ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ហ្គ្រេន ឆាយណា ឡាយហ្វ៍ សហការ​ជាមួយ​ធនាគារពាណិជ្ជ ឈីហ្វ ដើម្បី​លើកកម្ពស់​វិស័យ​ធានារ៉ាប់រង

Content image - Phnom Penh Post
លោក Yu (​រូប​ទី​ ៣ ​រាប់​ពី​ឆ្វេង​) និង​លោកស្រី Fion Ng នាយក​ធនាគារពាណិជ្ជ ឈីហ្វ ប្តូរ​ឯកសារ​អំឡុងពេល​ចុះហត្ថលេខា​។

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ហ្គ្រេន ឆាយណា ឡាយហ្វ៍ អ៊ិនសូរេន ចាប់​ដៃគូ​ជាមួយ​ធនាគារពាណិជ្ជ ឈីហ្វ (​ខេមបូឌា​) ម.ក ដើម្បី​ពង្រីក​អាជីវកម្ម​ធានារ៉ាប់រង​របស់ខ្លួន​នៅ​កម្ពុជា​។

ភាគី​ទាំង​ ២ ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៣ ខែ​ធ្នូ​កន្លង​ទៅក្នុង​គោលបំណង​ដើម្បី​អភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​របស់​ប្រទេស​កម្ពុជា កំពុង​បង្ហាញ​នូវ​សញ្ញា​រីកចម្រើន​ដែល​ជំរុញ​ដោយ​ការយល់ដឹង​កាន់តែ​ច្រើន​អំពី​សារៈសំខាន់​នៃ​ធានារ៉ាប់រង​អាយុជីវិត និង​ប្រាក់ចំណូល​ដែល​កំពុង​កើនឡើង​។

លោក​ឧកញ៉ា​បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារពាណិជ្ជ ឈីហ្វ (​ខេមបូឌា​) ម.ក ថ្លែង​នៅក្នុង​ពិធី​ចុះ MoU នោះ​ថា​៖ «​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ហ្គ្រេន ឆាយណា ឡាយហ្វ៍ មាន​បទពិសោធ​ច្រើន​នៅក្នុង​វិស័យ​ធានារ៉ាប់រង​អាយុជីវិត ដូច្នេះ​យើង​ជឿជាក់​លើ​ក្រុមជំនាញ និង​បច្ចេកវិទ្យា​របស់​ពួកគេ ហើយ​វា​នឹង​ទទួល​បាន​ជោគជ័យ​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​របស់​យើង​។ អតិថិជន​អាច​ទិញ​ធានារ៉ាប់រង​នៅ​ធនាគារ ដើម្បី​ធានាបាន​នូវ​គុណភាព​»​។

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​អន្តរជាតិ​កំពុង​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​វិស័យ​ធានារ៉ាប់រង​របស់​ប្រទេស​កម្ពុជា​ដែល​កំពុង​បង្ហាញ​សក្តានុពល​នៃ​កំណើន​ដ៏ខ្លាំងក្លា​។ យោងតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា កំណើន​ប្រចាំឆ្នាំ​របស់​វិស័យនេះ​ជា​មធ្យម​គឺ​ ៣៥ ​ភាគរយ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​រំពឹងថា​នឹង​មាន​កំណើន​ចំនួន​ ៣២ ​ភាគរយ​នៃ​បុព្វលាភ​ដុល​ក្នុង​ឆ្នាំ​នេះ​។

Content image - Phnom Penh Post

«​ចំណូល​ជា​មធ្យម​សម្រាប់​មនុស្សម្នាក់​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដែល​ធ្វើ​ឲ្យ​អំណាច​នៃ​ការទិញ​ទំនិញ និង​សេវាកម្ម​រួមទាំង​ធានារ៉ាប់រង​ក៏កើនឡើង​ផងដែរ​។

ចំណូល​ជា​មធ្យម​សម្រាប់​មនុស្ស​ម្នាក់​របស់​ប្រទេស​កម្ពុជា​មាន​ត្រឹមតែ ២៨៨ ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០០០ និង​កើនឡើង​ដល់ ៨៣០ ​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១០ និង​ឈានដល់ ១ ៥៤៨ ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨»​។

លោក​បណ្ឌិត ម៉ូរ៉ារិទ្ធ​ បាន​បន្ថែមថា​៖ «​ប្រជាជនមាន​ការយល់​ដឹង​កាន់តែច្រើន​អំពី​សារៈសំខាន់​នៃ​សេវាកម្ម​ធានារ៉ាប់រង ដូច្នេះ​ពួកគាត់​អាច​ផ្ទេរ​ហានិភ័យ​ដែល​អាច​កើតមាន​ទៅឱ្យ​ក្រុមហ៊ុន​ធានារ៉ាប់រង​ក្នុង​តម្លៃ​សមរម្យ​»​។

ធនាគារពាណិជ្ជ ឈីហ្វ មាន​សាខា​ចំនួន​ ៣ ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​បើក​ដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ២០១៣ ​មក​។

Content image - Phnom Penh Post
លោក Yu ៖ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​វិនិយោគ លើ​ធានារ៉ាប់រង ដោយសារ​មានការ​យល់ដឹង​ច្រើន​។

ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​ដដែល​នោះដែរ​លោក Yu Li Qun អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ហ្គ្រេន ឆាយណា បាន​ថ្លែងថា ចាប់តាំងពី​ក្រុមហ៊ុន​នេះ​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​កាលពី​ ២ ​ឆ្នាំ​កម្លង​មក​នេះ​ឃើញ​ថា ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន កំពុង​វិនិយោគ​ទៅ​លើ​ធានារ៉ាប់រង ដោយសារ​តែ​ពួកគេ​យល់ដឹង​កាន់តែ​ច្រើន​អំពី​អត្ថប្រយោជន៍​នៃ​ធានារ៉ាប់រង​។

«​យើង​មាន​អតិថិជន​កម្ពុជា​ច្រើន ហើយ​ការលក់​របស់​យើង​កំពុង​កើនឡើង​ជា​រៀងរាល់ថ្ងៃ​ពីព្រោះ​ប្រជាជន​កាន់តែ​ច្រើន​បាន​យល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ធានារ៉ាប់រង​។ ការទិញ​ធានារ៉ាប់រង​គឺជា​ការចែករំលែក​ហានិភ័យ​ជាមួយ​ក្រុមហ៊ុន​។ ក្រុមហ៊ុន​របស់​យើង​ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង ឆ្នាំ​ ២០១៨ ហើយ​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ ដូច្នេះ​យើង​ដឹង​ច្បាស់​ពី​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​»​។

លោក​បន្ថែមថា​៖ «​បច្ចុប្បន្ន​យើង​មាន​អតិថិជន​ជាង ២ ០០០ នាក់​ហើយ​ភាគច្រើន​នៃ​អតិថិជន​របស់​យើង​ជា​ប្រជាជន​កម្ពុជា ហើយ​ផលិតផល​របស់​យើង​មាន​ទាំង​សម្រាប់​បុគ្គល​សម្រាប់​គ្រួសារ និង​សម្រាប់​សហគ្រាស​ផងដែរ​។ វិស័យ​ធានារ៉ាប់រង​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​គឺ​ប្រហាក់ប្រហែល​នឹង​វិស័យ​ធានារ៉ាប់រង​របស់​ប្រទេស​ចិន​ក្នុង​ឆ្នាំ ​១៩៩៣​។ ខណៈ​សេដ្ឋកិច្ច​កំពុង​រីកចម្រើន ឧស្សាហកម្ម​ធានារ៉ាប់រង​ក៏រីកចម្រើន​ដូចគ្នា​ដែរ​។ ខ្ញុំ​ជឿជាក់​ថា​នៅពេល​អនាគត វិស័យ​ធានារ៉ាប់រង​នឹង​រីកចម្រើន​កាន់តែ​ខ្លាំង​»​។

Content image - Phnom Penh Post
លោក​ឧកញ៉ា បណ្ឌិត ម៉ូរ៉ារិទ្ធ​៖ បច្ចុប្បន្ន​មាន​ការ​យល់ដឹង​ច្រើន​អំពី​អត្ថប្រយោជន៍​នៃ​សេវាកម្ម​ធានារ៉ាប់រង ។

លោក Yu Li Qun បញ្ជាក់ថា​ក្រុមហ៊ុន​មាន​យុទ្ធសាស្ត្រ​យូរអង្វែង​ក្នុង​ការផ្ទេរ​ជំនាញ​ធានារ៉ាប់រង​អាយុជីវិត​មកកាន់​ទីផ្សារ​កម្ពុជា និង​បណ្តុះបណ្តាល​អ្នកជំនាញ​ក្នុង​ស្រុក​ដើម្បី​គាំទ្រ​ដល់​ឧស្សាហកម្ម​ដែល​កំពុង​រីកចម្រើន​នេះ​។

«​ផ្អែកលើ​ចំណងមិត្តភាព​ដ៏ជិតស្និទ្ធ​រវាង​កម្ពុជា-ចិន ក្រុមហ៊ុន​របស់​យើង​គ្រោង​នឹង​នាំយក​អ្វីៗ​ដែល​ល្អៗ​មកកាន់​ប្រទេស​កម្ពុជា ហើយ​យើង​នឹង​ជួយ​បណ្តុះបណ្តាល​ប្រជាជន​កម្ពុជា​អំពី​វិស័យនេះ​»​។

លោក Yu Li Qunz បន្ថែមថា​៖ «​នៅពេល​អនាគត​ខ្ញុំ​ជឿជាក់​ថា ផ្នែក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​ និង​បុគ្គលិក​ទាំង​គឺ​សុទ្ធតែ​ជា​ជា​ជនជាតិខ្មែរ ហើយ​ក្នុង​រយៈពេល ៣ ​ឆ្នាំ​ខាងមុខ​ក្រុមហ៊ុន​នឹង​ជួយ​បណ្តុះបណ្តាល​ប្រជាជន​កម្ពុជា​កាន់តែច្រើន​អំពី​ធានារ៉ាប់រង​»៕