«ការប្រកួតប្រជែងនេះ គឺបើកចំហសម្រាប់និស្សិតអ្នកអភិវឌ្ឍន៍កម្មវិធី និងអ្នកចូលចិត្តទិន្នន័យក្លោដ (cloud) ដើម្បីចូលរួមក្នុងកម្មវិធី «Build On, Cambodia 2021 Hackathon» សម្រាប់អ្នកដែលមានជំនាញសរសេរកូដ ដែលចង់បង្កើតផលវិជ្ជមាននៅក្នុងសហគមន៍ធុរកិច្ច ជាមួយនឹងឥទ្ធិពលនៃបច្ចេកវិទ្យា»។
លោក Wong Kee Poh អគ្គនាយកធនាគារ អ អេច ប៊ី បានមានប្រសាសន៍ថា៖ «នេះ គឺជាព្រឹត្តិការណ៍មួយដែលអ្នកចូលរួមមានឱកាសស្វែងយល់បន្ថែមអំពីមូលដ្ឋានគ្រឹះនៃទិន្នន័យ cloud computing។
ព្រឹត្តិការណ៍ hackathon ជាផែ្នកនៃ «hacking marathon» គឺជាព្រឹត្តិការណ៍មួយដែលក្រុមត្រូវសហការគ្នាឱ្យបានខ្លាំងក្លាលើគម្រោងសូហ្វវែរ ហើយនឹងបញ្ចប់នៅក្នុងព្រឹត្តិការណ៍ Build On, Cambodia 2021 រយៈពេល ៤ ម៉ោង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែឧសភា។
ក្រុមដែលជាប់ឈ្មោះក្នុងបញ្ជីសម្រាំង បច្ចុប្បន្នគឺកំពុងធ្វើគំរូរបស់ពួកគេដោយមានការណែនាំពីស្ថាបត្យករពី AWS នឹងបានជួបអតិថិជននៅថ្ងៃទី ១០-១១ ខែឧសភា ដើម្បីយល់ឱ្យកាន់តែច្បាស់អំពីការប្រកួតប្រជែង។
«ធនាគារ អ អេច ប៊ី រីករាយក្នុងការចាប់ដៃគូជាមួយ AWS លើគម្រោងនេះ ដែលមានសក្តានុពលដ៏ធំធេង ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាប័ន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់យុវជននៅកម្ពុជា»។
លោក Wong បន្ថែមថា៖ «ជាមួយព្រឹត្តិការណ៍នេះ ធនាគារ អ អេច ប៊ី សង្ឃឹមថា នឹងជំរុញអ្នកច្នៃប្រឌិតហិរញ្ញវត្ថុជំនាន់ថ្មី ដើម្បីបង្កើតគំនិតដែលអាចជួយជំរុញឱ្យប្រទេសកម្ពុជា ចូលទៅក្នុងប្រព័ន្ធអេកូហិរញ្ញវត្ថុ ដែលមនុស្សគ្រប់រូបអាចរីករាយនឹងប្រព័ន្ធ ធនាគារនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។
នៅថ្ងៃទី ២៥ ខែឧសភា នឹងមានការហាត់សមជាមួយអតិថិជនសម្រាប់ការត្រៀមរៀបចំរបៀបប្រើប្រាស់វេទិកាសិក្ខាសាលាអនឡាញ និងរបៀបដែលក្រុមនឹងទទួលបានពិន្ទុ។ ចាប់ពីថ្ងៃទី ៩-៣០ ខែមេសា អ្នកចូលរួមបានចាប់ផ្តើមផ្ញើព័ត៌មានផ្ទាល់ខ្លួន និងទស្សនៈរបស់ពួកគេ រួមជាមួយសំណើ ដើម្បីជ្រើសរើសសម្រាប់ដំណាក់កាលបន្ទាប់ ដែល AWS បានចាត់ចែងចន្លោះពីថ្ងៃទី ៣០ ខែមេសា ដល់ថ្ងៃ ទី ៧ ខែឧសភា។
ដោយផ្តល់រង្វាន់ចំនួន ៣ និងជួយផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ធនាគារ អ អេច ប៊ី កំពុងធ្វើការវិនិច្ឆ័យលើកម្មវិធី hackathon និងឧបត្ថម្ភដល់ជយលាភីចំនួន ៣ ហើយអ្នករៀបចំកម្មវិធីពិតជាបានកោតសរសើរ ចំពោះទេពកោសល្យដែលព្រះរាជាណាចក្រកម្ពុជាមាន។
«តាមរយៈការវាយតម្លៃលើការបង្កើតគំនិត និងសំណើ គេអាចមើលឃើញថា យុវជនដែលមានទេពកោសល្យនៅកម្ពុជា រីករាយខ្លាំងណាស់ចំពោះការបង្កើតសំណើសម្រាប់ការបង្កើតគំនិតឌីជីថលសម្រាប់ធនាគារ អ អេច ប៊ី។ ទស្សនៈរបស់ពួកគេ គឺដើម្បីបង្ហាញគំនិតច្នៃប្រឌិតដល់អ្នករៀបចំកម្មវិធី ដែលត្រូវបានបង្ហាញក្នុងពេលពិភាក្សារយៈពេលខ្លី រវាងក្រុមការងាររបស់ធនាគារ អ អេច ប៊ី និង AWS»។
«អ្នកចូលរួមត្រូវបានបង្វឹក និងដឹកនាំដោយក្រុមប្រឹក្សាភិបាលធនាគារ អ អេច ប៊ី និងអ្នកជំនាញរបស់ AWS ក្នុងពេលប្រកួត។ ពួកគេមានឱកាសរៀនសូត្របន្ថែមអំពីមូលដ្ឋានគ្រឹះនៃសេវាកម្មធនាគារ និងទិន្នន័យ cloud computing»។
«គំនិតរបស់ក្រុមដែលឈ្នះក្នុងបញ្ជីសម្រាំង គឺតម្រូវឱ្យបង្ហាញអំពីសំណើ និងគំរូរៀងៗខ្លួនទៅកាន់ក្រុមចៅក្រម ហើយមានឱកាសឈ្នះរង្វាន់»។
លោក Wong ថ្លែងថា៖ «ក្រុមអ្នកណែនាំបានដឹកនាំពួកគេ ចាប់តាំងពីដំបូង រហូតដល់ដំណាក់កាលធ្វើបទបង្ហាញ ដើម្បីធ្វើឱ្យប្រាកដថាពួកគេបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រកួតផ្តាច់ព្រ័ត»។
ក្រុមដែលឈ្នះនីមួយៗ គឺទទួលបានទឹកប្រាក់រហូតដល់ ១ ៥០០ ដុល្លារ និងទទួលទានអាហារថ្ងៃត្រង់នៅសណ្ឋាគារ Rosewood Hotel លំដាប់ផ្កាយ ៥ ជាមួយក្រុមគណៈគ្រប់គ្រងរបស់ធនាគារ អ អេច ប៊ី និងលោក Wong ដើម្បីចែករំលែកបទពិសោធការងារធនាគារដ៏ច្រើនរបស់អគ្គនាយក និងបង្កើតការយល់ដឹងលើការកសាងអាជីពនៅក្នុងឧស្សាហកម្មមួយនេះ។
ធនាគារ អ អេច ប៊ី (ខេមបូឌា)ម.ក ត្រូវបានបង្កើតឡើង នៅខែកក្កដា ឆ្នាំ ២០០៨ បច្ចុប្បន្នមាន ១២ សាខា ដែលកំពុងប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ ដើម្បីបំពេញបន្ថែមសេវាកម្មនៃសកម្មភាពធនាគារពាណិជ្ជរបស់ខ្លួន ក្រុមការងារធនាគារ អ អេច ប៊ី នៅកម្ពុជា ក៏ផ្តល់ជូនផងដែរនូវសេវាកម្មធនាគារវិនិយោគ ដែលគ្របដណ្តប់លើទីផ្សារមូលធន និងក្រុមហ៊ុនឈ្មួញជើងសា។
ធនាគារ RHB Banking Group គឺជាស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុចម្រុះ ធំជាងគេលំដាប់ទី៤ នៅក្នុងប្រទេសម៉ាឡេស៊ី ជាមួយនឹងបទពិសោធផ្តល់សេវាកម្មធនាគារជាង ១០០ ឆ្នាំ និងមានវត្តមាននៅទូទាំងតំបន់អាស៊ាន។
ព្រឹត្តិការណ៍ Build On, Cambodia ធនាគារសង្ឃឹមថា នឹងអាចរៀបចំជារៀងរាល់ឆ្នាំ ដោយឆ្នាំ ២០២២ នឹងរៀបចំជាព្រឹត្តិការណ៍ hackathon ដំបូងគេនៅរាជធានីភ្នំពេញ នៅពេលជំងឺកូវីដបានបញ្ចប់ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អ អេច ប៊ី ក្នុងការប្រើប្រាស់ការច្នៃប្រឌិត ដើម្បីផ្គត់ផ្គង់សេវាកម្មល្អបំផុតដល់អតិថិជនរបស់ខ្លួន។
«ធនាគារបានជូនដំណឹងឱ្យអតិថិជនដឹងអំពីផលិតផលពាក់ព័ន្ធ ដែលជាមាគ៌ាឆ្ពោះទៅរកកំណើន។ ពីមុន វិធីសាស្ត្រនេះ គឺជាការណែនាំផលិតផលធនាគារផ្សេងទៀត»។
«តាមរយៈការផ្លាស់ប្តូរទៅរកប្រព័ន្ធអេកូ ច្រើនជាងការអនុវត្តបែបប្រពៃណី ធនាគារ អ អេច ប៊ី អាចបម្រើអតិថិជន និងសមត្ថភាពប្រតិបត្តិការដែលមានស្រាប់ ដើម្បីពង្រឹងការចូលរួម និងចាប់យកទិន្នន័យ ដែលនឹងផ្តល់នូវទិដ្ឋភាពពេញលេញនៃតម្រូវការរបស់អតិថិជន»។
លោក Wong បន្ថែមទៀតថា៖ «សម្រាប់អតិថិជនភាគច្រើន ធនាគារគឺគ្រាន់តែជាមធ្យោបាយដើម្បីផ្តល់សេវាកម្មធនាគាររបស់ពួកគេប៉ុណ្ណោះ ដើម្បីធានានូវការចូលនិវត្តន៍ប្រកបដោយសុវត្ថិភាព ដើម្បីកំណើនអាជីវ-កម្ម ឬសម្រាប់ការទិញគេហដ្ឋានជាដើម។ ប៉ុន្តែធនាគារ អ អេច ប៊ី គឺមានទំនាក់ទំនងជាមួយអតិថិជនគ្រប់ដំណាក់កាលនៃដំណើរជីវិតរបស់ពួកគេ»៕