វប្បធម៌នៃការចែករំលែករបស់វិស័យសាជីវកម្មនៅតែបន្តកើនឡើង ខណៈពេលដែលជំងឺរាតត្បាតកូវីដ១៩ កំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ តម្រូវការបន្ទាន់សម្រាប់សេវាថែទាំសុខភាព ឧបករណ៍វេជ្ជសាស្ត្រ ការបាត់បង់ការងារ កង្វះខាតស្បៀងអាហារ និងការធ្លាក់ចុះនៃអាជីវកម្មផ្សេងៗ នៅតែបន្តលេចឡើងជារឿយៗនៅលើអត្ថបទប្រចាំថ្ងៃនៃប្រព័ន្ធផ្សព្វផ្សាយនានា។
លក្ខខណ្ឌមិនអំណោយផលទាំងនេះកំពុងជំរុញឱ្យក្រុមហ៊ុនទាំងឡាយដាក់ចេញនូវយុទ្ធសាស្ត្រទំនួលខុសត្រូវសង្គមរបស់ពួកគេ។ ក្រុមហ៊ុនសាជីវកម្មមួយចំនួនបានផ្អាកសកម្មភាពទីផ្សារ និងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ពួកគេ ដោយបែងចែកថវិកាមួយផ្នែករបស់ខ្លួន និងបែងចែកឱ្យបុគ្គលិកចុះទៅជួយសហគមន៍ក្នុងមូលដ្ឋានដែលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
មានក្រុមហ៊ុនជាច្រើនមកពីវិស័យផ្សេងៗ រាប់ចាប់ពីក្រុមហ៊ុនផលិតភេសជ្ជៈ ស្ថាប័នហិរញ្ញវត្ថុរហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ និងភោជនីយដ្ឋាន ដែលកំពុងធ្វើការងារសប្បុរសធម៌ជួយដល់អ្នកដែលកំពុងជួបការខ្វះខាតរៀងៗខ្លួន មានទាំងថវិកា និងគ្រឿងឧបភោគបរិភោគ។
លោក Fahmi Rajendra ប្រធានគ្រប់គ្រងផ្នែកទីផ្សាររបស់ស្រាបៀរ អាន់ឆ័រ ថ្លែងក្នុងអំឡុងពេលផ្តល់អំណោយកាលពីពេលថ្មីៗថា៖ «យើងជឿជាក់ថាយើងអាចរីកចម្រើនទៅបានលុះត្រាតែប្រជាជន និងសហគមន៍ដែលរស់នៅជុំវិញយើងរីកចម្រើនដែរ។ អាន់ឆ័រនៅជាប់ជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន»។
ស្រាបៀរអាន់ឆ័រដែលជាផ្នែកមួយនៃក្រុមហ៊ុន Heineken Cambodia បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគដល់ប្រជាពលរដ្ឋរស់នៅក្បែរក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ ដែលរងផលប៉ះពាល់កាលពីថ្ងៃចន្ទ ដោយជំនួយទាំងនោះមាន ដូចជាអង្ករ មី ប្រេងឆា ត្រីខ សាប៊ូ និងម៉ាស់ ហើយជំនួយ ចំនួន ១ ៨០០ កញ្ចប់ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ។
អ្នកស្រី Anne Ollivier ប្រធានកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន Heineken Cambodia បានថ្លែងថា៖ «នៅក្រុមហ៊ុន Heineken Cambodia យើងទទួលខុសត្រូវលើកាតព្វកិច្ចរបស់យើង ចំពោះប្រទេសជាតិយ៉ាងមុតមាំ។ ក្នុងនាមជាក្រុមហ៊ុនបង់ពន្ធធំបំផុតមួយ និងជាក្រុមហ៊ុនផលិតស្រាបៀរធំបំផុតមួយនៅក្នុងប្រទេស ក្រុមហ៊ុន Heineken Cambodia គឺសកម្មខ្លាំងណាស់ នៅក្នុងសង្គមកម្ពុជា។ នោះហើយជាមូលហេតុដែលយើងដឹងពីភាពចាំបាច់ក្នុងការជួយគ្នាក្នុងអំឡុងពេលវេលាដ៏លំបាកនេះ»។
ទន្ទឹងនឹងនេះដែរក្រុមហ៊ុនទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជា ក៏បានបរិច្ចាគគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតផងដែរ។ បុគ្គលិករបស់ក្រុមហ៊ុនបានបរិច្ចាគគ្រឿងឧបភោគបរិភោគរាប់រយកញ្ចប់ដល់ពលរដ្ឋដែលកំពុងខ្វះខាតនៅភូមិឫស្សី១ និងភូមិឫស្សី២ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ បន្ទាប់ពីសង្កាត់នេះត្រូវបានចាត់ចូលថាជាតំបន់ដែលរងផលប៉ះពាល់ខ្លាំង។ កញ្ចប់គ្រឿងឧបភោគបរិភោគទាំងនោះរួមមានមី អង្ករ ត្រីខ ឆៃប៉ូវ និងទឹកស៊ីអ៊ីវត្រូវបានប្រគល់ជូនមេភូមិ។
លោក Sovath Dari Yavich នាយកប្រតិបត្តិ លក់ និងចែកចាយរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី បានមានប្រសាសន៍ថា៖ « នេះគឺជាពេលវេលាដ៏លំបាកសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ក្នុងតំបន់ក្រហម។ ក្នុងនាមជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើប្រជាពលរដ្ឋកម្ពុជាទាំងអស់ យើងប្តេជ្ញាចិត្តជួយដល់ពលរដ្ឋកម្ពុជាយើង ដែលជួបប្រទះបញ្ហាប្រឈមទាំងនេះ ដូច្នេះយើងទាំងអស់គ្នាអាចហែលឆ្លងកាត់ការរាតត្បាតរបស់ជំងឺដ៏កាចសាហាវនេះ»។
ក្រុមហ៊ុន ទ្រូម៉ាន់នី មានបណ្តាញភ្នាក់ងារជាង ១ ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។
ទន្ទឹមនឹងនេះដែរ លោក លូ ម៉េង ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Almond Hospitality រួមជាមួយសប្បុរសជនឯកជនមួយចំនួនទៀតបានផ្តល់អំណោយសប្បុរសធម៌លើកទី ២ របស់ខ្លួនជាគ្រឿងឧបភោគបរិភោគចំនួន ៣០០ កញ្ចប់ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម។ ដែលនេះគឺជាការផ្តល់អំណោយសប្បុរសធម៌លើកទី ២ នៅថ្ងៃទី ១៣ ខែឧសភា ដោយបានសហការជាមួយមូលនិធិ Muditha ខណៈការផ្តល់អំណោយសប្បុរសធម៌ស្រដៀងគ្នានេះត្រូវបានធ្វើឡើងនៅថ្ងៃទី ៦ ខែឧសភា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី ២០ ខែឧសភា បានឲ្យដឹងថាករណីឆ្លងជំងឺកូវីដ១៩ សរុបនៅកម្ពុជាមានចំនួន ២៣ ៦៩៧ នាក់ និងករណីស្លាប់សរុបមានចំនួន ១៦៤ នាក់។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលកំពុងផ្តល់ការចាក់វ៉ាក់សាំងយ៉ាងសកម្មនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ បើគិតចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១៩ ខែឧសភា ប្រជាពលរដ្ឋប្រមាណចំនួន ២,២ លាននាក់ត្រូវបានចាក់វ៉ាក់សាំង៕