ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ​បាន​ចាប់ផ្តើម​ឆ្នាំ​ថ្មី​ ២០២០ ដោយ​ការតភ្ជាប់​ជើងហោះហើរ​ទៅកាន់​ទីក្រុង​មួយទៀត​នៅក្នុង​បញ្ជី​នៃ​គោលដៅ​ថ្មី​របស់ខ្លួន​ដែល​កំពុង​កើនឡើង​គឺ​ទីក្រុង​ឆឹង​ទូ (Chengdu) នៅ​ភាគ​ខាងលិច​ប្រទេស​ ចិន​។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ​បាន​បើក​ការហោះហើរ​ត្រង់​យ៉ាង​ទៀងទាត់​របស់ខ្លួន​ដោយ​ជោគជ័យ​រវាង​ទីក្រុង​ភ្នំពេញ​ និង​ឆឹងទូ​កាលពី​ថ្ងៃទី​ ៨ ខែ​មករា ហើយ​ជើងហោះហើរ​ថ្មី​នេះ​ក៏​ជា​ផ្លូវ​ដំបូង​ពី​ប្រទេស​កម្ពុជា​ទៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ចិន​ផងដែរ​។


ទីក្រុង​ឆឹង​ទូ​ក្លាយ​ជា​ទីក្រុង​ទី​ ៥ ​ក្នុង​ប្រទេស ​ចិន ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ​បាន​ផ្តល់​សេវាកម្ម​បន្ទាប់ពី​ទីក្រុង​ម៉ាកាវ​ទីក្រុង​ហ្វូចូវ ទីក្រុង​វិនចូវ និង​ទីក្រុង​សិនជិន​។


«​ជើងហោះហើរ​ដែល​ទើបនឹង​បើក​ថ្មី​រវាង​ទីក្រុង​ភ្នំពេញ​ និង​ទីក្រុង​ឆឹងទូ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ​បាន​បំពេញ​ចន្លោះ​ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​អាជីវកម្ម​ទៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ចិន ហើយ​ក៏បាន​សាងសង់​ច្រករបៀង​ផ្លូវអាកាស​ងាយស្រួល​រវាង​ទីក្រុង​ប្រវត្តិសាស្ត្រ​ទាំង​ ២ និង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ផងដែរ​»​។



នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៨ ​ខែ​មករា បាន​បញ្ជាក់ថា​៖ «​នៅពេល​អនាគត​ភ្ញៀវទេសចរ​នឹងមាន​ជម្រើស​ធ្វើដំណើរ​កាន់តែ​ប្រសើរ។ កម្លាំង​ថ្មី​ត្រូវបាន​បញ្ចូល​ទៅក្នុង​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២»​។ ជើងហោះហើរ​នេះ​មាន​ចំនួន​ ៣ ​ជើង​ក្នុង​មួយ​សប្តាហ៍ និង​ប្រតិបត្តិការ​ដោយ​យន្តហោះ​ប្រភេទ Airbus A319​។


ដោយ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៧ ក្រុមហ៊ុន​បាន​បើក​ការហោះហើរ​ជា​ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃទី​ ១០ ខែ​កក្កដា ឆ្នាំ​ ២០១៨ ដោយ​ហោះ​ពី​ទីក្រុង​ភ្នំពេញ ទៅ​ខេត្ត​សៀមរាប​។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​យន្តហោះ Airbus A319 និង A320 ដែល​បម្រើ​ដល់​គោលដៅ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ជាច្រើន​។

ឆឹងទូ​គឺជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង ​៣ ​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​ភាគ​ខាងលិច​ប្រទេស​ចិន (​ទីក្រុង​ពីរ​ទៀត​គឺ​ក្រុង Chongqing និង Xi''an) ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​តំបន់​សេដ្ឋកិច្ច​ត្រីកោណ​ភាគ​ខាងលិច​ដែល​កំណត់​ដោយ​ប្រទេស ​ចិន​ ថា​ ជា​របៀង​វិនិយោគ​យុទ្ធសាស្ត្រ​មួយ​ដ៏សំខាន់​ផងដែរ​។

ឧទ្យាន​ផេនដា​គឺជា​កន្លែង​ទាក់ទាញ​ទេសចរ​ដ៏សំខាន់​នៅ​ទីក្រុង​ឆឹងទូ​។ AFP

ឆឹងទូ​គឺជា​ទីក្រុង​រដ្ឋធានី​នៃ​ខេត្ត​ស៊ីឈួន​របស់​ប្រទេស​ ចិន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «​ទឹកដី​សម្បូរបែប​»​។ វា​ក៏​ជា​ទីក្រុង​នយោបាយ ពាណិជ្ជកម្ម និង​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ដ៏ទូលំទូលាយ​នៅ​ភាគ​ខាងលិច​ប្រទេស​ ចិន​។

ក្រុមហ៊ុន​អាកាសចរណ៍​ខេមបូឌាអ៊ែរវ៉េ​ក៏បាន​បន្ថែមថា​៖ «​អាកាសយានដ្ឋាន​អន្តរជាតិ Shuangliu របស់​ទីក្រុង​ឆឹងទូ​មាន​ចំនួន​អ្នកដំណើរ​លើសពី ៥០ ​លាន​នាក់​ក្នុង​ឆ្នាំ ២០១៨» ។

ការកើនឡើង​នៃ​ការតភ្ជាប់​ផ្លូវអាកាស​រវាង​ប្រទេស​កម្ពុជា​ និង​ចិន​នឹង​ជួយ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​របស់​ប្រទេស ​កម្ពុជា​។ ទេសចរ​ចិន​ប្រមាណ​​ ២,៦ ​លាន​នាក់​បាន​មក​ទស្សនា​ប្រទេស​ កម្ពុជា​ កាលពី​ឆ្នាំមុន ហើយ​ក្រសួងទេសចរណ៍​រំពឹងថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឲ្យ​បាន​ ៣ ​លាន​នាក់​នៅក្នុង​ឆ្នាំ​ ២០២០ នេះ​។

ឆឹង ទូ ដែលជា​ទីក្រុង​រដ្ឋធានី​នៃ​ខេត្ត​ស៊ីឈួន​នេះ​មាន​ប្រវត្តិសាស្ត្រ​ដ៏រុងរឿង​និង​គួរឱ្យកត់សម្គាល់ ហើយ​វា​ជា​កន្លែង​កំណើត​នៃ​អរិយធម៌​បុរាណ​ស៊ូ​ដែលជា​អរិយធម៌​មួយ​ក្នុងចំណោម​អរិយធម៌​បុរាណ​ទាំង​ ៣ ​របស់​ចិន​។

ទីក្រុង​ឆឹងទូ​បាន​ទទួល​ឈ្មោះថា​ជា «​ទីក្រុង​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដែល​មាន​ក្នុង​បញ្ជី​រដ្ឋ​របស់​ប្រទេស​ ចិន​» ជា​ «​ទីក្រុង​ទេសចរណ៍​កំពូល​នៅ​ប្រទេស​ចិន​» ជា​ «​ទីក្រុង​អាហារ​ឆ្ងាញ់​នៅលើ​ពិភពលោក​» និង​ជា ​«​ទីក្រុង​កំណើត​របស់​ផេនដា​» ​ផងដែរ​៕