ភ្នំពេញៈ សកម្មភាព​នៃ​ការសាងសង់​សំណង់​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅពេល​នេះ​មិន​មាន​អ្វី​​ប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ទេ បើទោះបី​ជា​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​បញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​ល្បែង​អនឡាញ​កាលពី​ខែ​មុន​ក្តី​។ នេះ​បើ​តាម​អ្នកនាំពាក្យ​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ម្សិលមិញ​។

សេចក្តី​សម្រេច​ស្តីពី​ការបញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​ល្បែង​អនឡាញ​កាលពី​ខែ​សីហា​បាន​បង្ក​ឲ្យ​មាន​ក្តីបារម្ភ​ថា​នឹង​ធ្វើឲ្យ​វិនិយោគិន (​ភាគច្រើន​ជនជាតិ​ចិន​) បញ្ឈប់​សកម្មភាព​សាងសង់​អគារ​ដើម្បី​បម្រើ​ដល់​សេវាកម្ម​ល្បែង​តាម​ប្រព័ន្ធ​អនឡាញ​នៅក្នុង​ខេត្ត​ព្រះសីហនុ​។


លោក ឃាង ភារម្យ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​ សកម្មភាព​សាងសង់​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ដំណើរការ​ទៅ​មុខ​ជាធម្មតា​ដោយ​មិន​មាន​ការធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ទេ​ក្នុង​រយៈពេល​ជិត ១ ​ខែ​មក​នេះ បន្ទាប់ពី​រដ្ឋាភិបាល​ចេញ​សេចក្តី​សម្រេច​បញ្ឈប់​ការផ្តល់​អាជ្ញាប័ណ្ណ និង​សកម្មភាព​ល្បែង​អនឡាញ​នៅ​ចុង​ឆ្នាំនេះ​។


លោក​បន្ត​ថា​សំណង់​ដែល​លេចឡើង និង​កំពុង​សាងសង់​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចម្រុះ​មាន​ទាំង​សណ្ឋាគារ ខុនដូ អាផាតមិន ភោជនីយដ្ឋាន និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដោយ​មិនមែន​សាងសង់​សម្រាប់តែ​កន្លែង​លេងល្បែង​តាម​អនឡាញ​ទេ ហើយ​គ្រប់​ការដ្ឋាន​ដំណើរការ​ជាធម្មតា​។


លោក​ថ្លែងថា​៖ «​ភាគច្រើន​ការសាងសង់​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ​មិន​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការបិទ​ល្បែង​អនឡាញ​ឡើយ​»​។


លោក​បន្ថែម​ថា ប៉ុន្តែ​បើ​យើង​និយាយ​ពី​ទិដ្ឋភាព​ជាទូទៅ​នៃ​ការសាងសង់​ក្នុង​ខេត្ត​ព្រះសីហនុ​គឺ​អាច​មាន​ធ្លាក់ចុះ​ខ្លះ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​ត្រួតពិនិត្យ​គុណភាព​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ក្រោយ​មាន​ហេតុការណ៍​បាក់រលំ​អគារ​ដែល​បាន​សម្លាប់​មនុស្ស​ជាង ២០ ​នាក់​កាលពី​ខែ​មិថុនា​។


លោក​បន្តថា​៖ «​ដោយសារ​មួយរយៈ​ចុង​ក្រោយ​នេះ​អាជ្ញាធរ​បាន​រឹតបន្តឹង​លើ​គុណភាព​សាងសង់​នោះ ធ្វើឲ្យ​សំណង់​ដែល​គ្មាន​ច្បាប់​មួយ​ចំនួន​ត្រូវ​ផ្អាក​ការសាងសង់​»​។

ទោះបី​មាន​ការលើកឡើង​ថា​សំណង់​ដែល​កំពុង​សាងសង់​ ឬ​ទើប​បញ្ចប់​ភាគច្រើន​ជា​របស់​ជនជាតិ​ចិន​ក៏ដោយ ប៉ុន្តែ​តាមពិត ដី​ និង​សំណង់​ភាគច្រើន​ជា​របស់​អ្នកវិនិយោគ​ក្នុងស្រុក​ដែល​ជួល​ទៅ​ឲ្យ​ជនជាតិ​ចិន​យក​ទៅ​វិនិយោគ​បន្ត​។ នេះ​បើ​តាម​លោក ភារម្យ​។

ទោះជា​យ៉ាងណា​លោក ភារម្យ មិន​អាច​បញ្ជាក់​ពី​ចំនួន​អគារ និង​គម្រោង​សាងសង់​ថ្មីៗ​បាន​ឡើយ​ដោយសារ​រដ្ឋបាល​សាលា​ខេត្ត​ព្រះសីហនុ​មិនមាន​ទិន្នន័យ​លម្អិត​។

លោក ចេង ស្រុង ប្រធាន​មន្ទីរ​រៀបចំ​ដែនដី សំណង់ និង​សុរិយោដី​ខេត្ត​ព្រះសីហនុ មិន​អាច​ទាក់ទង​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

ប៉ុន្តែ​កន្លងមក​លោក​ធ្លាប់​បាន​ប្រាប់ថា​ក្នុង​រយៈពេល ៥ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ខេត្ត​ព្រះសីហនុ​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន ១៨៦ គម្រោង​មានតម្លៃ​ជាង ៥៨២ ​លាន​ដុល្លារ​។ កាលពី​ឆ្នាំ​ ២០១៨ ទុនវិនិយោគ​វិស័យ​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​តម្លៃ​ជាង ១ ​ពាន់​លាន​ដុល្លារ​កើនឡើង ៥៨ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៧​។

លោក គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW Cambodia បាន​ប្រាប់ថា វា​ហាក់ដូចជា​ឆាប់​ពេក​ក្នុងការ​វាយតម្លៃ​ថា​សកម្មភាព​សាងសង់​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ការប្រែប្រួល​បែបណា ខណៈ​រដ្ឋាភិបាល​ទើប​តែ​ចេញ​សេចក្តី​សម្រេច​បញ្ឈប់​ការចេញ​អាជ្ញាប័ណ្ណ​ល្បែង​អនឡាញ​កាលពី​ខែ​មុន​។

លោក​បន្ត​ថា ប៉ុន្តែ​អ្វី​ដែល​គេ​មើលឃើញ​ជាទូទៅ​សម្រាប់​វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​នាពេល​នេះ​គឺ​អ្នក​ដែល​មាន​បំណង​ចង់​លក់​អចលនទ្រព្យ​មាន​ច្រើន​ជាង​អ្នកទិញ​៕