ក្រុងវ៉ាស៊ីនតោនៈ ការទទួលខុសត្រូវលើការខូចខាតសេដ្ឋកិច្ចអាមេរិកដែលបណ្តាលមកពីការរីករាលដាលវីរុសកូរ៉ូណានៅមិនទាន់គ្រប់គ្រាន់នោះទេ ដោយនៅពេលនេះលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតាមដានស្ថានភាពហិរញ្ញវត្ថុមួយផ្សេងទៀតគឺសណ្ឋាគារ ទីលានវាយកូនហ្គោល និងអាជីវកម្មអចលនទ្រព្យរបស់សម្ព័ន្ធក្រុមហ៊ុន ត្រាំ ដែលបានធ្វើឲ្យគាត់ក្លាយជាមហាសេដ្ឋីប្រាក់ពាន់ពាន់លានដុល្លារ។
សណ្ឋាគារលំដាប់ផ្កាយ ៥ របស់គាត់នៅអាមេរិក និងកាណាដាដែលមានជាង ២ ២០០ បន្ទប់ស្ទើរតែទទេស្អាត ចំណែកទីលានវាយកូនហ្គោលនៅអាមេរិក ស្កុតឡេន និងអៀរឡង់ក៏កំពុងស្ថិតក្រោមសម្ពាធបិទប្រតិបត្តិការដែរ ខណៈ «សេតវិមានខាងត្បូង» ដែលជាទីពេញចិត្តរបស់គាត់ និងក្លិបកម្សាន្ត MaraLago នៅទល់មុខឆ្នេរខ្សាច់ក្នុងតំបន់ឆ្នេរ Palm Be-ach ក្នុងរដ្ឋ Florida បានបិទរួចទៅហើយ។
ដូចសណ្ឋាគារដទៃទៀតនៅជុំវិញប្រទេសដែរ សណ្ឋាគាររបស់លោក ត្រាំ ត្រូវបង្ខំឲ្យបិទទ្វារ ដោយរំសាយបុគ្គលិកស្ទើរទាំងអស់នឹងប្រឈមការពិតដែលថា ប្រាក់ចំណូល ៤៣៥ លានដុល្លារដែលសម្ព័ន្ធក្រុមហ៊ុនរបស់ ត្រាំ បានរាយការណ៍កាលពីឆ្នាំ ២០១៨ ទំនងជាដាំក្បាលចុះលឿនក្នុងឆ្នាំនេះ។
មានសំណួរជាច្រើនជុំវិញថា តើក្តីបារម្ភរបស់លោក ត្រាំ អំពីក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់កំពុងតម្រង់ការឆ្លើយតបរបស់គាត់ទៅកាន់វិបត្តិនោះត្រង់ថា តើផ្នែកណាមួយនៃផែនការសង្គ្រោះសេដ្ឋកិច្ចអាមេរិកដែលមានទឹកប្រាក់ ២ ពាន់ពាន់លានដុល្លារកំពុងស្ថិតនៅរដ្ឋសភានឹងត្រូវប្រើប្រាស់ដើម្បីបញ្ឈប់ការធ្លាក់ចុះផ្នែកសណ្ឋាគារ និងអាជីវកម្មកម្សាន្តឬទេ? តើការជំរុញរបស់លោក ត្រាំ សម្រាប់ការបញ្ចប់ឲ្យបានរហ័សចំពោះភាពជាប់គាំងដោយសារវីរុសកូរ៉ូណា គឺដើម្បីសង្គ្រោះក្រុមហ៊ុននោះដែរឬយ៉ាងណា?
លោក ត្រាំ កាលពីថ្ងៃអង្គារនិយាយថា៖ «ប្រទេសរបស់យើង...មិនមែនសាងសង់ដើម្បីបញ្ចប់ទៅវិញនោះទេ» ដោយលោកបានអំពាវនាវឲ្យបញ្ឈប់ការរឹតត្បិតត្រឹមសប្តាហ៍ទី ២ ខែមេសា។ លោកបានបន្ថែមថា៖ «អ្នកអាចបំផ្លាញប្រទេសមួយតាមមធ្យោបាយនេះដោយបិទវាទៅចុះ»។
វាធ្វើឲ្យខ្ញុំឈឺចាប់
ទាំងលោក ត្រាំ និងកូនប្រុសៗរបស់លោកដែលមើលការខុសត្រូវក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតអំពីការខូចខាតហិរញ្ញវត្ថុដែលកំពុងប្រឈមមុខនឹងបញ្ហានោះទេ។
ប៉ុន្តែច្បាស់ណាស់ថា សណ្ឋាគារជាច្រើនមានចារឹកឈ្មោះលោកក្នុងទីក្រុង New York, Washington, Vancouver Chicago, Las Vegas, និង Hawaii ពិតជាទទេស្អាត។
ទន្ទឹមនឹងនោះដែរ រមណីយដ្ឋានទីលានវាយកូនហ្គោលរបស់លោកត្រូវបានដាក់បញ្ជាឲ្យបិទ សូម្បីនៅតំបន់ដាច់ស្រយាលក្នុងប្រទេសស្កុតឡេន។
កាលពីថ្ងៃសៅរ៍លោក ត្រាំ បាននិយាយថា៖ «វាធ្វើឲ្យខ្ញុំឈឺចាប់ ហើយវាធ្វើឲ្យសណ្ឋាគារ Hilton ឈឺចាប់ និងធ្វើឲ្យចង្វាក់សណ្ឋាគារប្រណីតៗលើពិភពលោកមានការឈឺចាប់»។
មិនទាន់គ្រប់គ្រាន់ទេសម្រាប់មោទនភាព ឬហេតុផលផ្សេងៗសម្ព័ន្ធអាជីវកម្មរបស់ ត្រាំ នៅចចេសបន្តប្រតិបត្តិការ។
បុគ្គលិកផ្នែកទទួលភ្ញៀវនៅសណ្ឋាគារ Trump International Hotel & Tower នៅ Central Park ក្នុងទីក្រុងញូវយ៉កបាននិយាយដោយសុំមិនប្រាប់ឈ្មោះថា៖ «សណ្ឋាគារនៅបើកមែន ប៉ុន្តែភោជនីយដ្ឋានបានបិទដំណើរការ ស្ប៉ាក៏បិទ អាងហែលទឹកក៏បិទ។
បុគ្គលិករូបនោះបានស្នើថា៖ «អាហារពេញតាមដងផ្លូវ យើងអាចទៅទិញឲ្យអ្នក និងយកឲ្យអ្នកដល់បន្ទប់គេងតែម្តង»។
លោក John Boardman ប្រធាននៃសាខាសម្ព័ន្ធអង្គការ Unite Here នៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា សណ្ឋាគារ Trump International នៅទីក្រុងវ៉ាស៊ីនតោនក៏នៅតែបន្តប្រតិបត្តិការ ទោះបីបញ្ឈប់បុគ្គលិកច្រើនក៏ដោយ។
លោក Boardman បាននិយាយថា៖ «វាមិនសមទាល់តែសោះសម្រាប់ពួកគេបន្តបើកដំណើរការ។ សណ្ឋាគារនេះដូចជាមានភ្ញៀវស្នាក់នៅត្រឹមតែ ៣ ភាគរយប៉ុណ្ណោះ»។
ការចោទប្រកាន់ពីការកេងចំណេញ
ចាប់តាំងពីចូលកាន់តួនាទីជាប្រធានាធិបតី លោក ត្រាំ បានការពារខ្លួនពីសម្ពាធ និងពាក្យបណ្តឹងដែលចោទប្រកាន់លោកអំពីការទទួលបានផលប្រយោជន៍ពីអចលនទ្រព្យរបស់ខ្លួនក្នុងពេលកាន់អំណាចជាប្រធានាធិបតី។
អ្នកដឹកនាំធុរកិច្ច មន្ត្រីការទូត និងមហាក្សត្រមកពីតំបន់មជ្ឈិមបូព៌ាបានស្វែងរកការស្នាក់នៅដោយទទួលការគាំទ្រពីរូបគាត់នៅសណ្ឋាគាររបស់គាត់ ជាពិសេស សណ្ឋាគារ Trump International ដែលទើបតែដាក់របាំងពីសេតវិមាន។
កាសែត The Washington Post បានរាយការណ៍អំពីទឹកប្រាក់ដ៏ច្រើនដែលស្តេច និងមន្ត្រីការទូតអារ៉ាប៊ីសាអ៊ូឌីតបានចំណាយដើម្បីកក់សណ្ឋាគាររបស់ ត្រាំ ហើយគាត់បានគិតតម្លៃក្នុងអត្រាខ្ពស់ពីភ្នាក់ងារសេវាកម្មពេលគាត់ធ្វើដំណើរទៅកាន់អចលនទ្រព្យផ្ទាល់ខ្លួនរួមទាំងតម្លៃរាប់សិបពាន់ដុល្លារសម្រាប់រទេះរុញលេងកូនហ្គោល។
ពាក្យបណ្តឹងជាច្រើនបានចោទប្រកាន់លោក ត្រាំ អំពីការកេងចំណេញពីការិយាល័យរបស់ខ្លួនដែលប្រឆាំងទៅនឹងឃ្លា «ផលប្រយោជន៍» របស់រដ្ឋធម្មនុញ្ញអាមេរិក ប៉ុន្តែគ្មាននរណាម្នាក់បានជាប់ចោទទេ។
លោក Elizabeth Wydra, ប្រធានមជ្ឈមណ្ឌលគណនេយ្យភាពរដ្ឋធម្មនុញ្ញ បានប្រាប់ថា៖ «គ្រប់ពេលទាំងអស់ វាសំខាន់ណាស់ដែលប្រជាជនអាមេរិកដឹងច្បាស់ថា លោកប្រធានាធិបតីធ្វើសកម្មភាពដើម្បីប្រយោជន៍ដល់សាធារណៈជាចម្បង និងមិនទទួលបានប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួននោះទេ»៕ RR