តម្រូវការ​បុគ្គលិក​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ខាង​ផ្នែក​ភាសា​ចិន​ពិតជា​កំពុងតែ​មានការ​កើនឡើង​យ៉ាងខ្ពស់ សម្រាប់​បម្រើ​ដល់​ការកើនឡើង​នៃ​ភ្ញៀវទេសចរ និង​សហគមន៍​ជំនួញ​ជនជាតិ​ចិន​ និង​ការរីកលូតលាស់​យ៉ាង​ឆាប់​រហ័ស​នៃ​វិស័យ​សេវាកម្ម​ផ្នែក​បដិសណ្ឋារកិច្ច​នៅ​ក្រុងព្រះសីហនុ​។

ដោយ​កត់សម្គាល់​ឃើញ​ពី​ភាពខ្វះខាត​នូវ​បុគ្គលិក​ជំនាញ​សហគ្រិន​ជនជាតិចិន​សញ្ជាតិ​អូស្ត្រាលី​ម្នាក់​សម្រេចចិត្ត​បង្កើត​សេវាកម្ម​បណ្ដុះបណ្ដាល​ដល់​សិស្ស​ដែល​បាន​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ និង​យុវជន​នៅក្នុង​តំបន់​នោះ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ត្រូវ​នឹង​តម្រូវការ​បុគ្គលិក​នៅក្នុង​ខេត្ត​នេះ​ជាពិសេស​បុគ្គលិក​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​តែម្ដង​។


លោក​ George Chow ដែលមាន​បទពិសោធ​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ចិន​ចំនួន​ ២ និង ដែល​បាន​យល់ច្បាស់​ពី​តម្រូវការ​ទីផ្សារការងារ​ខាង​ផ្នែក​បដិសណ្ឋារកិច្ច​នៅក្នុង​ក្រុងព្រះសីហនុ​នោះ​កំពុងតែ​បើក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​របស់ខ្លួន​។


លោក Chow ថ្លែងថា ក្រុមហ៊ុន​ចិន​ជាច្រើន​កំពុងតែ​ត្រូវការ​បុគ្គលិក​ដែល​ចេះ​និយាយ​ភាសា​ចិន​។ ហេង ជីវ័ន


ដោយ​បាន​ឃើញ​អំពី​តម្រូវការ​នៃ​អ្នកចេះ​និយាយ​ភាសា​ចិន លោក George បានផ្ដល់​ជូន​នូវ​សេវាកម្ម​បង្រៀន​ភាសា​ចិន​សម្រាប់​ថ្នាក់ដំបូង​ និង​មធ្យម​ដល់​សិស្សានុសិស្ស​ និង​យុវជន​នៅ​តំបន់​នោះ​ដោយបាន​សហការ​ជាមួយ​នឹង​វិទ្យាល័យ​ចំនួន​ ២ ​នៅក្នុង​ខេត្ត​នេះ​ដើម្បី​រៀបចំ​បណ្ដុះបណ្ដាល​ពួកគេ​សម្រាប់​ឱកាស​ការងារ​។


សិស្ស​ដែល​មកពី​សាកលវិទ្យាល័យ​ Life ដែល​រៀន​ជំនាញ​អក្សរសាស្ត្រ​ចិន​​ត្រូវ​បាន​ជួល​ឲ្យ​មក​បង្រៀន​សិស្ស​ថា្នក់​ដំបូង​ ខណៈ​ដែល​គ្រូ​ជា​ជនជាតិ​ចិន​ត្រូវ​រៀបចំ​បង្រៀន​សិស្ស​ថា្នក់​កម្រិត​មធ្យម​។


គោលដៅ​ចម្បង​របស់​មជ្ឈមណ្ឌល​ភាសា​នេះ​គឺកំណត់​យក​សិស្ស​កម្រិត​វិទ្យាល័យ​សិស្ស​ដែល​បញ្ចប់​ការសិក្សា និង យុវជន​ក្នុង​តំបន់​ដែល​មិនបាន​សិក្សា​រៀនសូត្រ ហើយ​មជ្ឈមណ្ឌល​នឹង​បង្រៀន​ពួកគេ​នូវ​ការសន្ទនា​ជា​ភាសា​ចិន​ និង​ផ្តល់​ឱ្យ​ពួកគេ​នូវ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ជា​មូលដ្ឋាន​ស្តីពី​សេវាកម្ម​អតិថិជន​នៅក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ទៀតផង​។

សិស្ស​ដែល​រៀន​ពូកែ​នឹង​ត្រូវ​បាន​ផ្តល់ឱកាស​ឱ្យ​ធ្វើការ​នៅក្នុង​សណ្ឋាគារ​កាស៊ីណូ ឬ​ភោជនីយដ្ឋាន​ក្នុង​នាម​ជា​អ្នក​ហាត់​ការ​ដើម្បី​ទទួល​បាន​បទពិសោធ​ការងារ​ជាក់ស្តែង​ដើម្បី​ពង្រឹង​ជំនាញ​ក្នុង​ការផ្តល់​សេវាកម្ម​របស់​ពួកគេ​បន្ថែម​ទៀត​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ការបណ្តុះបណ្តាល​និស្សិត​បញ្ចប់​ការសិក្សា និង​យុវជន​ក្នុង​តំបន់​នោះ​ដែល​មិន​បាន​ចូលរៀន​ពី​មុន​មក​គឺ​ពិតជា​មាន​ការលំបាក​ព្រោះ​ពួកគេ​ភាគច្រើន​ខ្វះ​ជំនាញ​ក្នុង​ការរៀនសូត្រ​ដូច្នេះ​ពួកគេ​ត្រូវ​ចំណាយពេល​យូរ​ក្នុង​ការរៀន​ឲ្យ​ចេះ​នូវ​ជំនាញ និង​បច្ចេកទេស​ដែល​ត្រូវការ​នៅក្នុង​ឧស្សាហកម្ម​សេវាកម្ម​»​។

លោក​បាន​និយាយ​ថា​៖ «​យ៉ាងហោច​ណាស់​ខ្ញុំ​ត្រូវតែ​ហ្វឹកហាត់​បង្រៀន​ពួកគេ​ឱ្យដល់​កម្រិត​អ្នកបកប្រែ​វ័យក្មេង​ដើម្បី​ឱ្យ​សមស្រប​ទៅនឹង​លក្ខខណ្ឌ​ការងារ​»​។

«​សាលា​មួយ​ក្នុងចំណោម​សាលា​ដែល​ខ្ញុំ​កំពុង​ធ្វើការ​សហការ​ជាមួយ​មាន​សិស្សានុសិស្ស​ដែល​មកពី​គ្រួសារ​មាន​ប្រាក់ចំណូល​តិច​។ ​ខ្ញុំ​ពេញចិត្ត​ក្នុង​ការផ្តល់នូវ​ការបណ្តុះបណ្តាល​បែបនេះ​ដោយសារ​តែ​វា​ផ្តល់នូវ​អត្ថប្រយោជន៍​ក្នុង​រយៈពេល​វែង​ជូន​សហគមន៍​ដែល​ពួកគេ​រស់នៅ​»​។

បុគ្គលិក​ដែល​មាន​ចំណេះដឹង​ផ្នែក​ភាសា​ចិន​នឹងមាន​អត្ថប្រយោជន៍​បន្ថែម​ក្នុង​ការបម្រើ​ភ្ញៀវទេសចរ​ជនជាតិ​ចិន​។ហេង ជីវ័ន

គាត់​បាន​ពន្យល់​ដូច្នេះ​ថា «​នៅក្នុង​ខេត្ត​ព្រះសីហនុ​ប្រជាជន​ដែល​ចេះ​និយាយ​ភាសា​ចិន​គឺអាច​រកប្រាក់​ចំណូល​បាន​ខ្ពស់​ជាង​បើ​ប្រៀបធៀប​ទៅនឹង​ប្រជាជន​ដែល​មិនចេះ​និយាយ​ភាសា​ចិន​នោះ​» ។

លោក​បាន​ថ្លែងថា​ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​ជា​ជនជាតិ​ចិន​កំពុង​ត្រូវការ​បុគ្គលិក​ជួរមុខ​យ៉ាង​ខ្លាំង​ដែល​សណ្ឋាគារ​មួយ​អាច​នឹង​ស្វែងរក​បុគ្គលិក​ថ្មី​រាប់រយ​នាក់​។

«​ដូច្នេះ​ហើយ​ទើប​ខ្ញុំ​កំពុង​ខិតខំ​ប្រឹងប្រែង​ទាក់ទាញ​សិស្ស​វិទ្យាល័យ​ក៏ដូចជា​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ឲ្យ​មក​ចុះឈ្មោះ​ចូលរៀន​ភាសា​ចិន​នៅ​មជ្ឈមណ្ឌល​ភាសា​របស់ខ្ញុំ​។ ​ជា​ឧទាហរណ៍​ប្រសិន​បើ​ខ្ញុំ​មាន​សិស្ស​ ៥០០ ​នាក់​នៅក្នុង​មជ្ឈមណ្ឌល​ខ្ញុំ​អាច​ផ្គត់ផ្គង់​កម្លាំង​ពលកម្ម​ដែល​ត្រូវការ​ដោយ​សណ្ឋាគារ​ក្នុង​រយៈពេល ៣០ ​នាទី​»​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ក៏​ស្ថិត​ក្នុង​ដំណើរការ​បង្កើត​ភ្នាក់ងារ​ធនធាន​មនុស្ស​ឱ្យ​កាន់​តែ​មាន​សមត្ថភាព​ក្នុងការ​បម្រើ​នូវ​សេចក្តីត្រូវការ​របស់​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​នៅក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ​»​។

ក្រុមហ៊ុន George''s agency ​នឹង​ក្លាយជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​នៅក្នុង​ខេត្ត​ព្រះសីហនុ​ដែល​ផ្តោត​ជាពិសេស​ទៅលើ​ទីផ្សារពលកម្ម​នៅក្នុង​ខេត្ត​នេះ​ផ្ទាល់​។ គាត់​បាន​បន្ត​ទៀត​ថា​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នៅពេល​ដែល​វិស័យ​បដិសណ្ឋារកិច្ច​បាន​រីកដុះដាល​ខ្លាំង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ទីផ្សារ​ពលកម្ម​ពុំទាន់​ត្រូវ​បាន​រៀបចំ​រួចរាល់​ឡើយ​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​នៅតាម​សណ្ឋាគារ​។

ដោយសារ​ក្រុង​ព្រះសីហនុ​មាន​សហគមន៍​ជំនួញ​ចិន​ដ៏ធំ​ និង​ជា​គោលដៅ​ទេសចរណ៍​ដ៏មាន​ប្រជាប្រិយភាព​សម្រាប់​ទេសចរ​ចិន​ផង​នោះ​និយោជិត​នៅក្នុង​ឧស្សាហកម្ម​បដិសណ្ឋារកិច្ច​ដែល​ចេះ​និយាយ​ភាសា​ចិន​ប្រាកដជា​នឹង​អាច​ផ្តល់​នូវ​សេវាកម្ម​កាន់តែ​ល្អ​ប្រសើរ​ដល់​ភ្ញៀវ និង​អតិថិជន​៕