ឌីសប៊ុក (D''s Books) ជាហាងលក់សៀវភៅឯករាជ្យដែលដំណើរការជាយូរមកហើយនៅក្នុងទីក្រុងភ្នំពេញ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលចិត្តអានសៀវភៅជាមួយនឹងព្រឹត្តិការណ៍ផ្សេងៗដូចជា Phsar Book ដាក់តាំងលក់នៅអគារ Raintree។
លោកស្រី ឌុក វ៉ាន់ថា ដែលគ្រប់គ្នាស្គាល់ថា «Mom» គឺជាម្ចាស់ និងជាអ្នកគ្រប់គ្រងហាងឌីសប៊ុកបានឱ្យដឹងថា សព្វថ្ងៃនេះសៀវភៅគឺមានតម្រូវការច្រើនជាងពេលណាៗទាំងអស់។
លោកស្រីថ្លែងថា៖ «The Phsar Book ដែលបានដាក់លក់នៅអគារ Raintree គឺជាជោគជ័យដ៏ធំមួយ។ វាពិតជាអស្ចារ្យណាស់ដែលបានភ្ជាប់ទំនាក់ទំនងជាមួយមនុស្សថ្មីតាមរយៈសៀវភៅ ហើយខ្ញុំសង្ឃឹមថា ការចូលចិត្តសៀវភៅរបស់ពួកគេវិញ ហើយពួកគេបន្តត្រឡប់មកវិញដើម្បីមើលសៀវភៅរបស់យើងទាំងអស់»។
«សៀវភៅគឺមានសារៈសំខាន់ណាស់ ជាពិសេសនៅគ្រាលំបាកនេះ។ ខណៈដែលមនុស្សជាច្រើនមានការភ័យខ្លាចក្នុងការចេញទៅក្រៅដោយសារតែជំងឺកូវីដ ដូច្នេះសៀវភៅជួយពួកគេឆ្លងកាត់ពេលវេលាដ៏តឹងតែងនេះដែលអាចធ្វើឱ្យអ្នកជួបមនុស្សថ្មី និងក្រឡេកមើលពិភពលោកថ្មី»។
Phsar Book ត្រូវបានរៀបចំឡើងនៅអគារការិយាល័យជួលទំនើបរបស់ Raintree នៅទីក្រុងភ្នំពេញចាប់ពីថ្ងៃទី ១៣-១៥ ខែមករា។
គ្រប់គ្នាគឺអាចចូលទស្សនាបានដោយសេរីព្រឹត្តិការណ៍រយៈពេល ៣ ថ្ងៃនេះត្រូវបានចូលរួមដោយអ្នកជំនាញដែលធ្វើការនៅក្នុងអគារ Raintree និងអ្នកធ្វើការនៅអគារការិយាល័យក្បែរនោះ ក៏ដូចជានិស្សិតសាកលវិទ្យាល័យផងដែរ។
Raintree សរសើរ Mom ដែលបាននិយាយថា បេសកកម្មជីវិតរបស់គាត់គឺកសាងវប្បធម៌អានសម្រាប់យុវជននៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យមើលឃើញពិភពលោកដ៏ស្រស់ស្អាតនៅខាងក្រៅខ្លួនពួកគេ ដែលនេះគឺជាការបំផុសគំនិតមួយ។
«យើងត្រូវបានបំផុសគំនិត ដោយសារតែភាពស្វាហាប់បំពេញការងាររបស់លោកស្រី ឌុក វ៉ាន់ថា ដែលជាម្ចាស់ហាងឌីសប៊ុក ដែលធ្វើឱ្យសៀវភៅលំដាប់ពិភពលោកមានតម្លៃសមរម្យ និងសម្រាប់គ្រប់គ្នានៅក្នុងប្រទេសអាចរកបាន»។
លោកស្រី Penhleak Chan អ្នកគ្រប់គ្រង (Community Manager) នៅ Raintree បានបន្ថែមថា៖ «Raintree គាំទ្រដល់ការរៀនសូត្រ និងការអភិវឌ្ឍសហគមន៍របស់យើង រួមទាំងវប្បធម៌នៃការអាននៅកម្ពុជា។ ឌីសប៊ុក ត្រូវបានគ្រប់គ្រងដោយសហគ្រិនស្ត្រី ហើយក៏ជាអ្នកគាំទ្របេសកកម្មរបស់ Raintree ដើម្បីគាំទ្រដល់សហគ្រិនក្នុងស្រុក និងសហគ្រិនស្ត្រីផងដែរ»។
កិច្ចសហការជាមួយ Raintree គឺជាផ្នែកមួយនៃផែនការពង្រីកសម្រាប់ឌីសប៊ុក ជាមួយនឹងផែនការដ៏រឹងមាំ ក៏ដូចជាការលក់តាមអនឡាញ និងហ្វេសប៊ុក និងការនាំយកសៀវភៅទៅលក់នៅតាមបណ្តាតូប និងនៅតាមបណ្តាញហាងកាហ្វេធំៗជាដើម។
ហាងលក់សៀវភៅដ៏រឹងមាំមួយនេះគឺសម្រាប់អ្នកចូលចិត្តអានសៀវភៅទាំងអស់ ដែលលោកស្រី Mom បាននិយាយថា បច្ចុប្បន្នឌីសប៊ុកមានសៀវភៅជាង ៥ ម៉ឺនក្បាល ដែលបានបើកលក់ដំបូងនៅលើផ្លូវ ២៤០ ក្នុងឆ្នាំ ២០០៤។
«ជនជាតិអាមេរិកម្នាក់ឈ្មោះ Derrick Goos ដើមឡើយបានបើកហាងលក់សៀវភៅ D''s Books។ ខ្ញុំចាប់ផ្តើមធ្វើការនៅទីនោះចាប់តាំងពីថ្ងៃដំបូង ក្នុងនាមជាបុគ្គលិកផ្នែកសេវាកម្មអតិថិជន ដែលនៅចាំជួយអតិថិជនរកសៀវភៅ និងអ្នកមើលថែហាងឱ្យស្អាត និងមានសណ្តាប់ធ្នាប់។ ខ្ញុំចូលចិត្តហាងសៀវភៅនេះចាប់តាំងពីនាទីដំបូងពីព្រោះខ្ញុំចូលចិត្តសៀវភៅដ៏អស្ចារ្យនេះណាស់»។
Mom បានរំឭកថា៖ «លោក Derrick បានមើលឃើញអំពីចំណង់ចំណូលចិត្តរបស់ខ្ញុំ ហើយនៅពេលដែលតួនាទីផ្នែកគ្រប់គ្រងហាងនៅទំនេរ ដែលពីមុនកាន់កាប់ដោយជនបរទេស គាត់ក៏បានសួរខ្ញុំថា តើខ្ញុំអាចគ្រប់គ្រងហាងនេះបានទេ? ពេលនោះខ្ញុំក៏យល់ព្រមភ្លាម»។
«បន្ទាប់ពីជិត ១០ ឆ្នាំលោក Derrick បានសម្រេចចិត្តលក់អាជីវកម្មផ្សេងៗរបស់គាត់ ហើយខ្ញុំក៏មិនស្ទាក់ស្ទើរក្នុងការទិញឌីសប៊ុកនេះដែរ។ ហាង និងសៀវភៅរបស់យើងគឺហាក់ដូចជាកូនៗរបស់ខ្ញុំអ៊ីចឹង។ ខ្ញុំនៅតែស្រឡាញ់ឌីសប៊ុក និងសៀវភៅរបស់យើងទាំងអស់ ដូចដែលខ្ញុំមានអស់រយៈពេលជាច្រើនឆ្នាំកន្លងហើយ»។
«សៀវភៅរបស់យើងលក់ដាច់គ្រប់ប្រភេទ ដូចជា សៀវភៅបែបបុរាណ សៀវភៅជីវប្រវត្តិ សៀវភៅអក្សរសាស្ត្រទំនើប សៀវភៅវិទ្យាសាស្ត្រ និងសៀវភៅសម្រាប់កុមារជាដើម។ យើងមានលក់សៀវភៅគ្រប់ប្រភេទសម្រាប់គ្រប់គ្នា»។
លោកស្រី Mom បានបន្ថែមថា៖ «សៀវភៅសម្រាប់កុមាររបស់យើងគឺពេញនិយមណាស់ ពីព្រោះមិនមានហាងច្រើនទេដែលផ្តល់ជូនសៀវភៅច្រើនប្រភេទបែបនេះក្នុងតម្លៃសមរម្យ ហើយយើងក៏បានផ្គត់ផ្គង់សៀវភៅដល់សាលាធំៗទាំងអស់នៅភ្នំពេញផងដែរ»។
ទីផ្សារសៀវភៅកំពុងរីកចម្រើន ខណៈវប្បធម៌នៃការអាននៅកម្ពុជាកំពុងមានការរីកចម្រើន។ The Big Bad Wolf Sales កាលពីខែមករាឆ្នាំមុនបាននាំយកសៀវភៅថ្មីៗជាភាសាអង់គ្លេសជាង ១ លានក្បាលមកកម្ពុជា ខណៈពិព័រណ៍សៀវភៅកម្ពុជាលើកទី ៨ បានប្រារព្ធធ្វើឡើងនៅបណ្ណាល័យជាតិ បានទាក់ទាញអ្នកទស្សនា ១៧០ ០០០ នាក់។
«អ្វីដែលបានឃើញក្នុងរយៈពេល ៥ ទៅ ៨ ឆ្នាំចុងក្រោយនេះ គឺថាប្រជាជនកម្ពុជាបានចាប់ផ្តើមអានសៀវភៅនឹងមកកាន់ហាងច្រើនឡើងៗ។ ពួកគេចង់អានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាននឹងចំណាយពេលជាង ១ ម៉ោងដើម្បីជ្រើសរើស និងអានសៀវភៅផ្សេងៗ។ ពួកគេទាក់ទងមកយើងច្រើន ដើម្បីសួរនាំអំពីសៀវភៅដែលមានក្នុងស្តុក និងសៀវភៅដែលពួកគេកំពុងស្វែងរក»។
«វាពិតជាពិសេសណាស់សម្រាប់ខ្ញុំ ពីព្រោះខ្ញុំចាំបានថាខ្ញុំពិតជាភ្ញាក់ផ្អើលនៅពេលខ្ញុំចាប់ផ្តើមដំបូង ដោយអានចំណងជើង និងក្របសៀវភៅរាប់រយក្បាល ហើយខ្ញុំតែងតែអាននៅពេលដែលខ្ញុំទំនេរ។ មើលឃើញប្រជាជនកម្ពុជាកាន់តែច្រើនមានចំណង់ចំណូលចិត្តដូចខ្ញុំចំពោះសៀវភៅ គឺពិតជាអស្ចារ្យណាស់ហើយ វាធ្វើឱ្យខ្ញុំសប្បាយរីករាយយ៉ាងខ្លាំង»៕