ចម្ងាយ​គឺ​មិនអាច​រារាំង​ដល់​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អូស្ត្រាលី និង​កម្ពុជា​បានទេ​។ ផលិតផល​ដែល​ផលិត​នៅ​ប្រទេស​អូស្ត្រាលី​កាន់តែ​ច្រើន​កំពុងមាន​វត្តមាន​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​។ ផលិតផល​របស់​អូស្ត្រាលី​ទាំងនោះ​មានដូចជា​ស្ករសូកូឡា ស្រាបៀរ ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​ដែល​បាននិង​កំពុង​ចរាចរ​នៅលើ​ទីផ្សារ​ក្នុងស្រុក​។

ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ដែល​ទើប​ត្រូវ​បាន​តែងតាំង​ថ្មី​ប្រចាំ​នៅ​កម្ពុជា ឯកឧត្តម Pablo Kang បាន​ពិពណ៌នា​ពី​លំហូរ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​ថា​នៅមាន​កម្រិត​ទាប​នៅ​ឡើយ ដោយ​មានតែ​ក្នុង​រង្វង់​ប្រមាណ​ ៦០០ ​លាន​ដុល្លារ​អូស្ត្រាលី​ប៉ុណ្ណោះ​កាលពី​ឆ្នាំមុន​។ ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​មាន​ការផ្លាស់ប្តូរ​ ខណៈ​តម្រូវការ​ទំនិញ​អូស្ត្រាលី​កំពុងតែ​មានការ​កើនឡើង​។


«​ដំណឹង​ល្អ​គឺថា​នៅមាន​វិសាលភាព​ធំធេង​សម្រាប់​ការពង្រីក​បន្ថែម ហើយ​មិន​ត្រឹមតែ​រួមបញ្ចូល​វិស័យ​បែប​ប្រពៃណី​ដូចជា​ការអប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាហារ​ដែលមាន​គុណភាព​ខ្ពស់​ក៏​ជា​ផលិតផល​ដែល​កំពុង​រីកចម្រើន​ផងដែរ បូករួម​ទាំង​ផលិតផល​ស្រា​ និង​ស្រាបៀរ​អូស្ត្រាលី​ក៏មាន​លក់​ច្រើន​នៅតាម​ផ្សារ​ទំនើប​ផងដែរ​។


ក្នុង​សុន្ទរកថា​របស់ ឯកឧត្តម Kang នៅឯ​ពិធី​ប្រកាស​អ្នកតំណាង​ផលិតផល​និង​ជួបជុំ​តំណាង​ចែកចាយ​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Royal Platinum Co Ltd កាលពី​សប្តាហ៍​មុន​នៅក្នុង​រាជធានី​ភ្នំពេញ ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖ «​ចំណាប់អារម្មណ៍​សំខាន់​ចំពោះ​ផលិតផល Royal Ausnz គឺជា​ជំហាន​ដ៏វិជ្ជមាន​មួយ​ផ្សេងទៀត​»​។


លោកស្រី នាង សុវត្ថាណា អ្នកតំណាង​ផលិតផល​។


ក្រុមហ៊ុន Royal Platinum គឺជា​ក្រុមហ៊ុន​ចែកចាយ​ម្សៅ​ទឹកដោះគោ​អូស្ត្រាលី​ម៉ាក រ៉ូយ៉ាល់ អ័ស (Royal Ausnz) ប្រចាំ​ព្រះរាជាណាចក្រ កម្ពុជា​បច្ចុប្បន្ន​ក្រុមហ៊ុន​កម្ពុជា​មួយ​នេះ​កំពុង​ចែកចាយ​ផលិតផល Royal Ausnz ចំនួន​ ៩ ​មុខ​ដែល​ភាគច្រើន​គឺជា​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​ហើយ​គ្រោង​នឹង​នាំចូល​ផលិតផល​ស្រដៀង​គ្នា​នេះ​ចំនួន​ ៦ ​មុខ​ផ្សេងទៀត​នៅក្នុង​ឆ្នាំនេះ​។


អូស្ត្រាលី​គឺជា​ប្រទេស​នាំចេញ​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​ដ៏សំខាន់​មួយ​នៅលើ​ពិភពលោក​ពោល​គឺ​នាំចេញ​ក្នុង​តម្លៃ​ប្រមាណ​ ២,៦ ​ពាន់​លាន​ដុល្លារ​អូស្ត្រាលី​កាលពី​ឆ្នាំមុន​។

«​តាម​ការស្រាវជ្រាវ​អំពី​អតិថិជន​បាន​បង្ហាញ​ថា គុណភាព​ខ្ពស់​នៃ​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​របស់​អូស្ត្រាលី​គឺ​កំពុង​មាន​កំណើន​ខ្ពស់ ខណៈ​ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាន់តែ​កើនឡើង យើង​អាច​រំពឹងថា​តម្រូវការ​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក​របស់​អូស្ត្រាលី​នឹង​បន្ត​កើនឡើង​។

«​បច្ចុប្បន្ន​ក្រុមហ៊ុន Royal Aunsz គឺជា​ក្រុមហ៊ុន​ផលិត​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​មាន​មូលដ្ឋាន​នៅ​តំបន់ Murray នៃ​ភាគ​អាគ្នេយ៍​ប្រទេស​អូស្ត្រាលី ហើយ​ផលិតផល​របស់​ពួកគេ​បាន​នាំចេញ​រួចហើយ​ទៅកាន់​ប្រទេស​ចិនដីគោក ហុងកុង និង​វៀតណាម ដូច្នេះ​យើង​រីករាយ​ណាស់​ដែលមាន​វត្តមាន​ផលិតផល​ទាំងនេះ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

ឯកឧត្តម Kang បន្ថែមថា​៖ «​គ្រប់​កំប៉ុង​នៃ​ម្សៅ​ទឹកដោះគោ​របស់​ពួកគេ​គឺមាន​ដាក់​ស្លាក​សញ្ញា​រូប​សត្វ​កង់ហ្គូរូ​ដែល​ផលិត​ចេញពី​គ្រឿងផ្សំ​របស់​អូស្ត្រាលី​យ៉ាងហោចណាស់​ចំនួន​ ៩៨ ​ភាគរយ​។

លោក ជា ស៊ុន​សុពណ៌ ប្រធាន​ក្រុមហ៊ុន Royal Platinum​។

ក្រុមហ៊ុន Royal Aunsz មាន​ម្សៅ​ទឹកដោះគោ​សម្រាប់​ទារក កុមារ មនុស្សពេញវ័យ និង​ស្ត្រី​មាន​ផ្ទៃពោះ ហើយ​បច្ចុប្បន្ន​រ៉ូយ៉ាល់ អ័ស ជា​ផលិតផល​ម្សៅ​ទឹកដោះគោ​អូស្ត្រាលី​ដែល​លក់ដាច់​លេខ​ ១ នៅក្នុង​ប្រទេស​កម្ពុជា​។

នៅក្នុង​ព្រឹត្តិការណ៍​នោះដែរ​ក្រុមហ៊ុន Royal Platinum បាន​ប្រកាស​អ្នកតំណាង​ផលិតផល​ដំបូង​របស់ខ្លួន​គឺ​លោកស្រី នាង សុវត្ថាណា ហៅ DJ Nana ដែល​គាត់​តែងតែ​ផ្សព្វផ្សាយ​វីដេអូ​អប់រំ​ពី​បញ្ហា​សុខភាព​យ៉ាងសកម្ម​នៅតាម​បណ្តាញ​សង្គម​។

វា​គឺជា​ជំហាន​ដ៏សំខាន់​ថ្មី​មួយទៀត​របស់​ក្រុមហ៊ុន Royal Platinum ដែល​បាន​ដំណើរការ​ចាប់តាំងពី​ឆ្នាំ​ ២០១៥ ដើម្បី​លើកកម្ពស់​សុខភាព​មាតា​ និង​ទារក​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ធានាថា​ម្តាយ​វ័យក្មេង​នឹង​ផ្តល់កំណើត​ដល់​ទារក​ដែល​មាន​សុខភាព​ល្អ​នាពេល​អនាគត​។

«​ក្នុងនាម​ជា​តំណាង​ផលិតផល​នេះ​ខ្ញុំ​នឹង​ធ្វើ​វីដេអូ​អប់រំ​ឲ្យ​បាន​ច្រើន ដោយ​ក្នុងនោះ​ខ្ញុំ​នឹង​ចែករំលែក​ព័ត៌មាន​ដែល​ខ្ញុំ​បាន​ស្រាវជ្រាវ​ក្នុង​នាម​ជា​ស្ត្រី​ម្នាក់​ដែល​កំពុង​ត្រៀមខ្លួន​ជា​ម្តាយ​គេ​ទៅ​ដល់​ស្ត្រី​ដទៃទៀត​ឲ្យ​យល់ដឹង​អំពី​បញ្ហា​សុខភាព​ម្តាយ​ និង​ទារក​»​។

លោកស្រី សុវត្ថាណា បន្ថែមថា​៖ « វា​ជា​ការទទួល​ខុសត្រូវ​របស់​ឪពុក-ម្តាយ ដែល​យើង​ត្រូវ​ថែទាំ​សុខភាព​របស់ខ្លួន​ឲ្យ​បានល្អ​។ បើសិន​យើង​មើលថែទាំ​សុខភាព​របស់​ខ្លួន​មិនបាន​ល្អ ហើយ​បើ​យើង​បង្កើតកូន​មក នោះ​កូន​យើង​ក៏​មិនមាន​សុខភាព​ល្អ​ដែរ​»​។

ក្នុង​រយៈពេល​ ២ ​ឆ្នាំ​កន្លង​មក​នេះ​ក្រុមហ៊ុន Royal Platinum បាន​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​យ៉ាងខ្លាំង​ក្នុង​ការលើកកម្ពស់​យុទ្ធនា​ការយល់ដឹង​ក្នុង​ចំណោម​ស្ត្រី​វ័យក្មេង​នៅ​កម្ពុជា​។

លោក ជា ស៊ុនសុពណ៌ នាយក​គ្រប់គ្រង​ក្រុមហ៊ុន Royal Platinum មានប្រសាសន៍​ថា​៖« គោលបំណង​របស់​យើង​គឺ​លើកកម្ពស់​ការយល់ដឹង​អំពី​សុខភាព​របស់​ស្ត្រី​ និង​ទារក និង​បង្ហាញ​ពី​ហានិភ័យ​នៃ​ការយល់ច្រឡំ​ក្នុងចំណោម​ស្ត្រី ជាពិសេស​ក្នុង​អំឡុងពេល​មាន​ផ្ទៃពោះ​»៕