៅ​ប្រើប្រាស់ ឬ​វិនិយោគ​នៅពេល​ខាងមុខ​។

ម្ចាស់​ក្រុមហ៊ុន​ពុះ​ដីឡូត៍​លក់​នៅ​ខេត្តកំពត និង​ជាយ​រាជធានី​ភ្នំពេញ​លោក វិន ឈុនហៀត បាន​និយាយថា ព័ត៌មាន​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ បានធ្វើ​ឲ្យ​ការលក់​ដីឡូត៍​របស់​ក្រុមហ៊ុន​លោក​ធ្លាក់ចុះ​យ៉ាងខ្លាំង​នា​រយៈពេល​ចុងក្រោយ​នេះ​។ លោក​បន្តថា នៅពេល​នេះ​មិន​ត្រឹមតែ​គ្មាន​អ្នកទិញ​ប៉ុណ្ណោះ​ទេ សូម្បី​អតិថិជន​ដែល​បាន​ណាត់​ទៅ​មើល​ទីតាំង ក៏​គេ​ពន្យារពេល​វិញ​ដែរ ព្រោះ​បារម្ភ​ពី​ការឆ្លង​កូវីដ​១៩​។ ផលប៉ះពាល់​នៅពេល​នេះ​គឺមាន​ទំហំ​ធំ និង​ទៅលើ​គ្រប់​វិស័យ​។

លោក​និយាយថា​៖ «​នៅ​មុនពេល​មាន​ការផ្ទុះ​ជំងឺ​កូវីដ​១៩ ក្នុង​សប្តាហ៍​ខ្លះ​ក្រុមហ៊ុន​ខ្ញុំ អាច​លក់​ដី​បាន​ជាង​ ២០ ​ឡូត៍ ក៏ប៉ុន្តែ​ចាប់តាំងពី​ដើម​ខែ​មីនា​មក ការ​លក់​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់ ពិសេស​ក្នុង​រយៈពេល​ជាង ១ សប្តាហ៍​ចុងក្រោយ​នេះ​គឺ​លក់​មិនបាន​សោះតែ​ម្តង​»​។

បើតាម​លោក ឈុនហៀត ការលក់​ដី​មិន​ដាច់​នៅពេល​នេះ​គឺ​ដោយសារ​ប្រជាជន​មិនសូវ​ចង់​ចំណាយ​ប្រាក់ និង​មិន​ចង់​ធ្វើដំណើរ​។

លោក​ប្រាប់ទៀត​ថា បើទោះបី​នៅពេល​នេះ​មិនមាន​អតិថិជន​ក៏ដោយ ក៏​ក្រុមហ៊ុន​របស់​លោក​មិនបាន​ទម្លាក់​តម្លៃ​ដី​ទេ ព្រោះ​រំពឹងថា​ទីផ្សារ​នឹងមាន​ភាពល្អ​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​និយាយថា វិស័យ​សាងសង់​នៅពេលនេះ​មិនមាន​សកម្មភាព​មមាញឹក​ខ្លាំង​ដូច​មុន​ទេ ទាំង​នៅក្នុង​រាជធានី-ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​។ ការជាប់​ទ្រឹង​នៅពេល​នេះ​អាច​បណ្តាល​មកពី​កត្តា​រួមផ្សំ​មួយចំនួន​ដូចជា ការផ្គត់ផ្គង់​សម្ភារ​សំណង់​មាន​ការធ្លាក់​ចុះ ការដ្ឋាន​មួយចំនួន​កាត់បន្ថយ​កម្មករ ហើយ​ក៏​មាន​អ្នក​នៅក្នុង​វិស័យ​សាងសង់​មួយ​ចំនួន​បាន​សុំច្បាប់​ឈប់សម្រាក​មួយរយៈ​ដោយសារ​ការបារម្ភ​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​វិស័យ​សាងសង់​នៅ​កម្ពុជា​ពេលនេះ​ស្ថិត​នៅ​ទ្រឹង​ដែល​មូលហេតុ​សំខាន់​គឺ​មិនមាន​សម្ភារ​ប្រើប្រាស់​គ្រប់គ្រាន់​តាម​តម្រូវការ ខណៈ​ការរីក​រាលដាល​នៃ​វីរុស​កូរ៉ូណា​បាន​ធ្វើឲ្យ​ការដឹកជញ្ជូន​ជួបប្រទះ​បញ្ហា​ជាច្រើន​»៕