ធនាគារ ឌីជីប៊ី កំពុងរៀបចំផែនការដើម្បីណែនាំសេវាកម្ម និងផលិតផលរបស់ធនាគារជាច្រើនរហូតដល់សេវាកម្មធនាគារចល័ត ដើម្បីពង្រឹងជំហររបស់ខ្លួននៅក្នុងវិស័យហិរញ្ញវត្ថុដែលកំពុងមានការប្រកួតប្រជែង។
ធនាគារឯកទេសរបស់កូរ៉េខាងត្បូងដែលបានប្រែក្លាយទៅជាធនាគារពាណិជ្ជពេញលេញនៅថ្ងៃទី ៣០ ខែកញ្ញា មួយនេះបាននិងកំពុងបន្តបង្កើនផ្នែកការផ្តល់ប្រាក់កម្ចីបន្ថែមទៀត ដែលជាអាជីវកម្មស្នូលរបស់ខ្លួន។ ធនាគារ ឌីជីប៊ី មានស្នាក់ការកណ្តាលនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនបន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ ២០១០។
លោក Lee Yong Man អគ្គនាយករបស់ធនាគារ ឌីជីប៊ី បានមានប្រសាសន៍ថា៖ «ការក្លាយខ្លួនទៅជាធនាគារពាណិជ្ជ គឺជាជំហានដ៏ធំមួយ ដើម្បីពង្រីកប្រតិបត្តិការរបស់យើងនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជា។ អាជ្ញាប័ណ្ណថ្មីនេះនឹងអនុញ្ញាតឱ្យយើងផ្តល់នូវផលិតផលថ្មីៗពេញលេញដល់អតិថិជនរបស់យើង។ ការធ្វើឱ្យកាន់តែប្រសើរឡើងរាល់ផលិតផលរបស់យើងនឹងជួយសម្រួលដល់អាជីវកម្មរបស់អតិថិជន ឱ្យកាន់តែមានប្រសិទ្ធភាព និងបំពេញតាមតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេផងដែរ»។
ធនាគារ ឌីជីប៊ី មានផលិតផលជាច្រើនរួមមានសេវាកម្មប្រាក់បញ្ញើ សេវាកម្មផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស អត្រាប្តូរប្រាក់បរទេសនៅលើធនាគារចល័ត និងធនាគារតាមអ៊ីនធឺណិតជាដើម ដែលនឹងត្រូវផ្តល់ជូនក្នុងរយៈពេលដ៏ខ្លីខាងមុខ។
«ដោយសារតែលក្ខណៈនៃអាជ្ញាប័ណ្ណរបស់ធនាគារឯកទេសគឺយើងអាចផ្តល់តែសេវាកម្មប្រាក់កម្ចីតែប៉ុណ្ណោះ។ ដូច្នេះហើយយើងមិនទាន់មានបទពិសោធច្រើននៅក្នុងការផ្តល់សេវាកម្មមួយចំនួន ដូចជាសេវាកម្មគណនីសន្សំ ប្រាក់បញ្ញើ ក៏ដូចជាកាតឥណទានជាដើម»។
«ប៉ុន្តែដោយសារតែយើងមានអតិថិជនទទួលសេវាប្រាក់កម្ចីជាង ៧ ០០០ នាក់នោះយើងរំពឹងថា ប្រតិបត្តិការសេវាកម្មច្រើនប្រភេទរបស់យើងនឹងអាចចូលរួមបានកាន់តែសកម្មនៅក្នុងពេលឆាប់ៗខាងមុខ ខណៈដែលយើងបានត្រៀមខ្លួនរួចជាស្រេចជាមួយនឹងផលិតផលថ្មីៗរបស់យើង»។
«ធនាគារ ឌីជីប៊ី នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ជូននូវតម្លៃអតិបរិមាដល់អតិថិជនរបស់ខ្លួន តាមរយៈការផ្សាយពាណិជ្ជកម្ម និងយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈ និងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ លើសពីនេះទៅទៀតលោក ព្រាប សុវត្ថិ ដែលជាទូតសុច្ឆន្ទៈរបស់យើងបានធ្វើការជាមួយយើងអស់រយៈពេលជាង ១០ ឆ្នាំមកហើយដើម្បីជំរុញអាជីវកម្មធនាគាររបស់យើងក៏ដូចជាជួយឱ្យធនាគារយើងបានទៅដល់ប្រជាជននៅទូទាំងប្រទេសផងដែរ។ ខ្ញុំក៏ចង់ឃើញមានការបើកសាខាថ្មីៗបន្ថែមទៀតនៅតាមបណ្តាខេត្តនានា ដែលជាកត្តាគន្លឹះសំខាន់ដើម្បីលើកកម្ពស់សេវាកម្មធនាគាររបស់យើង។ កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារត្រូវបានគាំទ្រដោយបុគ្គលិកដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អចំនួន ៦០០ នាក់ នៅទាំង ៩ សាខានៅទូទាំងប្រទេស ហើយផ្តល់ជូនសេវាកម្មធនាគារឆាប់រហ័សតាមរយៈវេទិកាឌីជីថលរបស់ខ្លួន»។
«ទីផ្សារសំខាន់របស់យើងសម្រាប់ការផ្តល់សេវាកម្មប្រាក់កម្ចី គឺសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលយើងបានធ្វើចាប់តាំងពីយើងបង្កើតធនាគារ ហើយយើងនឹងបន្តសកម្មភាពនេះតទៅទៀត។ សម្រាប់សេវាប្រាក់បញ្ញើ ទីផ្សារចម្បងរបស់យើងគឺផ្តោតសំខាន់លើប្រជាជនកម្ពុជា ប៉ុន្តែនឹងរួមបញ្ចូលសាជីវកម្មកូរ៉េ និងជនជាតិកូរ៉េដែលរស់នៅក្នុងប្រទេសកម្ពុជាផងដែរ»។
«បច្ចុប្បន្នកម្ចីសម្រាប់អាជីវកម្មរបស់ធនាគារ ឌីជីប៊ី គឺជាផលិតផលរបស់ធនាគារដែលលក់ដាច់ជាងគេ។ ប៉ុន្តែទោះជាយ៉ាងណា ផលិតផលប្រាក់បញ្ញើរបស់យើងជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង រួមជាមួយនឹងបច្ចេកវិទ្យាចុងក្រោយលើកម្មវិធីទូរស័ព្ទចល័តនឹងក្លាយជាផលិតផលស្នូលមួយទៀតរបស់យើង ដែលនឹងត្រូវបន្ថែមនៅក្នុងអនាគតដ៏ខ្លីខាងមុខ»។
«ធនាគារនឹងបន្តផ្តោតទៅលើការអភិវឌ្ឍធនធានមនុស្សរបស់ខ្លួន ដោយផ្តល់ការបណ្តុះបណ្តាលជំនាញសម្រាប់បុគ្គលិក។ យើងនាំមកនូវវិធីសាស្ត្រថ្មី និងប្រព័ន្ធសម្រាប់ការពារហានិភ័យ វិធីសាស្ត្រទីផ្សារទាក់ទាញអតិថិជន និងការអភិវឌ្ឍជំនាញគ្រប់គ្រងដើម្បីធានាថា បុគ្គលិករបស់យើងនៅតែទទួលបានការបណ្តុះបណ្តាលដ៏ល្អ និងមានសមត្ថភាពទៅតាមផ្នែកនីមួយៗនៃការទទួលខុសត្រូវចម្បងរបស់ពួកគេ»។
លោក Lee បន្ថែមថា៖ «ការខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីធានាថាបុគ្គលិករបស់យើងនឹងក្លាយជាអ្នកចូលរួមដ៏សំខាន់សម្រាប់ឧស្សាហកម្មហិរញ្ញវត្ថុក្មេងខ្ចីដែលកំពុងវិវឌ្ឍទៅមុខសម្រាប់ប្រទេសកម្ពុជា»៕