ការផ្តល់ជូន​ផលិតផល​ដូចជា​ប្រព័ន្ធ Grid-Connected PV Systems, Hybrid PV Systems, និង Standalone PV Systems, NRG គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ ខណៈ​កម្ពុជា​ឈរលើ​ជំហរ​នៃ​ការវិវឌ្ឍ ថាមពល​កកើត​ឡើងវិញ​។


ក្រុមហ៊ុន NRG សូឡា ដែលមាន​មូលដ្ឋាន​នៅ​ភ្នំពេញ​ត្រូវ​បាន​បង្កើតឡើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៤ ក្នុង​គោលបំណង​បង្កើត​ឧស្សាហកម្ម​ថាមពល​ពន្លឺព្រះអាទិត្យ​ឱ្យបាន​រឹងមាំ​នៅ​កម្ពុជា​។


ការផ្តួចផ្តើម​ដំបូង​ផ្តោត​សំខាន់​ទៅលើ​ប្រព័ន្ធ​អគ្គិសនី​តាម​ជនបទ ខណៈ​បច្ចុប្បន្ន NRG គឺជា​ក្រុមហ៊ុន​សូឡា​ឈានមុខ​គេ​មួយ ដែល​នាំមក​នូវ​ស្តង់ដា​អន្តរជាតិ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​បរទេស​នៅក្នុង​ស្រុក​។


លោក Daniel Pacheco អគ្គនាយក​ក្រុមហ៊ុន NRG សូឡា​មាន​ប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន​ជាច្រើន ដូចជា ក្រុមហ៊ុន NRG មាន​តួនាទី​ដ៏សំខាន់​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការទាញ​យក​អត្ថប្រយោជន៍​ពី​ប្រភព​ថាមពល​ពន្លឺព្រះអាទិត្យ​ដ៏សម្បូរ​ហូរហៀរ​នៅលើ​ផែនដី​។ បដិវត្តន៍​ថាមពល​ពន្លឺព្រះអាទិត្យ​កំពុង​កើត​មាន​ហើយ​វា​មិនអាច​ត្រូវបាន​គេ​មើលរំលង​ទៀត​ទេ ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់ ដែល​ក្រុមហ៊ុន និង​ប្រជាជន​កម្ពុជា​គឺជា​អ្នក​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​ឧស្សាហកម្ម​ថ្មី​នេះ​»​។


«​ដោយសារ​មាន​ការគាំទ្រ​ពី​រដ្ឋាភិបាល​ធ្វើឱ្យ​តម្លៃ​បន្ត​ធ្លាក់ចុះ បង្កើន​ការផ្តល់​នូវ​ហិរញ្ញប្បទាន ស្របពេល​ឧស្សាហកម្ម​ក្នុង​ស្រុក​កំពុង​រីកចម្រើន ប្រទេស​កម្ពុជា​គឺជា​ទីតាំង​ពិសេស​ក្នុង​ការទាញ​យក​អត្ថប្រយោជន៍ ពេញលេញ​ពី​បដិវត្តន៍​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​មិនអាច​ចៀសបាន​នេះ​»​។


ក្រុមហ៊ុន NRG សូឡា ផ្តល់ជូន​អតិថិជន​នូវ​ការពិភាក្សា​ដំបូង​ដោយ​ឥតគិតថ្លៃ​ដើម្បី​ធ្វើ​បទបង្ហាញ​អំពី​អត្ថប្រយោជន៍ និង​សក្តានុពល​នៃ​ការដំឡើង​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​។

ក្រុមហ៊ុន NRG សូឡា មាន​ក្រុម​វិស្វករ​ជំនាញ​គ្រប់គ្រាន់​។

បច្ចុប្បន្ន ក្រុមហ៊ុន​អាចបំពេញ​តម្រូវការ​អតិថិជន​សម្រាប់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ដូចជា​រោងចក្រ អគារ​ការិយាល័យ និង​រមណីយដ្ឋាន​ប្រណីត​ជាមួយ​ប្រព័ន្ធ Standalone PV System ដែល​វា​អភិវឌ្ឍ​ឧបករណ៍​សូឡា សម្រាប់​ការប្រើប្រាស់​ខ្នាតតូច ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​នេះ និង​ធ្វើឱ្យ​ប្រសើរឡើង​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បរិស្ថាន​។

ក្រុមហ៊ុន NRG បានឱ្យ​ដឹងថា ប្រព័ន្ធ Hybrid PV របស់ខ្លួន​អាច​ផ្ទុក​ថាមពល​ថ្ម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដែល​ជា​ប្រភព​ថាមពល​បន្ទាប់បន្សំ​ដូចជា​ម៉ាស៊ីន​ប្រើ​ប្រេងម៉ាស៊ូត ឬ​ទួរប៊ីន​ខ្យល់ និង​បណ្តាញ​អគ្គិសនី ដែល​ធានា​បាន​នូវ​ភាពជឿជាក់ និង​ថាមពល​បម្រុង​ទុក ខណៈ​ដែល​ប្រព័ន្ធ Grid-Connected PV System អាចជួយ​សន្សំ​តម្លៃ​បង់ថ្លៃ​អគ្គិសនី​បាន​យ៉ាងច្រើន​។

លោក Pacheco ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចាត់វិធានការ​សំខាន់ៗ ដើម្បី​ធ្វើឱ្យ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​។ គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៨ មក រដ្ឋាភិបាល​បានចេញ​បទប្បញ្ញត្តិ​ច្បាស់លាស់​ស្តីពី​ថាមពល​ពន្លឺ​ព្រះអាទិត្យ ដើម្បី​ធានា​ដល់​ស្ថិរភាព​។

លោក​បាន​បន្ថែម​ទៀត​ថា បទប្បញ្ញត្តិ​ថ្មី​នេះ​គឺជា​ជំហាន​ដំបូង​ដ៏អស្ចារ្យ​មួយ ហើយ​ថ្មីៗ​នេះ​មាន​ភ្នាក់ងារ​ជាច្រើន​នៅក្នុង​រដ្ឋាភិបាល​បាន​សហការ និង​ធ្វើ​សេចក្តីព្រាង​អំពី​ពន្ធ​ថាមពល​ថ្មី​ដែល​នឹង​ជួយ​ធ្វើឱ្យ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​កាន់តែ​ទាក់ទាញ​ថែមទៀត​។ ​ជា​ការពិត វា​តម្រូវ​ឱ្យ​មាន​ការកែ​លម្អ​ទៅតាម​អ្វីដែល​អាច​ធ្វើ​បាន ប៉ុន្តែ​ជំហាន​ដំបូង​ទាំងនេះ​បាន​ធ្វើឱ្យ​ថាមពល​ពន្លឺព្រះអាទិត្យ ទទួល​បាន​ការចាប់អារម្មណ៍​ពី​អ្នកប្រើប្រាស់​ភាគច្រើន​រួចហើយ ហើយ​យើង​រំពឹងថា​នឹង​មាន​ការកែលម្អ​លើ​បទប្បញ្ញត្តិ និង​ពន្ធ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​នេះ​។

«​ទោះបី​ជា​កម្ពុជា​ធ្លាប់​ដើរ​នៅ​ពីក្រោយ​ប្រទេស​ជិតខាង​របស់ខ្លួន​ដូចជា​វៀតណាម និង​ថៃ​ក៏ដោយ ក៏​ប្រទេស​កម្ពុជា​បាន​បោះជំហាន​មួយ​ដ៏ធំ​កាលពី​ឆ្នាំមុន ដើម្បី​ក្លាយជា​ទីតាំង​មួយ​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​ថាមពល​ពន្លឺព្រះអាទិត្យ​កកើត​ឡើងវិញ​។ ហើយ​ឥឡូវនេះ​ដោយ​មាន​បទប្បញ្ញត្តិ​របស់​រដ្ឋាភិបាល ច្បាស់លាស់ វិជ្ជមាន និង​តម្លៃ​សមរម្យ និង​កំណើន​នៃ​ជម្រើស​ហិរញ្ញប្បទាន បាន​ធ្វើឱ្យ​ប្រព័ន្ធ​សូឡា​ក្លាយ​ជា​ជម្រើស​មួយ​ដ៏ទាក់ទាញ​សម្រាប់​មនុស្ស​ជាច្រើន​នៅ​កម្ពុជា​រួចហើយ​។ នេះ​គឺជា​ពេលវេលា​នៃ​ការវិនិយោគ​លើ​ប្រព័ន្ធ​ថាមពល​ពន្លឺព្រះអាទិត្យ​»​។

«​ខណៈ​មាន​បញ្ហា​ប្រឈម​ធំៗ​ចំនួន​ ៣ ​នាពេល​កន្លងមក​ទាក់ទង​នឹង​ការទាញ​យក​ថាមពល​ពន្លឺ​ព្រះអាទិត្យ គឺ​បទប្បញ្ញត្តិ និង​ហេដ្ឋារចនាសម្ព័ន្ធ ការចំណាយ​ខ្ពស់​ទៅលើ​បច្ចេកវិទ្យា កង្វះ​ការវិនិយោគ និង​កង្វះ​ហិរញ្ញប្បទាន ដែល​ឧបសគ្គ​ទាំងនេះ​កំពុង​ត្រូវបាន​កាត់បន្ថយ​»​។

«​តម្លៃ​ថាមពល​ពន្លឺព្រះអាទិត្យ​ត្រូវបាន​ធ្លាក់ចុះ​សមល្មម​ហើយ ដើម្បី​ជួយ​សម្រួល​ដល់​ការប្រើប្រាស់​ប្រភព​អគ្គិសនី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​។ ប៉ុន្តែ​តម្លៃនឹង​នៅតែ​បន្ត​ធ្លាក់ចុះ​ដល់​ចំណុច​មួយ​ដូចជា​នៅ​ប្រទេស​ចិន និង​ប្រទេស​ដទៃទៀត ដែល​វា​កាន់តែ​ជួយ​សន្សំសំចៃ​ក្នុង​ការកសាង​ស្ថានីយ​ថាមពល​ពន្លឺព្រះអាទិត្យ​ថ្មី ជាជាង​បន្ត​ដំណើរការ​រោងចក្រ​ថាមពល​ធ្យូងថ្ម​ដែល​មាន​ស្រាប់​»​។

នៅ​ប្រទេស​ជាច្រើន​ដូច​នៅ​កម្ពុជា​ជាដើម ប្រព័ន្ធ​សូឡា​កំពុង​តែ​ចាប់ផ្តើម​ទទួល​បាន​ការចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ជាមួយ​នឹង​ការទទួល​ផល​មកវិញ​ត្រឹម​រយៈ​យ៉ាងយូរ​ត្រឹម ២ ​ទៅ ៥ ​ឆ្នាំ​ប៉ុណ្ណោះ ។ នេះ​បើតាម​លោក Pacheco ដែល​បាន​សិក្សា​វិស្វកម្ម​មេកានិក​នៅ​សាកលវិទ្យាល័យ Columbia នៅ​សហរដ្ឋអាមេរិក​។

លោក​បន្ថែមថា ដើម្បី​ធានាថា​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ​ក្នុង​ស្រុក​រឹងមាំ គឺ​ត្រូវមាន​ការផ្តល់​សេវាកម្ម​ដោយ​វិស្វករ និង​អ្នក​ដំឡើង​កម្ពុជា​ជំនាញ ហើយ​ក្រុមហ៊ុន NRG ក៏​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​មួយចំនួន​ដូចជា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដើម្បី​កសាង​អ្នកមាន​ទេពកោសល្យ​ក្នុង​ស្រុក​ក្នុង​នោះ​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ទទួល​យក​អ្នក​ហាត់​ការ​មួយចំនួន​ធ្វើជា​បុគ្គលិក​ពេញ​ម៉ោង​របស់​ពួកគេ​រួចហើយ​។

«​ជាមួយ​នឹង​ការវិវឌ្ឍ​ទាំងអស់​នេះ​ប្រទេស​កម្ពុជា​ត្រូវបាន​កំណត់​ធ្វើ​បដិវត្តន៍​ដោយ​ការស្រូប​យក​ថាមពល​ពន្លឺព្រះអាទិត្យ​យ៉ាង​ឆាប់រហ័ស ដែល​ជា​ផ្នែក​សំខាន់​នៃ​ការលាយ​បញ្ចូល​ថាមពល​។ បំណែក​ចុងក្រោយ​ចំពោះ​រូប​ផ្គុំ​នេះ​គឺ​ស្ថិត​នៅក្នុង​ការអភិវឌ្ឍ​ឧស្សាហកម្ម​ថាមពល​ពន្លឺព្រះអាទិត្យ​ក្នុង​ស្រុក​ដែល​រឹងមាំ និង​មាន​ភាពចាស់ទុំ​នៅក្នុង​ការទាញ​យក​អត្ថប្រយោជន៍​ពី​កំណើន​សេដ្ឋកិច្ច និង​ការបង្កើត​ការងារ​នៅក្នុង​វិស័យនេះ​»​។

លោក Pacheco ថ្លែងថា​៖ «​ជាមួយ​នឹង​អ្វីដែល​យើង​ផ្តល់ជូន​ក្រុមហ៊ុន NRG សូឡា គឺជា​ជំហរ​មួយ​ដ៏ល្អ​ក្នុង​ការជួយ​ប្រជាជន​កម្ពុជា​ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​បដិវត្តន៍​ពន្លឺព្រះអាទិត្យ​ដែល​មិន​ត្រូវ​មើលរំលង​»៕