ដៃ ៤ វប្បធម៌​ ២ និង​មុខម្ហូប ៥ ​មុខ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ភោជនីយដ្ឋាន​សេវិនស៊ី ដើម្បី​បង្ហាញ​អំពី​មុខម្ហូប​ប្រពៃណី​របស់​មេចុងភៅ​ដ៏ល្បីល្បាញ​ចំនួន​ ២ ​រូប​។

ដៃ​ ៤ ​គឺ​ចង់​សំដៅ​ទៅដល់​ថ្វីដៃ​ចម្អិនម្ហូប​របស់​មេចុងភៅ​ជនជាតិខ្មែរ​លោក លូ ម៉េង និង​មេចុងភៅ​សិង្ហបុរី​លំដាប់​ផ្កាយ Michelin លោក Malcolm Lee ដែល​បាន​រួមគ្នា​ចម្អិនម្ហូប​ដ៏ពិសេស​សម្រាប់​ភ្ញៀវកិត្តិយស​ចំនួន​ ៧០ ​នាក់ និង​ចម្អិន​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ក្នុង​ស្រុក​ស្រស់ៗ​។


ព្រឹត្តិការណ៍​ចម្អិនម្ហូប​ដ៏អស្ចារ្យ​នេះ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ១៦ ខែ​កុម្ភៈ​ស្រប​ពេល​ជាមួយ​នឹង​ការប្រារព្ធ​ខួប​ទី​ ៥៥ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​សិង្ហបុរី​ផងដែរ​។


ព្រឹត្តិការណ៍​ចម្អិនម្ហូប​ពេល​ល្ងាច​ដ៏រំភើប​នោះ មេចុងភៅ​ទាំង​ ២ ​បាន​ចម្អិនម្ហូប​ពិសេស​ចំនួន​ ៥ ​មុខ និង​បង្អែម​ដ៏មាន​ឱជារស​គួបផ្សំ​នឹង​ស្រា​ដ៏ឈ្ងុយឆ្ងាញ់​។


លោក លូ ម៉េង ដែល​ជា​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Almond Hospitality Group ថ្លែង​ថា​គោលបំណង​របស់​លោក​គឺ​ផ្តល់ជូន​នូវ​ម្ហូប​ខ្មែរ​ពិតៗ​នឹង​រក្សា​នូវ​រសជាតិ​ដើម​ ខណៈ​លោក​កំពុង​ខិតខំ​ជំរុញ​មុខម្ហូប​កម្ពុជា​ឲ្យ​ទៅដល់​កម្រិត​ពិភពលោក​ដូច​ម្ហូប​ល្បីៗ​នៅលើ​ពិភពលោក​ដទៃទៀត តាមរយៈ​ការប្រើប្រាស់​គ្រឿងផ្សំ​ក្នុង​ស្រុក​។


លោក​បាន​លើក​ឡើង​អំពី​ «​សម្លកកូរ​ត្រី​» ជា​សម្ល​ប្រពៃណី​របស់​កម្ពុជា ប្រើប្រាស់​គ្រឿងផ្សំ និង​បន្លែស្រស់ៗ​ក្នុង​ស្រុក​ច្រើន​មុខ​លាយ​បញ្ចូល​គ្នា ទទួលទាន​ជាមួយ​បាយ​អង្ករ​ផ្កាម្លិះ​ជា​អង្ករ​ដ៏ឈ្ងុយឆ្ងាញ់​របស់​កម្ពុជា​។


សម្លកកូរ​សាច់​ត្រី​ដែល​ច្នៃប្រឌិត​ដោយ​មេចុងភៅ​ល្បី​លោក លូ ម៉េង ។

លោក លូ ម៉េង បាន​បង្កើត​ភោជនីយដ្ឋាន​ចំនួន​ ១១ ​សាខា​នៅ​ក្រោម​ម៉ាក​យីហោ Almond Hospitality Group ក្នុងនោះ​រួមមាន​ភោជនីយដ្ឋាន​អាហារ​ចិន យី សាង ភោជនីយដ្ឋាន​ម្ហូប​អន្តរជាតិ World Dining ភោជនីយដ្ឋាន​អាហារ​ជប៉ុន Kanji ភោជនីយដ្ឋាន​អាហារ​សមុទ្រ សេវិនស៊ី ភោជនីយដ្ឋាន​អាហារ​ខ្មែរ Uy Kuyteav និង Kroeung និង​សណ្ឋាគារ Almond Hotels​។

ចំពោះ​លោក Lee ដែល​ជា​មេចុងភៅ​លំដាប់​ផ្កាយ Michelin មាន​ភោជនីយដ្ឋាន Peranakan ដែល​មាន​មុខម្ហូប​ពិសេស Candlenut នៅក្នុង​ប្រទេស​សិង្ហបុរី​។

នៅក្នុង​ពិធី​នេះដែរ មេ​ចុងភៅ​ដែល​មាន​អាយុ​ ៣៥ ​រូបនេះ​បាន​ចម្អិន​មុខម្ហូប​ការី​សាច់​ក្តាម​បែប​សិង្ហបុរី​ដោយ​ប្រើប្រាស់​គ្រឿងផ្សំ​ក្នុង​ស្រុក​ស្រស់ៗ​អម​ដោយ​ខ្ទិះដូង ស្រូប​ជាមួយ​នំ​បញ្ចុក​ខ្មែរ​ដ៏ឈ្ងុយឆ្ងាញ់​។

មេចុងភៅ Lee ប្រកាន់ខ្ជាប់​នូវ​គំនិត​ច្នៃ​មុខម្ហូប​របស់​លោក​តាមរយៈ​ការលាយ​បញ្ចូល​គ្នា​ចាប់តាំងពី​ការចាប់កំណើត​ភោជនីយដ្ឋាន Peranakan ដែល​ឆ្លុះបញ្ចាំង​ពី​ការចាប់កំណើត​របស់​ប្រទេស​សិង្ហបុរី​។

«​ភោជនីយដ្ឋាន Peranakan គឺជា​ការលាយ​បញ្ចូល​គ្នា​រវាង​រសជាតិ​បែប​ចិន និង​ម៉ាឡេ​។ ខ្ញុំ​គឺជា​មនុស្ស​ជំនាន់​ទី​ ៥ ហើយ​មុខម្ហូប​ដែល​មាន​នៅ​ភោជនីយដ្ឋាន Peranakan របស់ខ្ញុំ​គឺ មាន​ត​មកពី​ក្រុមគ្រួសារ​របស់ខ្ញុំ​។

ទទួលទាន​អម​ជាមួយ​ស្រា​មកពី​ប្រទេស​នូ​វែលសេឡង់ និង​អូស្ត្រាលី​លោក Darren Gall ដែល​ជា​អ្នកជំនាញ​ខាង​ស្រា​ក៏​បាន​ចែករំលែក​ទស្សនៈ​របស់​លោក​អំពី​ស្រា និង​អត្ថប្រយោជន៍​ និង​របៀប​ទទួលទាន​ស្រា​ជាមួយ​មុខម្ហូប​ប្រភេទ​ណា​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ឱជារស​ឆ្ងាញ់​។

លោក Gall ថ្លែងថា​៖« ខ្ញុំ​ដឹងថា​ស្រា​ប្រភេទ​ណា​ត្រូវ​នឹង​មុខម្ហូប​អ្វី ដើម្បី​ពេល​ផឹក​ទៅ​វា​ផ្តល់នូវ​រសជាតិ​ឈ្ងុយឆ្ងាញ់​ត្រូវ​នឹង​មុខម្ហូប ដែល​វា​បង្កើន​នូវ​បទពិសោធ​នៃ​ការទទួលទាន​អាហារ​ទាំងមូល​កាន់តែ​អស្ចារ្យ​»​។

សម្លការី​ក្តាម​បែប​សិង្ហបុរី ចម្អិន និង​ច្នៃប្រឌិត​ដោយ​មេចុងភៅ Malcolm Lee ។

ក្នុង​ពិធី​នេះ​មាន​ការទទួលទាន​ស្រា Catalina Sauvignon Blanc មកពី​តំបន់ Marlborough ប្រទេស​នូវែលសេឡង់ និង ស្រា Nanny Goat Vineyard Pinot Noir មកពី​តំបន់ Central Otago អម​ជាមួយ​បង្អែម​អំបុក ផ្លែមៀន ការ៉េម​ចេក និង​ចេកឆាប​ជា​បង្អែម​កម្ពុជា និង​បង្អែម Buah Keluak Bon Bon តំណាង​ឱ្យ​ប្រទេស​សិង្ហបុរី​»​។

លោក Lee និង​លោក លូ ម៉េង លើកឡើង​ថា ពិធី​ទទួលទាន​អាហារ​ពេល​ល្ងាច Four Hands Dinner នេះ​គឺជា​ឱកាស​មួយ​សម្រាប់​ពួកគាត់​ទាំង​ ២ ក្នុងការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា ហើយ​ក៏​ជា​ឱកាស​មួយ​ដើម្បី​បង្កើន​ជំនាញ​របស់​ពួកគេ​ផងដែរ​។

លើសពី​នេះ​ទៀត​ម្រេច​កំពត​ដ៏ល្បីល្បាញ​អាច​មាន​នៅក្នុង​បញ្ជី​មុខម្ហូប Candlenut របស់​ភោជនីយដ្ឋាន Peranakan ផងដែរ​។

លោក លូ ម៉េង ថ្លែង​ថា​៖ «​យើង​ជា​ចុងភៅ​មាន​ឱកាស​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​សម្រាប់​ផលិតផល​។ យើង​ចែករំលែក​ទស្សនៈ​តាមរយៈ​ការជួប​ជជែក​គ្នា​។ ការបង្កើត​មុខម្ហូប​ប្រមាណ​ ៧០ ​ភាគរយ​ចេញ​មកពី​អ្នកដទៃ ខណៈ​ ៣០ ​ភាគរយ​ជា​របស់​យើង​ផ្ទាល់ ដូច្នេះ​វា​គឺជា​អ្វីដែល​ខ្ញុំ​តែងតែ​ព្យាយាម​ច្នៃប្រឌិត​នឹង​បង្កើន​នៅក្នុង​មុខម្ហូប​នីមួយៗ​របស់​យើង​»​។

លោក Lee និង​លោក លូ ម៉េង ថ្លែង​ដោយ​យល់ស្រប​គ្នា​ថា​៖ «​គ្រឿងផ្សំ​សំខាន់​បំផុត​គឺ​សេចក្តី​ស្រឡាញ់​»​។

ភោជនីយដ្ឋាន​អាហារ​សមុទ្រ​សេវិនស៊ី​មាន​ទីតាំង​ស្ថិត​នៅក្នុង​សណ្ឋាគារ Almond Hotel Bassac ក្បែរ​ស្ពាន​ឥន្ទធនូ​ក្នុង​ខណ្ឌ​ចំការមន​៕