ក្រុងឌូបៃៈ Emaar Properties ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ និងសំណង់​ឈានមុខ​គេ​មាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឌូបៃ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ពី​ប្រាក់ចំណេញ​សុទ្ធ​ឆ្នាំ​ ២០១៩ កើនឡើង​បន្តិច បើទោះបី​ជា​ការធ្លាក់ចុះ​តម្លៃ​អចលនទ្រព្យ​ដ៏ខ្លាំង​ក៏ដោយ​។

ការកើនឡើង ១ ​ភាគរយ​នេះ គឺ​ចំពេល​ការធ្លាក់ចុះ​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​ដ៏សំខាន់​របស់​ទីក្រុង​ឌូបៃ​ដែល​ក្រុមហ៊ុន​នានា រួមទាំង Damac Properties ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន​ឈានមុខ​គេ​កំពុងតែ​ជម្នះ​ក្នុង​ការរកប្រាក់​ចំណេញ​របស់ខ្លួន​។


ក្រុមហ៊ុន Emaar បានបង្ហាញ​ប្រាក់ចំណេញ​សុទ្ធ​ចំនួន ១,៦៩ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៩ កើនឡើង​ ១ ​ភាគរយ​ កាលពី​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​។


ទោះយ៉ាងណា​ក្រុមហ៊ុន​នេះ​បាន​កត់ត្រា​ប្រាក់ចំណូល​ចំនួន ៦,៦៩ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ធ្លាក់ចុះ​ប្រហែល ៤ ​ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៨​។


ក្រុមហ៊ុន Emaar ដែល​អភិវឌ្ឍ Burj Khalifa ជា​អគារ​ខ្ពស់បំផុត​ក្នុង​ពិភពលោក និង​ជា​ក្រុមហ៊ុន​ចុះបញ្ជី​ឈានមុខ​គេ​នៅលើ​ផ្សារហ៊ុន Dubai Financial ក៏មាន​ជាប់ទាក់ទង​នៅក្នុង​អាជីវកម្ម​កម្សាន្ត សណ្ឋាគារ និង​ផ្សារ​ទំនើប​ផងដែរ​។


លោក Mohamed Alabbar ប្រធាន​ក្រុមហ៊ុន Emaar បាន​ឲ្យ​ដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន Emaar កាលពី​ឆ្នាំ​ ២០១៩ មាន​ភាពរឹងមាំ​ល្អ​ដោយ​រក្សាបាន​កំណើន​នៅក្នុង​ទីផ្សារ​ប្រកួតប្រជែង​មួយ​នេះ​»​។


ក្រុង​ឌូបៃ​ល្បី​ខាង​អគារ​ខ្ពស់កប់ពពក​នៅមុខ​ឆ្នេរសមុទ្រ​របស់ខ្លួន និង​កោះ​ដែល​បង្កើតឡើង​ដោយ​មនុស្ស ប៉ុន្តែ​ទីក្រុង​មួយ​នេះ​ត្រូវបាន​ជាប់គាំង​ដោយសារ​ការធ្លាក់ចុះ​តម្លៃ​អចលនទ្រព្យ​រយៈពេល​ ៥ ​ឆ្នាំ​ជាមួយ​នឹង​ក្រុមអ្នកវិភាគ​ឲ្យ​ដឹងថា​នឹង​មិន​មាន​ភាពធូរស្រាល​ក្នុង​រយៈពេល​ដ៏ខ្លី​នោះទេ​។

ក្រុមហ៊ុន Damac Properties បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​នូវ​ការខាតបង់​លើកដំបូង​របស់​ខ្លួន​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​មកនេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​បាន​រាយការណ៍​ពី​ការខាតបង់ ១០ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៩ ធៀប​នឹង​ប្រាក់ចំណេញ​សុទ្ធ​ ៣១៣ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៨ ដោយសារ​តែ​ប្រាក់ចំណូល​បាន​ធ្លាក់​ចុះ ២៨,២ ​ភាគរយ​ មក​នៅត្រឹម ១,២ ​ពាន់​លាន​ដុល្លារ​។

រដ្ឋាភិបាល​កាលពី​ឆ្នាំ​ ២០១៨ បាន​ដាក់​ឲ្យ​ប្រើប្រាស់​វិធានការ​សង្គ្រោះ​ជាច្រើន ដែល​រួមមាន​លក្ខខណ្ឌ​ទិដ្ឋាការ​ងាយស្រួល​សម្រាប់​អ្នកទិញ​ជា​ជនបរទេស និង​ការអនុញ្ញាត​ឲ្យ​ស្នាក់នៅ​អចិន្ត្រៃយ៍​សម្រាប់​ក្រុម​វិនិយោគិន​សំខាន់ៗ​។ កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន គណៈកម្មាធិការ​កម្រិត​ខ្ពស់​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​មាន​តុល្យភាព​ឡើងវិញ​។

តម្លៃ​អចលនទ្រព្យ​នៅ​ទីក្រុង​ឌូបៃ​បាន​ធ្លាក់ចុះ​ចាប់​តាំងពី​ឆ្នាំ​ ២០១៤ ព្រោះតែ​ការផ្គត់ផ្គង់​លើស​តម្រូវការ​ជាក់ស្តែង​៕ LA