ភ្នំពេញៈ វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​ស្ទុះ​ងើប​ឡើងវិញ​ក្នុង​ល្បឿន​យ៉ាង​រហ័ស​ក្នុង​ឆ្នាំ​ ២០២១ បន្ទាប់ពី​ការទទួល​បាន​កំណើន​ទាប​នៅ​ឆ្នាំ​ 2020 ​នេះ ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ​១៩​ទូទាំង​ពិភពលោក​។ នេះ​បើ​យោងតាម​លោក Richard W. Davidson ដែល​ទើបនឹង​ត្រូវ​តែងតាំង​ថ្មី​ជា​ប្រធាន​របស់​ក្រុមហ៊ុន Century 21 Cambodia​។

លោក Richard W. Davidson ជា​អ្នក​ដែល​មាន​បទពិសោធ​ជើងចាស់​ផ្នែក​ឧស្សាហកម្ម​នេះ​រយៈពេល​ ៣០ ​ឆ្នាំ​ដោយ​លោក​បាន​ចំណាយពេល​ជាង​ ១០ ​ឆ្នាំ​ធ្វើ​ការងារ​ជា​ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21 Real Estate យីហោ​ពាណិជ្ជសញ្ញា​ពិភពលោក​នៅ​អាមេរិក គ្រប់គ្រង​យីហោ Century21 ​នៅ​ប្រទេស​ ៨៤ ​ផ្សេងទៀត​។


លោក ម៉ៃ គុណមករា ការីនិពន្ធ​ព័ត៌មាន​សេដ្ឋកិច្ច​នៅ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​បាន​ជួប​សម្ភាស​លោក Richard W. Davidson អំពី​យុទ្ធសាស្ដ្រ​របស់​លោក​ក្នុង​ការដឹកនាំ​ក្រុមហ៊ុន Century 21 Cambodia និង​ទស្សនៈ​របស់លោក​លើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​។


តើ​ហេតុអ្វី​បាន​ជា​លោក​សម្រេចចិត្ត​ទទួល​យក​តួនាទី​ថ្មី​នៅក្នុង​ប្រទេស​កម្ពុជា​ជំនួស​ឱ្យ​ប្រទេស​ផ្សេងទៀត ដែល​ក្រុមហ៊ុន Century 21 កំពុង​ប្រតិបត្តិការ​ទៅវិញ​?


ខ្ញុំ​ចាប់អារម្មណ៍ ទីក្រុង​របស់​ប្រទេស​នេះ​មាន​កំណើន​យ៉ាង​រហ័ស​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​ជាពិសេស​ទីផ្សារ​អចលនទ្រព្យ​ជាមួយ​នឹង​ការសាងសង់​អគារ​ខ្ពស់ៗ​កប់​ពពក​ជាច្រើន​។ ការរីកចម្រើន​យ៉ាង​រហ័ស​នៃ​ទីក្រុង​របស់​ប្រទេស​កម្ពុជា​គឺ​ស្រដៀង​គ្នា​នឹង​ទីក្រុង ញូវយ៉ក​កាលពី​ ១៥ ​ឆ្នាំកន្លងមក​។


ក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​នេះ​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​អត្រាកំណើន​ជា​មធ្យម​ប្រហែល​ ៧ ​ភាគរយ​ប្រចាំ​ឆ្នាំ​ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រីកចម្រើន​រហ័ស​បំផុត​ជាច្រើន​លើ​ពិភពលោក​។ បរិយាកាស​វិនិយោគ​របស់​ប្រទេស​កម្ពុជា​កំពុង​ទទួលបាន​ទំនុកចិត្ត​ពី​ក្រុម​វិនិយោគិន​អន្តរជាតិ ហើយ​ជា​លទ្ធផល​ពួកគេ​មើលឃើញ​ឱកាស​នៅ​ទីនេះ និង​សេដ្ឋកិច្ច​ដែល​រីកចម្រើន​យ៉ាង​រហ័ស​របស់​ប្រទេស​នេះ​។


ភរិយា​របស់ខ្ញុំ និង​រូបខ្ញុំ​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន ហើយ​ខ្ញុំ​មាន​ឱកាស​ក្នុង​ការរៀនសូត្រ​ពី​ប្រវត្តិសាស្ដ្រ​ដ៏សម្បូរបែប​របស់​ប្រទេស​កម្ពុជា និង​ទទួល​បាន​ការស្វាគមន៍​ដ៏កក់ក្ដៅ​ពី​ប្រជាជន​កម្ពុជា​។ ដូច្នេះ​នៅពេល​លោក គុយ វ៉ាត បាន​ស្នើឱ្យ​ខ្ញុំ​ទទួលយក​តួនាទី​ជា​ប្រធាន​ក្រុមហ៊ុន Century 21 Cambodia ខ្ញុំ​មាន​ការភ្ញាក់ផ្អើល​ក្នុង​ការក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ការបន្ត​ការរីកចម្រើន​នៃ​យីហោ និង​ទីផ្សារ​អចលនទ្រព្យ​នៅ​ប្រទេស​ដែល​រីកចម្រើន​បែប​នោះ​។

តើ​អ្វី​ជា​គោលដៅ​របស់​លោក​សម្រាប់​តួនាទី​ថ្មី​នៅ​ក្រុមហ៊ុន Century 21 Cambodia?

ទិសដៅ​របស់ខ្ញុំ​នឹង​ដឹកនាំ​ឱ្យ​កាន់តែ​មាន​ភាពសម្បូរបែប​នៃ​វិស័យនេះ បង្កើន​បណ្ដាញ​ពិភពលោក​របស់ខ្ញុំ និង​ជំនាញ​ភាព​ជា​អ្នកដឹកនាំ ដើម្បី​ជំរុញ​យុទ្ធសាស្ដ្រ​ច្បាស់លាស់​មួយ និង​ជំរុញ​ស្ថាប័ន​មួយ​នេះ​ឆ្ពោះ​ទៅ​មុខ តាមរយៈ​យុទ្ធសាស្ដ្រ​កំណើន​បន្ទាប់ ខណៈ​ដែល​ពង្រឹង​ជំហរ​របស់​យើង​ជា​ស្ថាប័ន​អចលនទ្រព្យ​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា ដែល​ប្រជាជន​កម្ពុជា ប្រជាជន​អាស៊ីអាគ្នេយ៍ និង​ពិភពលោក​អាច​ជឿជាក់ និង​ទុកចិត្តបាន​។

ជាមួយ​នឹង​បទពិសោធ និង​ចំណេះ​ធ្វើ​ជាច្រើន​ឆ្នាំ​នៅលើ​ឧស្សាហកម្ម​អចលនទ្រព្យ​លើ​ពិភពលោក ខ្ញុំ​ជឿជាក់​ថា ខ្ញុំ​អាច​នាំយក​ក្រុមហ៊ុន វិនិយោគិន​ដែលមាន​សក្ដានុពល​កាន់តែ​ច្រើន​ចូលមក និង​ស្វែងរក​ការវិនិយោគ​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​កម្ពុជា​។

តើ​លោក​យល់ថា ចំណេះដឹង និង​បទពិសោធ​កម្រិត​ពិភពលោក​របស់​លោក​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ដូចម្ដេច​ដែរ​?

វិជ្ជាជីវៈ​របស់​ក្រុមហ៊ុន​ជើងសា​ និង​ភ្នាក់ងារ​របស់​ក្រុមហ៊ុន Century 21 Cambodia សម្រេច​បាន​កម្រិត​ខ្ពស់​រួច​ទៅ​ហើយ​។ សេវាកម្ម​ដែល​ផ្ដល់​ដល់​អតិថិជន​បាន​កំណត់​ស្ដង់ដា​ដោយ​ឧស្សាហកម្ម​ផ្សេងទៀត​ត្រូវការ​ដើម្បី​ជំរុញ​ទៅមុខ​។

ការងារ​ដែល​បាន​ធ្វើ​ដោយ​ក្រុមហ៊ុន Century 21 Cambodia ដើម្បី​ផ្ដល់​ឱកាស និង​លទ្ធភាព​ដ៏ប្រសើរ​ដល់​អតិថិជន​អចលនទ្រព្យ​គឺជា​នវានុវត្តន៍ និង​អាច​បន្ត​ក្នុង​ការជំរុញ​ទីផ្សារ​ឆ្ពោះ​ទៅ​មុខ​។ ខ្ញុំ​មិនអាច​មាន​មោទនភាព​ជាង​នេះ​ទេ និង​ដើរតួនាទី​ក្នុង​ការបន្ត​កំណើន និង​ការអភិវឌ្ឍ​ក្រុមហ៊ុន Century 21 Cambodia ដែល​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​របស់​ក្រុមហ៊ុន​នេះ ដែល​អាច​ឱ្យ​រូបខ្ញុំ​ដើរតួនាទី​ជា​ផ្នែក​មួយ​នៃ​ភាព​ជា​អ្នកដឹកនាំ​របស់​ក្រុមហ៊ុន​នេះ ខណៈ​ដែល​ទីផ្សារ​អចលនទ្រព្យ​ប្រទេស​នេះ​បន្ត​វិវឌ្ឍន៍​ទៅមុខ​។

ចំពោះ​ការរីករាលដាល​ជំងឺ​កូវីដ​-១៩ ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ ​នេះ តើ​លោក​មាន​ការរំពឹងទុក​យ៉ាងណា​ដែរ​សម្រាប់​ឆ្នាំ​ ២០២១?

យើង​គួរតែ​ដឹង​ច្បាស់​ហើយ​ថា ប្រទេស​កម្ពុជា​មិនមែន​ជា​ប្រទេស​តែមួយគត់​ដែល​កំពុង​ជម្នះ​ក្នុង​ការទប់ស្កាត់​ជំងឺ​នេះ​នៅ​ឆ្នាំនេះ​ទេ​។ អ្វីដែល​ខ្ញុំ​បានដឹង​ពី​សហការី​របស់ខ្ញុំ​នៅ​ក្រុមហ៊ុន Century 21 Cambodia ការលក់​អចលនទ្រព្យ​មាន​តម្លៃ​លើស​ពី​ ២ ​លាន​ដុល្លារ បាន​ធ្លាក់ចុះ​បន្តិច​ក្នុង​អំឡុង​ពេលនេះ ដោយសារ​ការរឹតបន្តឹង​ការធ្វើដំណើរ ការកម្រិត​លំហូរ​ចូល​អ្នកទិញ​មាន​សក្ដានុពល​ពី​បណ្ដា​ប្រទេស​ក្រៅ​ដូចជា​ជប៉ុន ចិន និង​អ្នកទិញ​អន្តរជាតិ​ផ្សេងទៀត​។

ប៉ុន្តែ​ប្រតិបត្តិការ​ទិញ-លក់ អចលនទ្រព្យ​នៅក្រោម​តម្លៃ​ ២ ​លាន​ដុល្លារ មាន​ដំណើរការ​ជាធម្មតា ដោយសារ​តែ​ប្រជាជន​កម្ពុជា​ដែលមាន​អតិរេក​សាច់ប្រាក់ និង​បន្ត​ការទិញ​អចលនទ្រព្យ​សម្រាប់​ធនាគារ​ដី​។ គម្រោង​សាងសង់​ដែល​អនុម័ត នៅតែ​កើនឡើង​នៅ​ឆ្នាំនេះ ហើយ​ស្ទើរតែ​គ្រប់​គម្រោង​សាងសង់​ធំៗ​កំពុង​ដំណើរការ​យ៉ាង​សកម្ម​។

ខ្ញុំ​គិតថា ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​នឹង​ស្ទុះ​ងើបឡើង​វិញ​នៅ​ឆ្នាំ​ ២០២១ នៅពេល​ដែល​វ៉ាក់សាំង​នឹង​រកបាន ហើយ​រដ្ឋាភិបាល​នឹង​លុប​ចោល​ការរឹតបន្តឹង​ការធ្វើ​ដំណើរ​អន្តរជាតិ​។ អ្នក​គួរតែ​ត្រូវបាន​ជូនដំណឹង​ថា សូម្បីតែ​អំឡុងពេល​ជំងឺ​កូវីដ ១៩​​ នេះ ការិយាល័យ​ក្រុមហ៊ុន Century 21 Cambodia របស់​យើង​នៅតែ​ទទួលបាន​ការសាកសួរ​ជាច្រើន​ពី​អតិថិជន​ដែល​សួររក​ឱកាស​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ ពួកគេ​មាន​ដើមទុន ហើយ​ពួកគេ​មើល​ឃើញ​ប្រទេស​កម្ពុជា​ជា​កន្លែង​មួយ​ដើម្បី​រកប្រាក់​ចំណេញ​ពី​អាជីវកម្ម​អចលនទ្រព្យ ហើយ​ត្រៀម​ជាស្រេច​ក្នុង​ការចាក់​បញ្ចូល​មូលនិធិ​ទៅក្នុង​ទីផ្សារ​កម្ពុជា​។

តើ​លោក​យល់ឃើញ​យ៉ាងណា​ចំពោះ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំក្រោយ និង​ជាច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​?

ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ទៅមុខ​ទៀត ប្រទេស​កម្ពុជា​នឹងមាន​ការអភិវឌ្ឍ​កាន់តែ​ខ្លាំង ហើយ​វិស័យ​អចលនទ្រព្យ​នឹងមាន​កំណើន​កាន់តែ​ច្រើន​។ នៅ​ទីក្រុង​ភ្នំពេញ ខណ្ឌ​បឹង​កេងកង​នឹង​នៅតែ​ជា​មណ្ឌល​ពាណិជ្ជកម្ម​កណ្ដាល​ឈានមុខ​គេ ដោយ​មាន​អគារ​ខ្ពស់ៗ​ជាច្រើន​។ ជាមួយ​គ្នា​នេះ​ដែរ តំបន់​ទួលគោក​នឹង​ខិត​កាន់តែ​ជិត​ក្នុង​ការក្លាយ​ជា​មណ្ឌល​ពាណិជ្ជកម្ម​កណ្ដាល​ទី​ ២ ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដោយសារ​តែ​ខណ្ឌ​នេះ​កំពុង​អភិវឌ្ឍ​ក្នុង​ល្បឿន​លឿន និង​កាន់តែ​រហ័ស​។

នៅពេល​នេះ​ខណ្ឌ​នេះ​កំពុង​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​ពី​តំបន់​លំនៅឋាន​ទៅជា​តំបន់​ពាណិជ្ជកម្ម ដោយ​មាន​ផ្សារ​ទំនើប​កាន់តែ​ច្រើន អាជីវកម្ម​លក់រាយ និង​អគារ​ខ្ពស់ៗ​ជាច្រើន​ ខណៈ​ដែល​ដី​នៅ​តំបន់​ទួលគោក មាន​តម្លៃ​ ១៨៥០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ កាលពី​ឆ្នាំ​ ២០១៨ តម្លៃ​បាន​កើនឡើង​ដល់​ ៣ ៥០០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ​នៅពេល​បច្ចុប្បន្ន​។

ដូច្នេះ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចាប់ពី​ពេលនេះ ទីក្រុង​ភ្នំពេញ​នឹង​អភិវឌ្ឍ​កាន់តែ​ខ្លាំង​នឹង​មាន​អគារ​ខ្ពស់ៗ​កាន់តែ​ច្រើន ខណៈ​ដែល​ខេត្ត​មាន​សក្ដានុពល​ជាច្រើន​នឹង​មើលឃើញ​គម្រោង​អភិវឌ្ឍន៍​កាន់តែ​ច្រើន​ដូចជា​លំនៅឋាន​វីឡា​សម្រាក​លម្ហែកាយ រមណីយដ្ឋាន និង​គម្រោង​ជាច្រើន​ផ្សេងទៀត​។ តម្លៃ​ដី​នៅក្នុង​ខេត្ត​សំខាន់ៗ​មួយចំនួន​នឹង​មើលឃើញ​ការកើនឡើង​ពី​ ២ ​ទៅ​ ៣ ​ដង​នៅពេល​នេះ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំក្រោយ​៕LA