ក្រុងសិង្ហបុរីៈ ត្រូវបាន​ទាក់ទាញ​ដោយ​បរិស្ថាន​នយោបាយ​ប្រកប​ដោយ​ស្ថិរភាព​របស់​សិង្ហបុរី និង​ការជួល​ការិយាល័យ​រឹងមាំ​ជាង​នៅ​ទីក្រុង​ហុងកុង វិនិយោគិន​ជនជាតិ​ហុងកុង​បាន​ចាក់​បញ្ចូល​ទឹកប្រាក់​សរុប​ចំនួន ១,៤ ​ពាន់​លាន​ដុល្លារ​ទៅក្នុង​វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ដី​កោះ​នេះ​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៩​។

ទឹកប្រាក់​នេះ​ស្មើ​ជាង ១ ភាគ ៤ នៃ​ទឹកប្រាក់​ចំនួន ៥,២ ពាន់​លាន​ដុល្លារ​នៃ​វិនិយោគ​លើ​អចលនទ្រព្យ​នៅ​បរទេស​សរុប​ដែល​ហូរ​ចេញពី​ទីក្រុង​ហុងកុង ដែល​ធ្វើឲ្យ​សិង្ហបុរី​ក្លាយជា​ទិសដៅ​កំពូល​គេ​។ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី​ការវិនិយោគ​នៅ​បរទេស​របស់​ប្រទេស​ចិន (Greater China) ដែល​បានចេញ​ផ្សាយ​កាលពី​ចុងខែ​សីហា​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ Cushman & Wakefield Research​។


លោក Christine Li ប្រធាន​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​សិង្ហបុរី និង​តំបន់​អាស៊ីអាគ្នេយ៍​នៃ​ក្រុមហ៊ុន Cushman & Wakefield ថ្លែងថា​៖ «​វិនិយោគិន​មួយ​ចំនួន​ក្នុងចំណោម​វិនិយោគិន​ហុងកុង​ទាំងនេះ និង​មូលនិធិ​នានា​មាន​ភាព​សកម្ម​ក្នុងប្រទេស​សិង្ហបុរី​សម្រាប់​ពេលខ្លះ ប៉ុន្តែ​ស្ថានភាព​នយោបាយ​នៅ​ទីក្រុង​ហុងកុង​មាន​ភាព​គាប់​ជួន​ជាមួយ​នឹង​បុគ្គល​ និង​គ្រួសារ​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​មកពី​ទីក្រុង​ហុងកុង​ដែល​ចង់​ទិញ​ប្រកប​ដោយ​សក្តានុពល​»​។


លោក James Shepherd ប្រធាន​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ក្រុមហ៊ុន Cushman & Wakefield ថ្លែងថា​៖ «​សិង្ហបុរី​អាច​ត្រូវបាន​គេ​មើលឃើញ​កាន់តែ​ខ្លាំង​ថា​ជា​ទីកន្លែង​សុវត្ថិភាព​ធៀប​នឹង​ទីកន្លែង​ផ្សេង ដោយសារ​បញ្ហា​ប្រឈម​នានា​ដែល​ទិសដៅ​មួយ​ចំនួន​ផ្សេងទៀត​ក្នុង​ពិភពលោក​កំពុង​ប្រឈម​»​។


ទិសដៅ​ដែល​មាន​ប្រជាប្រិយភាព​ទី​ ២ ​សម្រាប់​វិនិយោគិន​ហុងកុង​គឺ​សហរដ្ឋអាមេរិក​ដែល​មាន​ទឹកប្រាក់​វិនិយោគ​ជិត ១,២ ​ពាន់​លាន​ដុល្លារ​នៅ​ឆមាស​ទី​ ១ បន្ទាប់មក​គឺ​ចក្រភព​អង់គ្លេស​ដែលមាន​ទឹកប្រាក់​វិនិយោគ​ប្រហែល ៩០០ ​លាន​ដុល្លារ និង​ជប៉ុន​ប្រហែល ៨៥០​ ​លាន​ដុល្លារ​។


ប្រតិបត្តិការ​សំខាន់​ក្នុងប្រទេស​សិង្ហបុរី​ក្នុង​ឆ្នាំនេះ​គិត​រហូត​មក​ដល់ពេល​នេះ រួមមាន ក្រុមហ៊ុន​មូលនិធិ​ឯកជន​របស់​ក្រុង​ហុងកុង Gaw Capital Partners'' (GCP) បាន​ចំណាយ​ប្រាក់ ៧១០ លាន​ដុល្លារ​ទិញយក​អគារ​ការិយាល័យ Robinson 77​។ ក្រុមហ៊ុន GCP ក៏បាន​ដឹកនាំ​ក្រុមហ៊ុន​ភាពជា​ដៃគូ​មួយ​ផងដែរ ដែល​រួមមាន​ទាំង​ក្រុមហ៊ុន​ធានារ៉ាប់រង Allianz ដើម្បី​ទិញ​អគារ​ការិយាល័យ និង​ទីកន្លែង​លក់រាយ Duo តម្លៃ ១,៥៧៥ ពាន់​លាន​ដុល្លារ នេះ​បើ​យោងតាម​ការអះអាង​របស់​អ្នកលក់​កាលពី​ខែ​កក្កដា​។


នៅ​ខែសីហា ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ Arch Capital Management បានបញ្ចប់​ការទិញ​អគារ​ការិយាល័យ Anson House ដែល​មាន​តម្លៃ ២១០ ​លាន​ដុល្លារ​។

វិនិយោគិន​ហុងកុង​ក៏មាន​ចំណាប់​អារម្មណ៍​កាន់តែ​ខ្លាំង​ផងដែរ​ក្នុង​វិស័យ​អចលនទ្រព្យ​លក់រាយ​របស់​ប្រទេស​សិង្ហបុរី​ដោយ​ថ្មីៗ​នេះ​មាន​ការទិញ​ផ្សារ​ទំនើប Chinatown Point Mall តម្លៃ ៥២០ លាន​ដុល្លារ​ដោយ​ក្រុមហ៊ុន Pan Asia Realty Advisors ដែលជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា​មួយ​រវាង​ក្រុមហ៊ុន Mitsubishi Estate និង​ក្រុមហ៊ុន CLSA Capital ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​។

ទន្ទឹមនឹង​នេះដែរ អតិថិជន​មកពី​ប្រទេស​ចិនដីគោក​ក៏បាន​ចាប់ផ្តើម​ដាក់​ប្រទេស​សិង្ហបុរី​ទៅក្នុង​រ៉ាដា​របស់​ពួកគេ​ផងដែរ​នៅក្នុង​វិស័យ​ទ្រព្យសកម្ម​ពាណិជ្ជកម្ម​។

ឧទាហរណ៍ ក្រុមហ៊ុន Place Holdings បាន​ទិញ​មជ្ឈមណ្ឌល Realty Centre តម្លៃ ១៤៨ លាន​ដុល្លារ​នៅ​ខែមេសា​។ ក្រុមហ៊ុន Place Holdings ដែល​ចុះបញ្ជី​នៅ​សិង្ហបុរី​គឺជា​ក្រុមហ៊ុន​ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន Place Investment Group របស់​ប្រទេស​ចិន​៕ ANN/KC