ក្រុមហ៊ុន Confirel ផលិត​ និង​នាំចេញ​ផលិតផល​សុខភាព​ធម្មជាតិ​ទៅ​កាន់​ទីផ្សារ​ពិភពលោក

Content image - Phnom Penh Post
វត្ថុធាតុដើម​ភាគច្រើន​បំផុត​សម្រាប់​ផលិត​ផលិតផល Confirel មាន​ប្រភព​មកពី​កសិករ​ក្នុងស្រុក ។

ខនហ្វីរេល​ជា​ក្រុមហ៊ុន​ផ្តើម​ចេញពី​ឧស្សាហកម្ម​ខ្នាត​មធ្យម​មួយ​បាន​ក្លាយ​ទៅជា​អ្នក​នាំមុខ​ក្នុង​ការផលិត និង​នាំចេញ​ផលិតផល​សុខភាព និង​សរីរាង្គ កែច្នៃ​ពី​វត្ថុធាតុដើម​ក្នុង​ស្រុក​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ដំបូង​គេ​។ តាមរយៈ​ការទទួលស្គាល់​ផ្នែក​គុណភាព​ផលិត និង​ទទួល​បាន​ចំណែក​ទីផ្សារ​នាំចេញ​នេះហើយ​គឺ​វា​បានរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការចូលរួម​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​កសិករ​ក្នុង​ទីជនបទ តាមរយៈ​ការប្រមូលទិញ ស្ករត្នោត​កំពង់ស្ពឺ និង​ម្រេច​កំពត​ពី​កសិករ ដើម្បី​យក​មក​កែច្នៃ​ជា​ផលិតផល​ផ្សេងៗ​ដោយ​គោរព​តាម​បទដ្ឋាន​អន្តរជាតិ​។

បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​ជិត​ ២ ​ទសវត្សរ៍ ក្រុមហ៊ុន Confirel Co. Ltd ជា​ក្រុមហ៊ុន​មួយ​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ផលិត​ និង​កែច្នៃ​ចេញពី​វត្ថុធាតុដើម​ក្នុងស្រុក ហើយ​បង្កើត​បាន​ម៉ាក​សញ្ញា​ជាច្រើន​ប្រកប​ដោយ​ជោគជ័យ ជាពិសេស​ផលិតផល​មាន​ប្រយោជន៍​សម្រាប់​សុខភាព​។

លោក​ឱសថ​បណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និង​ជា​ប្រធាន​អគ្គនាយក​ក្រុមហ៊ុន Confirel មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន Confirel ត្រូវបាន​បង្កើតឡើង​ដោយ​ឈរលើ​គោល​គំនិត​ធំ គឺ​បង្កើត និង​លើកតម្កើង អត្តសញ្ញាណ​ខ្មែរ និង​ធ្វើឲ្យ​អត្តសញ្ញាណ​របស់​យើង​ក្លាយ​ជា​សេដ្ឋកិច្ច​យូរអង្វែង​សម្រាប់​ប្រជាជន​យើង​ដែល​ ៨០ ​ភាគរយ​ជា​កសិករ​។ អ៊ីចឹង​ហើយ​បាន​ជា​គម្រោង Confirel ទាំងអស់​គឺ​ទាក់ទង​នឹង​ការអភិវឌ្ឍ​តំបន់​ជនបទ​ពីព្រោះ​គ្រប់​ផលិតផល​របស់​ក្រុមហ៊ុន Confirel ទាំងអស់​ផលិត​ចេញ​ពី​វត្ថុធាតុដើម​ក្នុង​ស្រុក​ដូចជា​ត្នោត និង​ម្រេច​ជាដើម​»​។

លោក​ឱសថ​បណ្ឌិត ហៃ លីអ៊ាង ដែល​បាន​សិក្សា​ផ្នែក​ឱសថ​សាស្ត្រ​នៅ​ប្រទេស​បារាំង​បាន​កសាង​អាជីវកម្ម​របស់​លោក​តាំងពី​ដំបូង​រហូត​ដល់​បច្ចុប្បន្ន បាន​ក្លាយ​ជា​ក្រុមហ៊ុន​ដ៏ធំ​មួយ​ដែល​បាន​ផ្តល់​ការងារ​ជាច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក​។

Content image - Phnom Penh Post
លោក​ឱសថ​បណ្ឌិត ហៃ លី​អ៊ាង ។

លោក​ឱសថ​បណ្ឌិត​បាន​បន្ថែម​ថា​៖ «​គោលដៅ​ចម្បង​គឺ​យើង​ចង់​បង្ហាញថា ខ្មែរ​យើង​មាន​ផលិតផល​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​គេ​បាន​ជា​ផលិតផល​គ្មាន​ ២​។ ជាពិសេស​គឺ ខេម (KEM) ឬ​ខេម ប្រូបាយអូទិក (KEM Probiotics) ជា​ផលិតផល​ដែល​មាន​តែ​នៅក្នុង​ប្រទេស​យើង ក៏ដូចជា​តែ​កញ្ចុំផ្កា ម្រេច​សុខភាព​គីរម្យ​ទទួលបាន​កម្មសិទ្ធិបញ្ញា​ពី​ប្រទេស​បារាំង និង​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក ថា​ជា​ផលិតផល​មាន​តែ​មួយគត់​នៅក្នុង​ប្រទេស​ខ្មែរ និង​ពិភពលោក​»​។

លោក​សង្កត់ធ្ងន់​ថា​៖ «​ផលិតផល​យើង​នេះ​មិនមែន​នាំចេញ​ដោយសារតែ​ការអនុគ្រោះ​ពន្ធ ឬ រួច​ពន្ធ​អី​នោះទេ គឺ​យើង​ទៅ​ប្រកួតប្រជែង​ជាមួយ​គេ ជា​លក្ខណៈ​អន្តរជាតិ​ដោយ​ផ្អែកលើ​គុណភាព​»​។

«​វត្ថុធាតុដើម​ភាគច្រើន​ដូចជា​ម្រេច និង​ស្ករត្នោត​គឺ​មកពី​ខេត្តកំពត និង​កំពង់ស្ពឺ ហើយ​វត្ថុធាតុដើម​ទាំងអស់​គឺជា​ផលិតផល​សេរីរាង្គ​»​។

លោក​បន្ថែមថា​៖ « ផលិតផល​របស់ Confirel ទាំងអស់​គឺ​ផ្តោត​សំខាន់​បំផុត​ទៅលើ​គុណភាព និង​សុវត្ថិភាព​។ ផលិតផល​របស់​យើង​ជា​ផលិតផល​សរីរាង្គ យើង​អត់​ប្រើប្រាស់​ថ្នាំពុល​ទេ គឺ​យើង​ប្រើ​ជីធម្មជាតិ​»​។

Content image - Phnom Penh Post
Confirel ផ្តល់​ការងារ​ច្រើន​កន្លែង​ដល់​ប្រជាជន​កម្ពុជា ។

ផលិតផល​របស់​ក្រុមហ៊ុន​មាន Confirel មាន​ ៤ ប្រេន (Brand) សំខាន់​ធំៗ គឺ ចាយ៉ា (Jaya ) ជា​ស្រា​ផលិត​ពី​ទឹកត្នោត​ធម្មជាតិ​។ ត្នោត (Thnot) មាន​ស្ករត្នោត​ជា​ប្រភេទ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) និង​ផលិតផល​សរីរាង្គ (Organic)​។ គីរម្យ (Kirum) ម្រេច និង​ផលិតផល​ធ្វើ​ពី​ម្រេច​កំពត​សរីរាង្គ ដូចជា​តែ​កញ្ចុំ​ផ្កា​ម្រេច​កំពត ហើយ​និង​ផលិតផល​ចុងក្រោយ​គឺ ខេម (Kem) ឬ​ខេម ប្រូបាយអូទិក ជា​អាហារ​បំប៉ន​សម្រាប់​សុខភាព ដោយ​ផលិតផល​ទាំង​ ៤ ​ប្រភេទ​នេះ​គឺ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​។

«​ចំពោះ​ផលិតផល ខេម ជា​មធ្យម​កាលពី​ឆ្នាំមុន កំណើន​នាំចេញ​គឺ​កើនឡើង​រហូត​ដល់​ ៣០០ ​ភាគរយ​។ ហើយ​គេ​បាន​យក​ទៅ​ធ្វើ​ពិសោធន៍ និង​ប្រៀបធៀប​ជាមួយ​ផលិតផល​របស់​ក្រុមហ៊ុន​បារាំង​ធំៗ​មួយចំនួន​»​។

«​ឧទាហរហ៍ ផលិតផល ខេម គឺ​យើង​នាំចេញ​ស្ទើរតែ​ ៩៥ ​ភាគរយ​ទៅ​ប្រទេស​អាហ្វ្រិក ពីព្រោះ​គេ​បាន​រកឃើញ​ថា ខេម របស់​យើង​បាន​ព្យាបាល​ជំងឺ​ប្រូស្តាត ជា​ផលិតផល​ធម្មជាតិ តម្លៃថោក ហើយ​មាន​ប្រសិទ្ធភាព​ខ្ពស់​»​។

Content image - Phnom Penh Post
ផលិតផល​ជាច្រើន​ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​។

លោក​ឱសថ​បណ្ឌិត ហៃ លីអ៊ាង ​បន្ថែមថា​៖ «​ផលិតផល​យើង​នេះ​មិនមែន​នាំចេញ​ដោយសារ​ការអនុគ្រោះ​ពន្ធ ឬ​រួច​ពន្ធ​អី​នោះទេ​គឺ​យើង​ទៅ​ប្រកួតប្រជែង​ជាមួយ​គេ ជា​លក្ខណៈ​អន្តរជាតិ​ដោយ​ផ្អែកលើ​គុណភាព​។ ដូច្នេះ​មាន​ស្ថាប័ន​ធំៗ​ដូចជា ស្ថាប័ន​ចេញ​វិញ្ញាបនបត្រ​សរីរាង្គ​អន្តរជាតិ ECOCERT ជាដើម​បាន​ទទួល​ស្គាល់ និង​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ដល់​យើង​»​។

ចំពោះ​ខេមប្រូបាយអូទិក គឺជា​អាហារ​បំប៉ន​ដែល​បាន​មកពី​ការ​បំប្លែង​ពី​ទឹក​រុក្ខជាតិ​ចម្រុះ (Morinda Citrifolia) ដែល​សម្បូរ​ដោយ​ប្រូបាយអូទិក​ល្អៗ​ដែល​វា​មាន​អត្ថប្រយោជន៍​ដ៏ច្រើន​ដល់​សុខភាព ដូចជា​ប្រឆាំង​ជំងឺ​រលាក​ក្រពះ ព្យាបាល​ជំងឺ​ប្រូស្តាត ប្រឆាំង​បាក់តេរី មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ និង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ទៀត​ដល់​សុខភាព​៕

Content image - Phnom Penh Post
ផលិតផល​របស់ Confirel ទាំងអស់​ផ្តោត​សំខាន់​លើ​គុណភាព​។