ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នឹងត្រូវដាក់បញ្ចូលក្នុងរបៀបវារៈកំពូលរបស់ធនាគារកាណាឌីយ៉ានៅក្នុងឆ្នាំនេះដោយសារវិស័យនេះគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ចរបស់កម្ពុជា។
នៅក្នុងបទសម្ភាសជាមួយកាសែតភ្នំពេញប៉ុស្តិ៍ លោក Raymond Sia នាយកប្រតិបត្តិធនាគារកាណាឌីយ៉ាមានប្រសាសន៍ថា ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ SMEs និងផ្នែកធនាគារលក់រាយបានមើលឃើញពីកំណើនទ្វេដង។
ផ្អែកលើកំណើននេះធនាគារបានសម្រេចបង្កើនប្រាក់កម្ចីរបស់ខ្លួនដល់វិស័យ SMEs ជាមួយនឹងការដាក់ចេញនូវកញ្ចប់ហិរញ្ញប្បទានរហូតដល់ ១៥០ លានដុល្លារក្នុងឆ្នាំ ២០១៨។
«យោងតាមការឆ្លើយតបពីទីផ្សារដ៏ខ្លាំងក្លា យើងបានពង្រីកកញ្ចប់នេះច្រើនដងក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ហើយបច្ចុប្បន្នវាកើនឡើងដល់ ៤០០ លានដុល្លារ។ នៅក្នុងខែកក្កដាឆ្នាំ ២០១៩ ធនាគារបានបញ្ចេញថវិកាចំនួន ២០ លានដុល្លារនៃកញ្ចប់ថវិកានេះជាពិសេសដើម្បីគាំទ្រដល់ម្ចាស់អាជីវកម្មដែលជាស្ត្រី និងដំណើរការគម្រោង «កម្ចីហិរញ្ញប្បទានសហគ្រិនស្ដ្រីវៃឆ្លាត» របស់យើង»។
«ជាមួយទីផ្សារដែលកំពុងរីកចម្រើននៅក្នុងពិភពលោកជាពិសេសនៅក្នុងតំបន់អាស៊ាន SMEs បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរីកចម្រើនរបស់ប្រទេសជាតិ ហើយនៅកម្ពុជា ៩៥ ភាគរយនៃអាជីវកម្មគឺជាអាជីវកម្មខ្នាតតូច និងមធ្យមដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ ហើយភាគច្រើននៃតម្រូវការរបស់ពួកគេគឺហិរញ្ញប្បទានមូលធន។
លោក Sia បញ្ជាក់ថា៖ «យើងបន្តច្នៃប្រឌិត និងកែលម្អផលិតផល និងការផ្តល់ជូនហិរញ្ញប្បទានរបស់យើងហើយយើងនឹងចាប់ផ្តើមរៀបចំកញ្ចប់ហិរញ្ញប្បទានសម្រាប់ SME និងគម្រោងកម្ចីហិរញ្ញប្បទានសហគ្រិនស្ដ្រីវៃឆ្លាតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ»។
ធនាគារកាណាឌីយ៉ាបានចាប់ផ្តើមអាជីវកម្មជួញដូរមាស និងផ្តល់ប្រាក់កម្ចីដល់អាជីវករក្នុងឆ្នាំ ១៩៩១ ហើយបច្ចុប្បន្នធនាគារនេះមានសាខាជាង ៦០ និងម៉ាស៊ីនអេធីអឹមចំនួន ១៤៥ នៅទូទាំងប្រទេស ដែលធ្វើឲ្យធនាគារមួយនេះក្លាយជាធនាគារពាណិជ្ជលំដាប់កំពូលក្នុងវិស័យហិរញ្ញវត្ថុប្រកួតប្រជែងរបស់កម្ពុជា។
ធនាគារកាណាឌីយ៉ាបង្កើតបានម៉ាកយីហោមួយដ៏រឹងមាំ ហើយត្រូវបានទទួលស្គាល់ដោយស្ថាប័ន The Asian Banker ថាជាធនាគារដ៏រឹងមាំបំផុតនៅកម្ពុជាតាមរយៈតារាងតុល្យការកាលពីឆ្នាំមុនហើយក៏បានទទួលពានរង្វាន់ជាធនាគារល្អបំផុតក្នុងស្រុក (Best Domestic Bank) និងពាន Best SME Bank ពីទស្សនាវដ្តីហិរញ្ញវត្ថុអន្តរជាតិក្នុងឆ្នាំដដែល។
«ធនាគារកាណាឌីយ៉ាទទួលសមិទ្ធផលហិរញ្ញវត្ថុដ៏ប្រសើរក្នុងឆ្នាំ ២០១៩។ នៅក្នុងបរិបទជារួម ធនាគារនេះសម្រេចបានសមិទ្ធផលហិរញ្ញវត្ថុល្អបំផុតក្នុងឆ្នាំ ២០១៨ ហើយយើងមានសុទិដ្ឋិនិយមខ្លាំងថាលទ្ធផលសវនកម្មសម្រាប់ឆ្នាំ ២០១៩ នឹងប្រសើរជាងឆ្នាំ ២០១៨»។
«សម្រាប់ឆ្នាំ ២០២០ យើងក៏មានសុទិដ្ឋិនិយមខ្លាំងផងដែរចំពោះសមិទ្ធផលហិរញ្ញវត្ថុគួរជាទីគាប់ចិត្ត។ មានបញ្ហាមួយចំនួនដែលឧស្សាហកម្ម និងប្រទេសនេះកំពុងប្រឈមដូចជាផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ច ដោយសាតែសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ការដកពន្ធអនុគ្រោះ EBA មួយផ្នែក ហើយថ្មីៗនេះគឺវិបត្តិជំងឺកូរ៉ូណាជាដើម។
លោក Sia បន្ថែមថាទោះយ៉ាងណាក៏ដោយ យើងមានទំនុកចិត្តថាឧស្សាហកម្ម និងប្រទេសនេះនឹងអាចគេចផុតពីបញ្ហាប្រឈមទាំងនេះ តាមរយៈវិធានការសកម្ម និងការគាំទ្រអាជីវកម្មដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាល។
ធនាគារកាណាឌីយ៉ាមានគំនិតផ្តួចផ្តើមមួយចំនួនសម្រាប់ឆ្នាំនេះដើម្បីប្រកួតប្រជែងទីផ្សារក្នុងស្រុកដែលបច្ចុប្បន្នមានធនាគារពាណិជ្ជប្រមាណ ៤០ កំពុងប្រតិបត្តិការ។
«យើងពិតជារីករាយណាស់សម្រាប់ឆ្នាំ ២០២០ នេះ។ ធនាគារកាណាឌីយ៉ានឹងបន្តវិនិយោគលើបុគ្គលិករបស់យើងក៏ដូចជាលើកកម្ពស់បទពិសោធអតិថិជនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា។
លោក Sia បន្ថែមថា៖ «ធនាគារកំពុងអនុវត្តគំនិតផ្តួចផ្តើមមួយចំនួនដើម្បីធ្វើទំនើបកម្មប្រព័ន្ធ «ឌីជីថល» របស់យើងរាប់ចាប់ពីការអនុវត្តប្រព័ន្ធផ្តល់កម្ចី រហូតដល់ប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការឥណទាន និងប្រព័ន្ធធនធានមនុស្សដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានមនុស្សរបស់យើង»។
ហើយវាក៏ជាលើកដំបូងដែលធនាគារកាណាឌីយ៉ាបានរៀបចំ «សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រឆ្នាំ ២០២០» ដែលត្រូវបានប្រារព្ធធ្វើឡើងនៅកោះពេជ្រ កាលពីថ្ងៃទី ១ ខែមីនា កន្លងទៅដោយមានបុគ្គលិកជិត ២០០០ នាក់ចូលរួម៕