ភ្នំពេញៈ ទីផ្សារវិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានគេមើលឃើញថា មានការវិវឌ្ឍទៅមុខយ៉ាងឆាប់រហ័សពិសេសនារយៈពេល ៤ ទៅ ៥ ឆ្នាំចុងក្រោយនេះ។ តែបើគេក្រឡេកមើលធនធានមនុស្ស និងបែបបទនៃការធ្វើការងារវិញ ហាក់នៅមិនទាន់មានភាពល្អប្រសើរនោះទេ។
ដើម្បីធ្វើឲ្យទីផ្សារមួយនេះកាន់តែមានភាពរឹងមាំ និងមានការទទួលស្គាល់ជាអន្តរជាតិលោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀលអ៊ីស្ទេតកាលពីចុងខែឧសភាកន្លងមកបានចុះហត្ថលេខាទិញសិទ្ធិ Master Franchise ពីក្រុមហ៊ុនអចលនទ្រព្យអាមេរិក Keller Williams Realty (KW) យកមកប្រទេសកម្ពុជា។ ដើម្បីចង់ដឹងព័ត៌មានលម្អិតសូមតាមដានបទសម្ភាសដែលមានខ្លឹមសារដូចខាងក្រោម ៖
១- តើលោកយល់ឃើញបែបណាចំពោះវិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ន?
ខ្ញុំទទួលស្គាល់ថាវិស័យអចលនទ្រព្យនៅកម្ពុជានាពេលនេះកំពុងមានដំណើរវិវឌ្ឍន៍ទៅមុខយ៉ាងលឿនទាំងសកម្មភាពនៃការជួល ទិញ និងលក់អចលនទ្រព្យ។ ទោះយ៉ាងណាវិស័យនេះនៅប្រឈមមុខនឹងភាពអសកម្មជាច្រើនផងដែរ ពិសេសគឺសមត្ថភាពក្នុងការធ្វើការងារ ភាពរញ៉េរញ៉ៃដែលធ្វើការដោយគ្មានវិជ្ជាជីវៈ និងការមិនគោរពច្បាប់ និងក្រមសីលធម៌ជាដើម។ យើងដឹងហើយថានៅកម្ពុជាមានអ្នកប្រកបរបរក្នុងវិស័យនេះច្រើន តែក្នុងចំណោម ១០០ នាក់មានតិចជាង ៥ នាក់ប៉ុណ្ណោះដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាល និងមានការទទួលស្គាល់ជាផ្លូវការតាមផ្លូវច្បាប់។
២- តើ Keller Williams Realty ជាអ្វី? ហេតុអ្វីបានជាលោកទិញយក Master Franchise របស់ Keller Williams Realty មកកម្ពុជា?
Keller Williams Realty ជាក្រុមហ៊ុនអចលនទ្រព្យដែលមានមូលដ្ឋាននៅក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៣។ Keller Williams Realty គឺជាក្រុមហ៊ុនអចលនទ្រព្យដែលរកបានប្រាក់ចំណូលច្រើនជាងគេនៅសហរដ្ឋអាមេរិក និងក្នុងពិភពលោកនៅឆ្នាំ ២០១៧ គឺបានរហូតដល់ជាង ១ ពាន់លានដុល្លារជាមួយភ្នាក់ងារសរុបចំនួន ១៦៥ ៦៤២ នាក់ទូទាំងពិភពលោក។
ខ្ញុំបានទៅសហរដ្ឋអាមេរិកជាច្រើនលើកដើម្បីសិក្សាពីសក្តានុពល និងវិធីសាស្ត្ររបស់ក្រុមហ៊ុនអចលនទ្រព្យជាច្រើននៅទីនោះសម្រាប់យកមកជួយអភិវឌ្ឍធនធានមនុស្ស និងវិស័យអចលនទ្រព្យនៅកម្ពុជា។
Keller Williams Realty គឺជាក្រុមហ៊ុនដែលមានគំរូអាជីវកម្ម (Business Model) ស័ក្តិសមជាមួយស្ថានភាពទីផ្សារប្រទេសកម្ពុជាដែលជាទីផ្សារមួយសម្បូរប្រជាជនវ័យក្មេង និងមានភ្នាក់ងារជាច្រើនដែលមិនបានទទួលការបណ្តុះបណ្តាល ឬមិនមានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម។ ក្រុមហ៊ុន Keller Williams Realty គឺជាក្រុមហ៊ុនដែលបង្កើតឡើងដោយភ្នាក់ងារដើម្បីភ្នាក់ងារ (By Agent for Agent)។
សម្រាប់ការទិញសិទ្ធិ Master Franchise នេះគឺខ្ញុំមិនត្រឹមតែមានបំណងក្នុងការពង្រីកដៃគូអាជីវកម្មឲ្យបានទូទាំងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅពេលថ្ងៃអនាគតខ្ញុំក៏អាចពង្រីកទៅដល់ប្រទេសជិតខាងក្នុងតំបន់អាស៊ានផងដែរ។
៣- តើនៅពេលណាទើប Keller Williams Cambodia ចាប់ផ្តើមផ្តល់សិទ្ធិបន្តទៅឲ្យក្រុមហ៊ុនដៃគូ?
ខ្ញុំគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ ២០១៩ ព្រោះចាប់ពីពេលនេះទៅដល់ចុងឆ្នាំ ខ្ញុំមានកិច្ចការងារជាច្រើនដែលត្រូវធ្វើដូចជារៀបចំទីតាំងថ្មីដែលមានទំហំធំជាងពេលបច្ចុប្បន្ន ១០ ដង បណ្តុះបណ្តាលបុគ្គលិកបន្ថែម រៀបចំក្បាលម៉ាស៊ីនថ្នាក់ដឹកនាំ និងរៀបចំប្រព័ន្ធការងារឲ្យស្របតាមស្តង់ដាររបស់ក្រុមហ៊ុន Keller Williams Realty។
សម្រាប់ការលក់សិទ្ធិបន្តដំណាក់កាលដំបូង ខ្ញុំនឹងមិនលក់ឲ្យក្រុមហ៊ុនច្រើននោះទេ ដោយក្នុងរាជធានីភ្នំពេញអាចមានចំនួនពី ៣ ទៅ ៥ ប៉ុណ្ណោះ ចំណែកតាមបណ្តាខេត្តគឺក្នុង ១ ខេត្តមានតែ ១ ប៉ុណ្ណោះ។
សម្រាប់លក្ខខណ្ឌគឺជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មមានបទពិសោធការងារផ្នែកអចលនទ្រព្យយ៉ាងតិចចំនួន ៣ ឆ្នាំ មានកេរ្តិ៍ឈ្មោះល្អ និងមានបុគ្គលិកផ្នែកលក់យ៉ាងតិច ២០ នាក់ឡើងទៅ ហើយថ្នាក់ដឹកនាំនោះអាចទៅរៀនដោយផ្ទាល់នៅក្រុមហ៊ុន Keller Williams Realty នៅសហរដ្ឋអាមេរិកបាន។
ក្រុមហ៊ុនដែលទទួលបាន Sub Franchise ពីក្រុមហ៊ុន Keller Williams Cambodia គឺតម្រូវឲ្យប្រើឈ្មោះរបស់ Keller Williams (K-W) នៅខាងមុខឈ្មោះរបស់ខ្លួន និងត្រូវធ្វើតាម Business Model ដែលក្រុមហ៊ុនមេបានកំណត់។ គំរូអាជីវកម្មរបស់ Keller Williams Realty នឹងជួយកាត់បន្ថយចំណាយប្រតិបត្តិការជាងពាក់កណ្តាលសម្រាប់ក្រុមហ៊ុនដែលជាសមាជិក។ ចំពោះបុគ្គលិកគឺត្រូវតម្រូវឲ្យចូលរួមវគ្គសិក្សាជារៀងរាល់ខែ ដែលរៀបចំដោយក្រុមហ៊ុន Keller Williams Cambodia ដោយមិនបាច់បង់ប្រាក់។
៤- តើមានក្រុមហ៊ុនណាចាប់អារម្មណ៍ក្នុងការទិញ Sub Franchise ពីក្រុមហ៊ុនរបស់លោកហើយឬនៅ?
បច្ចុប្បន្នមានក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានទាក់ទងមកខ្ញុំដើម្បីទិញ Sub Franchise តែខ្ញុំមិនទាន់បានសម្រេចថា លក់ទៅឲ្យក្រុមហ៊ុនណានោះទេ។ មុននឹងសម្រេចលក់ទៅឲ្យក្រុមហ៊ុនណាមួយ ខ្ញុំត្រូវពិនិត្យ និងវាយតម្លៃក្រុមហ៊ុននោះឲ្យបានច្បាស់លាស់ ព្រោះយើងមិនមែនលក់ដើម្បីយកលុយដោយមិនខ្វល់ពីការធ្វើសកម្មភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន Sub Franchise ទាំងនោះទេ។
សូមបញ្ជាក់ថាក្រុមហ៊ុនដែលខ្ញុំអាចលក់ Sub Franchise ឲ្យទាល់តែក្រុមហ៊ុននោះមានបុគ្គលិក ឬភ្នាក់ងារលក់របស់ខ្លួនចាប់ពី ២០ នាក់ឡើងទៅ។ តែបើក្រុមហ៊ុននោះមានគ្នាតិច ពួកគេក៏អាចចូលរួមគ្នាដើម្បីទិញ Sub Franchise របស់ Keller Williams Cambodia ផងដែរ។
៥- ទាក់ទងនឹងសមត្ថភាព តើលោកមានផែនការធ្វើការបណ្តុះបណ្តាលបុគ្គលិករបស់ក្រុមហ៊ុន Keller Williams Cambodia ដែរឬទេ?
ក្នុងដំណាក់កាលដំបូងក្រុមហ៊ុន Keller Williams Cambodia នឹងបើកវគ្គបណ្តុះបណ្តាលដល់បុគ្គលិករបស់ខ្លួនជារៀងរាល់ខែហើយនៅក្នុងឆ្នាំ ២០២២ ខាងមុខក្រុមហ៊ុន Keller Williams Cambodia គ្រោងបើកវិទ្យាស្ថានសម្រាប់បណ្តុះបណ្តាលដល់មនុស្សទូទៅដែលមានបំណងសិក្សាពីជំនាញនានាទាក់ទងនឹងវិស័យអចលនទ្រព្យផងដែរ ដែលវិទ្យាស្ថាននេះមានឈ្មោះថា The Institute of Keller Williams Cambodia។
៦- តើលោកមានការរំពឹងទុកបែបណាសម្រាប់ Keller Williams Cambodia?
Keller Williams Realty គឺជាក្រុមហ៊ុនដែលមានកិត្តិនាមល្បីពេញពិភពលោកដូចជា McDonald''s និង Starbucks ជាដើម។ ក្នុងនាមជាម្ចាស់អាជីវកម្ម KW នៅកម្ពុជា (Regional Operating Principal) របស់ក្រុមហ៊ុន Keller Williams Cambodia ខ្ញុំរំពឹងថាក្រុមហ៊ុននឹងមានដំណើរការទៅមុខយ៉ាងរលូនហើយតាមរយៈនេះវានឹងជួយជំរុញឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពរីកចម្រើនថែមទៀតក្នុងកម្រិតមួយខ្ពស់ជាងនេះ។
ត្រឹមឆ្នាំ ២០២២ ខ្ញុំរំពឹងថាក្រុមហ៊ុន Keller Williams Cambodia នឹងកាន់ចំណែកទីផ្សារវិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញបានយ៉ាងតិចចំនួន ៣០ ភាគរយ ហើយត្រឹមឆ្នាំ ២០២៩ ក្រុមហ៊ុន Keller Williams Cambodia នឹងកាន់ចំណែកទីផ្សារវិស័យអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី ៣០ ភាគរយ។
កម្ពុជាជាប្រទេសទី ៤ ក្នុងតំបន់អាស៊ានដែលក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Keller Williams Realty បានចូលមកធ្វើប្រតិបត្តិការទីផ្សារ បន្ទាប់ពីប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីន៕