សហគមន៍ធុរកិច្ចហុងកុង និងម៉ាកាវកំពុងបន្តជំរុញទំនាក់ទំនងពាណិជ្ជកម្មកាន់តែរឹងមាំជាមួយកម្ពុជាលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្សេងៗដូចជាផែនការសកម្មភាព និងគំនិតផ្តួចផ្តើមផ្លូវមួយខ្សែក្រវាត់មួយជាដើម។
សមាគម ចិន ហុងកុង និងម៉ាកាវ និងសហគមន៍ធុរកិច្ចនៅកម្ពុជាដែលត្រូវបានបង្កើតឡើងកាលពី ២ ទសវត្សរ៍មុនកំពុងជួយជំរុញដល់វិស័យសេដ្ឋកិច្ចកម្ពុជាដោយបង្កើតទំនាក់ទំនងយ៉ាងសំខាន់នៅក្នុងចំណោមសហគមន៍ធុរកិច្ច។
«សមាជិកធុរកិច្ចបាននិងកំពុងខិតខំ ពង្រីកទំហំវិនិយោគរបស់ពួកគេដោយបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាជនកម្ពុជា និងផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា»។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថ្លែងថា៖ «សមាគមបានជំរុញយ៉ាងសកម្មដល់ក្រុមហ៊ុនជាសមាជិកឱ្យចូលរួមក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវរវាងចិន-កម្ពុជា។ ពួកគេបានចូលរួមចំណែកយ៉ាងមានប្រសិទ្ធភាពនៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងកម្ពុជា-ចិន ជាពិសេសតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវ»។
លោកថ្លែងបែបនេះនៅក្នុងពិធីទទួលទានអាហារពេលល្ងាចដើម្បីអបអរបុណ្យ "Mid-Autumn Festival" ដែលត្រូវបានប្រារព្ធធ្វើឡើងដោយភ្ជាប់ជាមួយពិធីបុណ្យសែននំព្រះខែនៅកោះពេជ្រកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលមានសមាជិកសមាគមប្រមាណ ១០០០ នាក់ចូលរួម។
លោកបានបន្ថែមថា ក្រៅពីការជំរុញឲ្យធុរកិច្ចហុងកុង និងម៉ាកាវចូលមកវិនិយោគនៅកម្ពុជា សមាគមក៏បានការពារសិទ្ធិស្របច្បាប់របស់ពួកគេយ៉ាងសកម្មផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងហុងកុងមានចំនួន ១,២ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ ពោលគឺកើនឡើងជាមធ្យមក្នុងរង្វង់ ៣,១ ភាគរយក្នុងមួយឆ្នាំ គិតចាប់តាំងពីឆ្នាំ ២០១៣ មក។
«សមាគមក៏បានជួយដល់ធុរកិច្ចមកពីហុងកុង និងម៉ាកាវ ដើម្បីដោះស្រាយបញ្ហាក្នុងការវិនិយោគ និងប្រតិបត្តិការរបស់ពួកគេផងដែរ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារសិទ្ធិស្របច្បាប់របស់ពលរដ្ឋចិនជាពិសេសអ្នកដែលមកពីហុងកុង និងម៉ាកាវ»។
លោក Wang ថ្លែងថា៖ «សមាគមនេះក៏បានណែនាំដល់សមាជិកឱ្យគោរពនីតិរដ្ឋកម្ពុជា គោរពវប្បធម៌ និងទំនៀមទម្លាប់កម្ពុជា និងត្រូវអនុវត្តសកម្មភាពទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនក៏ដូចជាគាំទ្រដល់គំនិតផ្តួចផ្តើមកម្មវិធីសប្បុរសធម៌ផងដែរ»។
លោកក៏បានលើកឡើងផងដែរថាឆ្នាំ ២០១៩ គឺជាឆ្នាំដ៏សំខាន់ ខណៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាបានធ្វើឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីត្រូវបានពង្រឹងកាន់តែរឹងមាំ។
ក្រោមការដឹកនាំរបស់មេដឹកនាំនៃប្រទេសទាំង ២ ចិននិងកម្ពុជាកំពុងខិតខំយ៉ាងខ្លាំងដើម្បីអនុវត្តផែនការសកម្មភាព ហើយស្របនឹងគំនិតផ្តួចផ្តើម «ផ្លូវមួយខ្សែក្រវាត់មួយ» ជាមួយនឹងយុទ្ធសាស្ត្រចតុកោណជាលទ្ធផលធ្វើឱ្យមានការសហការគ្នាប្រកបដោយផ្លែផ្កា។
លោកបានបន្ថែមទៀតថា៖ «ចំណងមិត្តភាពដ៏រឹងមាំរវាងប្រទេសចិន និងកម្ពុជាបានបើកឱកាសដ៏កម្រជាច្រើនសម្រាប់ ធុរកិច្ចហុងកុង និងម៉ាកាវនៅកម្ពុជា»៕