ធនាគារ ស្ថាបនា នៅតែ​បន្ត​ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​សព្វថ្ងៃ ធនាគារ មាន​ទ្រព្យ​សកម្ម​សរុប​ប្រមាណ​ជាង ២ ពាន់​លាន​ដុល្លារ​អាមេរិក និយោជិក​ជាង ៤០០០ នាក់ ក៏​ដូចជាមាន​ចំនួន​សាខា​ទូទាំង​ប្រទេស​រហូត​ដល់ ១៧៣ សាខា និង ម៉ាស៊ីន ATM សម្រាប់​ដក​ប្រាក់​ ដាក់​ប្រាក់​ចំនួនជាង ២៣០ ទីតាំង នៅ​ទូទាំង​ប្រទេស។


នៅ​ក្នុង​ឆ្នាំ ២០២១ នេះ ធនាគារ ស្ថាបនា បាន​ខិត​ខំ​ប្រឹង​ប្រែង​នាំ​មក​ជូន​នូវ​បទ​ពិសោធន៍​ដ៏​ថ្មី​បំផុត ដោយ​ភ្ជាប់ជាមួយ​ផលិតផល និង សេវាកម្ម​ធនាគារ​ឌីជីថល​ដ៏​ទំនើប រួម​ទាំង​បច្ចេក​វិទ្យា​ឌីជីថល​ថ្មី​ចុង​ក្រោយ​ជូន​ដល់​អតិថិជន។


ដើម្បី​សម្រប​តាម​ទិស​ដៅ​ថ្មី​របស់​ធនាគារ​នៅ​ក្នុង​ឆ្នាំ ២០២១ នេះ ក្រុម​ប្រឹក្សាភិបាល​នៃ​ធនាគារ ស្ថាបនា បានប្រកាស​តែង​តាំង​លោក ហ្វុង កៃ ជីន ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ។ លោក​នឹង​យក​បទ​ពិសោធន៍ និង​ជំនាញ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ដ៏​ទូលំ​ទូលាយ​នៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដើម្បី​រៀបចំ​យុទ្ធសាស្រ្ត​ក្នុង​ការដឹក​នាំ​និង​បង្កើន​ភាព​រីក​ចម្រើន​ដល់ ធនាគារ ស្ថាបនា ឱ្យ​ក្លាយ​ជា​ធនាគារ​ពាណិជ្ជឈាន​មុខ​គេ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។


ប្រធាន​នាយក​ប្រតិបត្តិ​ថ្មី​របស់​ធនាគារ​ ស្ថាបនា លោក ហ្វុង កៃជីន បាន​មាន​ប្រសាសន៍​ថា៖ «វា​ជា​អាទិភាពចម្បង​របស់​ធនាគារ​ក្នុង​ការ​អភិវឌ្ឍន៍​សមត្ថភាព​និង​ជំនាញ​បុគ្គលិក ដើម្បី​ប្រឈម​មុខ​ជាមួយ​ការ​ប្រកួត​ប្រជែងយ៉ាង​ខ្លាំង​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​នេះ។ យើង​កំពុង​ស្ថិត​នៅ​ក្នុង​បរិបទ​ថ្មី​មួយ ដែល​បច្ចេក​វិទ្យា​ជួយ​សម្រួល​ដល់​ការធ្វើ​ប្រតិបត្តិការ​ធនាគារ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ចំណាយ​ពេល​វេលា​តិច​ជាង​មុន»។


«ក្នុង​នាម​ជា​ធនាគារ យើង​ទទួល​ស្គាល់​ថា​យើង​ត្រូវ​តែ​ផ្លាស់​ប្តូរ​បរិបទ​នៃ​ការ​លក់ និង​ការ​ផ្ដល់​សេវាកម្ម​របស់ខ្លួន ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​នា​ពេល​ខាង​មុខ ដូច្នេះ​បុគ្គលិក​យើង​ត្រូវ​តែ​សម្រប​ខ្លួន និង​ពង្រឹង​ជំនាញ ចំណេះដឹង ដើម្បី​ពង្រីក​វិសាលភាព​របស់​ធនាគារ»។


លោក​បាន​បន្តថា៖ «ជាមួយ​នឹង​ការ​រីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យា ផលិតផល​និង​សេវាកម្ម ការ​ពង្រីក​បណ្តាញចែក​ចាយ និង​ការ​សហការភាព​ជា​ដៃ​គូ​ជាមួយ​ស្ថាប័ន​មិន​មែន​ហិរញ្ញ​វត្ថុ ធ្វើ​ឱ្យ​ធនាគារ​ ស្ថាបនា អាច​ឆ្លើយតប​តាម​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​របស់​អតិថិជន ជាមួយ​នឹង​ការ​ផ្តល់​សេវាកម្ម​ដ៏​ល្អ ផលិតផល​សម្បូរ​បែប រួម​ទាំងសាខា​ដែល​ផ្តល់​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន»។

«យើង​នឹង​បន្ត​ការ​ស្វែង​រក​វិធីសាស្រ្ត​ល្អៗ​ដើម្បី​ផ្តល់​ជូន​អតិថិជន​ និង​ធ្វើ​ឱ្យ​កាន់​តែ​រីក​ចម្រើន នៅ​ក្នុង​សហគមន៍ឬ​តំបន់​ប្រតិបត្តិការ​របស់​យើង។ ហើយ​យើង​ជឿ​ជាក់​ថា ក្នុង​រយៈពេល ៣ ឆ្នាំ​ខាង​មុខ​នេះ ដែល​គិត​ចាប់​ពី​ឆ្នាំ២០២១ ដល់​ឆ្នាំ ២០២៣ គឺជា​ឱកាស​ដែល​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​សម្រាប់​ធនាគារ ក្នុង​ការ​អភិវឌ្ឍ​ខ្លួន ឱ្យ​កាន់​តែ​មាន​ភាព​ទំនើប។ យើង​ត្រូវ​តែ​បន្ត​រីក​ចម្រើន និង​ពង្រឹង​មូលដ្ឋាន​ឱ្យ​ក្លាយ​ជា​ធនាគារ​ពាណិជ្ជ​មួយ ដែល​ត្រូវ​តែ​មាន ហេដ្ឋា​រចនា​សម្ព័ន្ធ​រឹងមាំ បណ្តាញ​ចែក​ចាយ​ទូលំ​ទូ​លាយ ផលិតផល​សម្បូរ​បែប សេវាកម្ម​ល្អ រួម​ជាមួយ​ហិរញ្ញ​វត្ថុ​រឹងមាំ អភិបាលកិច្ច​សាជីវកម្ម​ល្អ អនុលោម​តាម​ច្បាប់​និង​មាន​តម្លាភាព»។

លោក ហ្វុង បាន​បញ្ចប់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម ពី​សាកលវិទ្យាល័យ Curtin នៅ Perth អូស្ត្រាលី​ខាង​លិច និង​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ពី​វិទ្យាស្ថាន Royal Melbourne នៃ​បច្ចេក​វិទ្យា Melbourne ប្រទេស​អូស្ត្រាលី៕