ការសាកល្បង​សេដ្ឋកិច្ច​មួយទៀត​នៅក្នុង​ឆ្នាំឆ្លូវ

Content image - Phnom Penh Post

បន្ទាប់ពី​បាន​ឆ្លងកាត់​ការសាកល្បង​ផ្នែក​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​​ ២០២១ ​នេះ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅមុខ ទោះបី​ប្រឈម​បញ្ហា​មួយចំនួន​កាលពី​ឆ្នាំមុន ប៉ុន្តែ​ការដាក់ចេញ​នូវ​សកម្មភាព​ច្នៃប្រឌិត​ថ្មីៗ​ទាំង​ផ្នែក​សាធារណៈ និង​ឯកជន​បាន​ជួយ​ទប់ស្កាត់​នូវ​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​បាន​យ៉ាង​ល្អប្រសើរ​។

ឆ្នាំ​ថ្មី​ហាក់ដូចជា​នៅតែ​ជួប​បញ្ហា​ប្រឈម​ដែល​អាច​រាំងស្ទះ​ដល់​សាជីវកម្ម​មួយចំនួន ទោះយ៉ាងណា​សេដ្ឋកិច្ច​កម្ពុជា​បានបង្ហាញ​ពី​ភាពរឹងមាំ​របស់ខ្លួន និង​វា​មាន​សញ្ញា​វិជ្ជមាន ទោះបី​មានការ​រាំងស្ទះ​មួយចំនួន​ដោយសា​ជំងឺ​រាតត្បាត​ក្តី​។

វ៉ាក់សាំង​ជំងឺ​កូវីដ​១៩

ជំងឺ​កូវីដ​នឹង​នៅតែ​បន្ត​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភពលោក ហើយ​ប្រទេស​កម្ពុជា​ក៏​រង​ផលប៉ះពាល់​ដែរ​។ ការបិទ​ព្រំដែន​ជា​បណ្តោះអាសន្ន​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​ផលិតកម្ម និង​ការបញ្ឈប់​កម្មករ​ក្នុងអំឡុងពេល​មាន​វិបត្ដិ​នេះ ដែល​អាច​ជះឥទ្ធិពល​ដល់​ប្រាក់ចំណូល និង​ការចំណាយ​របស់​ប្រជាជន ទាំងនេះ​ហើយ​ដែល​នឹង​ជះឥទ្ធិពល​ដល់​កំណើន​សេដ្ឋកិច្ច​ក្នុងស្រុក​។ ការមកដល់​នៃ​វ៉ាក់សាំង​កូវីដ​១៩ អាចជួយ​សម្រាល​បន្ទុក​បាន​ប្រសើរ ប៉ុន្តែ​ពេលវេលា​នៅ​មិនទាន់​ប្រាកដ​នៅឡើយ​។

ទេសចរណ៍

ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ធ្លាក់ចុះ​ដោយសារ​ការបិទ​ព្រំដែន ដែល​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​អ្នករក​ស៊ីក្នុង​វិស័យនេះ គិត​ចាប់​តាំងពី​ដើម​ឆ្នាំមុន​។ ចំនួន​ទេសចរណ៍​បរទេស​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង គឺ​មាន​ត្រឹមតែ​ ១,២ ​លាន​នាក់​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​កាលពី​ឆ្នាំមុន ធៀប​នឹង​ចំនួន​​ ៤,៨ ​លាន​នាក់​ ក្នុង​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​បណ្តាល​ឱ្យ​បាត់បង់​ការងារ​ប្រហែល ៤៥ ០០០ កន្លែង​ ហើយ​អាជីវកម្ម​ដែល​ទាក់ទង​នឹង​វិស័យ​ទេសចរណ៍​ប្រមាណ ៣ ០០០ ​បាន​បញ្ឈប់​ប្រតិបត្តិការ​។ ការងើប​ឡើងវិញ​នៃ​វិស័យ​ដ៏សំខាន់​នេះ​នឹង​ក្លាយជា​កម្លាំង​ជំរុញ​សម្រាប់​សេដ្ឋកិច្ច​។ ប៉ុន្តែ​ការបន្ត​រឹតបន្តឹង​ការឆ្លង​ព្រំដែន​ជា​សកល នឹង​ធ្វើ​ឱ្យ​ការងើបឡើង​វិញ​នៃ​វិស័យនេះ​យឺត​។

អាកាសចរណ៍

ឧស្សាហកម្ម​នេះ​នឹង​ប្រឈម​ការងើបឡើង​វិញ​ដ៏លំបាក​ដោយសារតែ​ការរឹតត្បិត​ការហោះហើរ​ពី​អន្តរជាតិ​។ ជើងហោះហើរ​ក្នុងស្រុក​ និង​អន្តរជាតិ​ដែល​រួមចំណែក​ដល់​សេដ្ឋកិច្ច​ក្នុងស្រុក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ មាន​ជើងហោះហើរ​មួយចំនួន​ប៉ុណ្ណោះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ហោះហើរ​មក​កម្ពុជា ក៏ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​ធ្វើ​ឱ្យ​ឧស្សាហកម្ម​នេះ​នៅ​មិនទាន់​ងើប​ឡើងវិញ​ពេញលេញ​នៅឡើយ​។ ដូច្នេះ​វា​នៅតែ​ជះឥទ្ធិពល​ដល់​វិស័យ​ទេសចរណ៍​។

ឧស្សាហកម្ម​សម្លៀកបំពាក់​​ និង​វាយនភណ្ឌ

វិស័យ​កាត់ដេរ​ស្រូបយក​កម្លាំង​ពលកម្ម​ប្រមាណ ៧០ ​ម៉ឺន​នាក់ ប៉ុន្តែ​ដោយសារ​ជំងឺ​រាតត្បាត​បានធ្វើឱ្យ​ការបញ្ជាទិញ​ពី​បរទេស​ធ្លាក់ចុះ​។ រោងចក្រ​ប្រមាណ ១ ១០០ ត្រូវ​បិទទ្វារ ខណៈ​កម្មករ​ជិត ​៥ ម៉ឺន​នាក់​បាន​រង​ផលប៉ះពាល់​។ ល្បឿន​នៃ​ការងើប​ឡើងវិញ​នៃ​វិស័យនេះ​គឺមាន​សារៈសំខាន់​ណាស់​ពីព្រោះ​វា​ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​។

សហគ្រាស​ធុន​តូច​ និង​មធ្យម (SME)

SME ភាគច្រើន​បាន​គេច​ផុតពី​ផលប៉ះពាល់​ដែល​បណ្តាល​មកពី​ជំងឺ​រាតត្បាត​មួយ​នេះ ជាពិសេស​សហគ្រាស​ដែល​ប្រតិបត្តិការ​នៅក្នុង​ផលិតកម្ម​ចំណីអាហារ​។ ទោះយ៉ាងណា​និរន្តរភាព​របស់​ពួកគេ គឺ​អាស្រ័យ​លើ​បែបផែន​សេដ្ឋកិច្ច និង​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ជាពិសេស​សម្រាប់​អាជីវកម្ម​ដែល​ខ្វះខាត​សាច់ប្រាក់​។

ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ

គោលនយោបាយ​ការបរទេស​របស់​ប្រធានាធិបតី​អាមេរិក Joe Biden ដែល​នឹង​ចូលមក​កាន់តំណែង​ដ៏ខ្លី​ខាងមុខ​អាច​នឹង​បន្ធូរបន្ថយ​ភាពតានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន និង​ការដោះស្រាយ​បញ្ហា​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​កូរ៉េខាងជើង​។ តម្លៃ​ប្រេងឆៅ​ប្រែប្រួល​ដោយសារតែ​តម្រូវការ​ជា​សកល​ចុះខ្សោយ​អាច​នឹង​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​ជា​សកល​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។

Content image - Phnom Penh Post

សញ្ញា​វិជ្ជមាន (​កំណើន GDP)

ការព្យាករ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ថា​នឹងមាន​កំណើន​ ៤ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២១ ហើយ​វិស័យ​ហិរញ្ញវត្ថុ​រឹងមាំ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​។ ម្យ៉ាងវិញទៀត​តួលេខ​នេះ​ក៏​​ស្រប​នឹង​ការ​ព្យាករ​កំណើន​ ៤ ភាគរយ​របស់​ធនាគារ​ពិភពលោក​សម្រាប់​ឆ្នាំនេះ​ផងដែរ​។

ផលិតកម្ម​ប្រេង​តំបន់​អប្សរា

ផលិតកម្ម​ប្រេង​លើកដំបូង​របស់​កម្ពុជា​នៅ​តំបន់​អណ្តូងប្រេង​អប្សរា​ដែលមាន​ទីតាំង​ស្ថិតនៅ​បាសាំង​ខ្មែរ​ (Khmer Basin) នៅ​ថ្ងៃទី​ ២៨ ខែ ធ្នូ​ ឆ្នាំ​ ២០២០ គឺជា​ដំណឹង​ដ៏រីករាយ​មួយ​។ ផលិតកម្ម​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ឈានដល់​អត្រា​ផលិតកម្ម​ខ្ពស់បំផុត​ ៧ ៥០០ ​បារ៉ែល ​ក្នុង​ ១ ​ថ្ងៃ​នៅពេល​កម្មវិធី​ខួង​បានបញ្ចប់​នៅ​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​ ២០២១ ដែលជា​សម្បត្តិ​ថ្មី​សម្រាប់​សេដ្ឋកិច្ច​។

ការនាំចេញ​កើនឡើង

ការនាំចេញ​កំពុង​មាន​សម្ទុះ​ទោះបី​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់ចុះ​ក្តី​។ ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​ដំឡូងមី​ជិត​ ៣ ​លាន​តោន​ក្នុង​រយៈពេល​ ៩ ​ខែ​​ដំបូង​នៃ​ឆ្នាំ​ ២០២០ ពោលគឺ​កើនឡើង​ជិត​ ៤៩ ភាគរយ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ ​។ ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំមុន កម្ពុជា​បាន​នាំចេញ​អង្ករ​ចំនួន ៤៨៨ ៧៧៥ តោន​ ពោលគឺ​កើនឡើង​ ២២,៦ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ ការនាំចេញ​សរុប​របស់​កម្ពុជា​បាន​កើនឡើង​ដល់​ ១៦ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ពោល​គឺ​កើនឡើង​ ១៤ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៩​។

សេដ្ឋកិច្ច​ឌីជីថល

ក្រុមហ៊ុន​កាន់តែ​ច្រើន ជាពិសេស​ធនាគារ​កំពុង​ផ្លាស់ប្តូរ​ទៅកាន់​ទម្រង់​ឌីជីថល​យ៉ាង​ឆាប់រហ័ស​ដែល​បង្កើត​បាន​ប្រព័ន្ធ​អេកូ​សម្រាប់​ការទូទាត់​ដ៏អំណោយផល​សម្រាប់​អតិថិជន​។ ប្រព័ន្ធ​ឌីជីថល​ក៏​ជួយ​ផ្តល់​សេវាកម្ម​ធនាគារ​ដល់​អ្នក​រស់នៅ​តំបន់​ជនបទ​ដែល​គ្មាន​គណនី​ធនាគារ​ផងដែរ​។ ឧទាហរណ៍ ការបង្កើត​ប្រព័ន្ធ​ទូទាត់​បាគង​របស់ NBC គឺជា​ជំហាន​ប្រកបដោយ​ភាពច្នៃប្រឌិត​ថ្មី​មួយទៀត​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការផ្ទេរប្រាក់​។

ពាណិជ្ជកម្ម​អេឡិចត្រូនិក

ខណៈ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កំពុង​បន្ត​ផ្លាស់ប្តូរ​របៀប​ធ្វើ​អាជីវកម្ម វា​ក៏​កំពុង​ជំរុញ​ទីផ្សារ​លក់រាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​យ៉ាង​ឆាប់រហ័ស​ផងដែរ ជាពិសេស​ក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​។ ការរីកដុះដាល​អាជីវកម្ម​តាម​អនឡាញ​មាន​កាន់តែ​ច្រើន​ដូចជា​ការលក់​សម្លៀកបំពាក់ លក់​ចំណី​អាហារ​ជាដើម​ដែល​ភាគច្រើន​គឺ​ត្រូវបាន​ជំរុញ​ដោយ​ការកើនឡើង​នៃ​ការប្រើប្រាស់​ស្មាតហ្វូន និង​អ៊ីនធឺណិត​ដែលមាន​តម្លៃ​សមរម្យ​៕

ព័ត៌មានថ្មីៗ