ផលិតផល​ជាច្រើន​ប្រភេទ​ដែល​មកពី​ទឹកដី​នៃ​ស្នាមញញឹម​បាន​មក​ដល់​ព្រះរាជាណាចក្រ​ហើយ​គឺ​ការតាំងពិព័រណ៍​ពាណិជ្ជកម្ម​ថៃ TOP THAI BRANDS 2020 ចាប់ពី​ថ្ងៃទី ៦-៩ ខែ​កុម្ភៈ​នេះ ដែល​កំពុង​ប្រារព្ធ​ធ្វើ​ឡើង​នៅឯ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ​។

ការតាំងពិព័រណ៍​ដ៏ធំ​នេះ​មាន​ក្រុមហ៊ុន​ប្រមាណ​ ២០០ ​ក្រុមហ៊ុន​បាន​ចូលរួម ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ពួកគេ​ដែល​មាន​រហូតដល់ ២៩០ ​ស្តង់ ដើម្បី​ផ្តល់នូវ​ជម្រើស​សម្បូរបែប​សម្រាប់​អតិថិជន​ជ្រើសរើស​។ ផលិតផល​ទាំងនេះ​មានដូចជា ម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ គ្រឿងសម្អាង ផលិតផល​ប្រើប្រាស់​ក្នុងផ្ទះ ផលិតផល​សម្រាប់​ទារក គ្រឿង​អេឡិចត្រូនិក និង​ផលិតផល​ជាច្រើន​ប្រភេទ​ទៀត​។


ក្រុមហ៊ុន​ថៃ​ល្បីៗ​ដូចជា Singha Corporation Co Ltd, Charoen Pokphand Group (CP), Mitr Phol Group និង Charoen Pokphand Group (CP) រួម​នឹង​សហគ្រាស​ខ្នាតតូច​ និង​មធ្យម​ជាច្រើន​ទៀត​បាន​ចូលរួម​ការតាំងពិព័រណ៍​នេះ​។


លោក Jirawuth Suwanna-Arj អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ TOP THAI BRANDS 2020 ក្នុង​ឆ្នាំ​នេះ​គឺជា​ព្រឹត្តិការណ៍​កាន់តែ​ពិសេស​ពីព្រោះ​ជា​ឆ្នាំ​នៃ​ខួប​លើក​ទី​ ៧០ ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ថៃ និង​កម្ពុជា​»​។


ការតាំងពិព័រណ៍​នេះ​មាន​ក្រុមហ៊ុន​ចូលរួម​ជាង​ ២០០ និង​មាន​ ២៩០ ​ស្តង់​។


ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​សមាជិក​អាស៊ាន​ជិតខាង​គ្នា​នេះ​មាន​ជាង​ ៩,៤ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន នេះ​បើ​យោង​តាម​ស្ថានទូត​ថៃ​នៅក្នុង​រាជធានី​ភ្នំពេញ​។


ប្រទេស​ថៃ​បាន​នាំចេញ​ទំនិញ​មក​កម្ពុជា​មាន​ជាង​ ៧,១ ​ពាន់​លាន​ដុល្លារ ខណៈ​នាំចូល​ទំនិញ​ពី​កម្ពុជា​មាន​ជាង​ ២,២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

យោង​តាម​លោក Jirawuth បាន​ឲ្យ​ដឹងថា ការនាំចេញ​ភាគច្រើន​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ​រួមមាន​ផ្លែស្វាយ ត្រី​ទឹកសាប គ្រឿង​សមុទ្រ និង​ខ្សែភ្លើង​ជាដើម​។

លោក​បន្ថែម​ថា ទំនិញ​ភាគច្រើន​ដែល​ថៃ​នាំ​ចូលមក​កម្ពុជា​គឺពាក់ព័ន្ធ​ផ្នែក​ចំណីអាហារ បដិសណ្ឋារកិច្ច ឬ​ទំនិញ​សម្រាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ជាដើម​។

ជាមួយ​នឹង​ការកើនឡើង​នៃ​ចំណង់ចំណូល​ចិត្ត​ និង​ការគាំទ្រ​ផលិតផល​ថៃ​ពី​សំណាក់​អតិថិជន​ទូទៅ តួលេខ​នេះ​អាច​នឹង​កើនឡើង​នៅ​ឆ្នាំក្រោយ​។

លោក Jirawuth ថ្លែងថា​៖ «​យើង​ជឿជាក់​ថា ទីផ្សារ​នឹង​រីកចម្រើន​ជា​រៀងរាល់​ឆ្នាំ​។ មិនមាន​កត្តា​អវិជ្ជមាន​ណា​មួយ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ​ទេ​»​។

សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ប្រកាស​កាលពី​ឆ្នាំមុន​ថា ទំនិញ​របស់​កម្ពុជា​ប្រមាណ​ ៣០ ​មុខ​នឹងត្រូវ​យក​ទៅ​លក់​នៅក្នុង​ហាង 7-Eleven របស់​ថៃ​នៅ​ដើម​ឆ្នាំ​ ២០២០​។

អតិថិជន​មាន​ជម្រើស​ច្រើន​ជាមួយ​នឹង​ទំនិញ​គុណភាព​ខ្ពស់​ដ៏សម្បូរបែប​។

លោក Jirawuth លើកឡើង​ថា​ការិយាល័យ​របស់​លោក​ក៏​នឹង​លើក​ទឹកចិត្ត​ដល់​ខ្សែចង្វាក់​តូចៗ​ដូចជា​ក្រុមហ៊ុន Tesco Lotus និង​សហគ្រិន​ខ្នាតតូច​ជាដើម​ឲ្យ​ទិញ​ទំនិញ​ពី​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​។ ​ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏ដោយ​បញ្ហា​ប្រឈម​សំខាន់​គឺថា​ផលិតផល​កម្ពុជា​ត្រូវបំពេញ​តាម​ស្តង់ដា​អន្តរជាតិ មុនពេល​ទំនិញ​ទាំងនោះ​ត្រូវ​បាន​លក់បាន​ទូលំទូលាយ​ដល់​អតិថិជន​ថៃ​។

ពិធី​បើកសម្ពោធ​សាកល្បង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៦ ខែ​កុម្ភៈ​ដែល​នឹង​ក្លាយ​ជា​ឱកាស​មួយ​សម្រាប់​ពាណិជ្ជករ​កម្ពុជា និង​សមភាគី​ថៃ​ដើម្បី​ស្វែងរក​ឱកាស​នាំចេញ-នាំចូល ទំនិញ​។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ​លោក Jurin Laksanavisit នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍​តាំងពិព័រណ៍​នេះ​នៅ​វេលា​ម៉ោង​ ៦ ​ល្ងាច​ថ្ងៃទី​ ៧ ខែ​កុម្ភៈ​។

ទន្ទឹម​នឹង​នេះដែរ​អ្នកចូលរួម​នឹង​បាន​រីករាយ​ជាមួយ​ការប្រគំ​តន្ត្រី​ពី​សំណាក់​តារាចម្រៀង​ថៃ​ និង​កម្ពុជា​ល្បីៗ​ជាច្រើន​រូប​ដែល​មក​សម្តែង​ជូន​ទស្សនិកជន​ទស្សនា​ជា​រៀងរាល់​យប់​។

នៅក្នុង​ការតាំងពិព័រណ៍​នេះ អ្នកចូលរួម​ក៏​អាច​ទទួល​បាន​បទពិសោធ​ដ៏អស្ចារ្យ ជាមួយ​សេវាកម្ម​ម៉ាស្សា​ដ៏ល្បីល្បាញ​របស់​ប្រទេស​ថៃ​ផងដែរ​។

លោកអ្នក​អាច​អញ្ជើញ​ចូលរួម​ទស្សនាការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​ថៃ Top Thai Brands ដ៏ធំ​ប្រចាំឆ្នាំ​លើក​ទី​ ៥ ​នេះ​ដោយ​សេរី ហើយ​សម្រាប់​ការតាំងពិព័រណ៍​រយៈពេល​ ៤ ​ថ្ងៃ​ក្នុងឆ្នាំនេះ​គេ​រំពឹង​ថា​នឹងមាន​អ្នកចូលរួម​ជាង​ ២ ​ម៉ឺន​នាក់​៕