ធនាគារ Maybank Group ដែលមាន​ការិយាល័យ​កណ្តាល​នៅ​ប្រទេស​ម៉ាឡេស៊ី​បាន​ផ្តល់នូវ​ការលើក​ទឹកចិត្ត​សម្រាប់​ស្ត្រី​តម្បាញ​ក្នុង​ស្រុក​ដោយ​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​តម្បាញ​សូត្រ​ថ្មី​មួយ​ទៀត​នៅក្នុង​ខេត្តសៀមរាប​កាលពី​ដើម​ខែធ្នូ​។

មជ្ឈមណ្ឌល​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​ស្រុក​បន្ទាយស្រី​ក្រោម​កម្មវិធី​ស្ត្រី និង​តម្បាញ​របស់​ធនាគារ​មេយប៊ែង​នៅ​កម្ពុជា​ដែល​ត្រូវបាន​អនុវត្ត​តាមរយៈ​មូលនិធិ​ការទទួល​ខុសត្រូវ​សង្គម​របស់​ធនាគារ​មេយប៊ែង​។


យោងតាម​សេចក្តី​ប្រកាស​របស់​ធនាគារ​មេយប៊ែង​បាន​ឲ្យ​ដឹងថា​គោលបំណង​របស់​ធនាគារ​គឺ​ដើម្បី​លើក​ទឹកចិត្ត​ស្ត្រី​តម្បាញ​ក្នុង​ស្រុក​ឱ្យមាន​ឯករាជភាព​ផ្នែក​ហិរញ្ញវត្ថុ​ហើយ​ជាមួយ​គ្នា​គឺ​ដើម្បី​រក្សា​នូវ​ជំនាញ​តម្បាញ និង​វាយនភណ្ឌ​បែប​ប្រពៃណី​។


«​យើង​មាន​មោទនភាព​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​ជំនាញ​តម្បាញ​សូត្រ​ទី​ ២ នៅក្នុង​ខេត្ត​សៀមរាប​នេះ បន្ទាប់ពី​ទទួល​បាន​ភាពជោគជ័យ​នៃ​មជ្ឈមណ្ឌល​ទី​ ១ ស្ថិត​នៅក្នុង​ខេត្ត​តាកែវ​ដែល​ត្រូវបាន​សាងសង់​កាលពី​ឆ្នាំ​ ២០១៦»​។


លោកស្រី Mohaiyani Shamsudin ប្រធាន​ធនាគារ Maybank Group ថ្លែងថា​៖ «​បច្ចុប្បន្ន​វា​កំពុងដំណើរការ​ក្នុង​ឆ្នាំ​ទី​ ៤ ហើយ​មជ្ឈមណ្ឌល​នៅ​ខេត្តតាកែវ​បាន​បណ្តុះបណ្តាល​ស្ត្រី​តម្បាញ​ប្រមាណ​ ១៥១ ​នាក់​ដោយ​ជោគជ័យ ហើយ​ពួកគាត់​អាច​ទទួល​បាន​ប្រាក់ចំណូល​ជាង ២០០ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ខែ​»​។


បុគ្គលិក​ធនាគារ មេយប៊ែង និង​ស្ត្រី​អ្នក​តម្បាញ​ថតរូប​ជុំគ្នា​។


លោកស្រី​លើកឡើង​ថា មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​តម្បាញ​សូត្រ​ថ្មី​នេះ​គឺជា​សមិទ្ធផល​ដ៏សំខាន់​មួយទៀត​សម្រាប់​កម្មវិធី​ស្ត្រី និង​តម្បាញ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​តំណាង​ឱ្យ​ការខិតខំ​រួមគ្នា​ដើម្បី​ផ្តល់​អំណាច​ដល់​ស្ត្រី​កម្ពុជា​ឲ្យ​ទទួល​បាន​ឯករាជភាព​ផ្នែក​សេដ្ឋកិច្ច​។

លោកស្រី​បន្ថែមថា បច្ចុប្បន្ន​សិក្ខាកាម​ចំនួន​ ២៧ ​នាក់​ទៀត​កំពុង​ទទួល​នូវ​ការបណ្តុះបណ្តាល​ខណៈ​ពេល​ដែល​គ្រួសារ​កសិករ​ចំនួន​ ៣៦០ ​គ្រួសារ​ក៏​ទទួល​បាន​ការគាំទ្រ​ក្នុង​ការដាំ​ដើម​មន​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​ផ្គត់ផ្គង់​ការផលិត​សូត្រ​ឆៅ​សម្រាប់​ផ្គត់ផ្គង់​មជ្ឈមណ្ឌល​តម្បាញ ខេត្ត​តាកែវ​។

«​នៅ​កម្រិត​តំបន់ កម្មវិធី​ស្ត្រី និង​តម្បាញ​របស់​ធនាគារ​មេឃប៊ែង កំពុង​បន្ត​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជា ឡាវ​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​។ កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​បំពេញ​គោលបំណង​ និង​តម្រូវការ​ជាក់លាក់​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ដោយ​ការបង្កើត​មជ្ឈម​បណ្តុះបណ្តាល​ជំនាញ​តម្បាញ​ថ្មីៗ ដើម្បី​គាំទ្រ​ដល់​ការដាំ​ដើមមន និង​ផ្តល់ជំនួយ​មីក្រូហិរញ្ញវត្ថុ​ដល់​សហគមន៍​»​។

លោកស្រី Mohaiyani លើកឡើង​ថា​៖ «​រហូត​មក​ដល់​បច្ចុប្បន្ន​កម្មវិធី​នេះ​បានផ្តល់​លទ្ធផល​វិជ្ជមាន​ដល់​ប្រជាជន​ជាង​ ២៥០០ ​នាក់​ដែល​ប្រកាន់​ខ្ជាប់​នូវ​បេសកកម្ម​របស់​យើង​ក្នុង​ការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​តំបន់​អាស៊ាន​»​។

ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​ដដែល​នោះ​ដែរ​លោក ShahrilAzuarJimin នាយក​ប្រតិបត្តិ​នៃ​មូលនិធិមេយប៊ែង បាន​មាន​ប្រសាសន៍​ថា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ថ្មី​នៅក្នុង​ខេត្តសៀមរាប​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២០ ។

សិក្ខាកាម​ ១៥១ ​នាក់​បាន​ទទួល​ការបណ្តុះបណ្តាល​ពី​មជ្ឈមណ្ឌល​នៅ​ខេត្តតាកែវ​។

«​មជ្ឈមណ្ឌល​នេះ​នឹង​ក្លាយ​ជា​វេទិកា​មួយ​សម្រាប់​អ្នកចូលរួម​ដើម្បី​ទទួល​ការបណ្តុះបណ្តាល​ជំនាញ និង​ឱកាស​សហគ្រិនភាព​»​។

លោក Shahril ថ្លែង​ថា​៖ «​ជាពិសេស​វា​នឹង​ផ្តល់​ផលអត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដល់​ស្ត្រី​វ័យក្មេង​ដែល​មាន​ជីវភាព​ខ្វះខាត​ដែល​កំពុង​មាន​បំណង​ស្វែងរក​ការងារ​នៅក្នុង​ទីក្រុង​ ឬ​នៅក្រៅ​ប្រទេស​ក្នុង​លក្ខខណ្ឌ​ការងារ​ដ៏លំបាក​»​។

វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ទទួល​សិក្ខាកាម​ចំនួន​ ២៥ ​នាក់​ក្នុង​ ១​ ​វគ្គ​ដែលមាន​រយៈពេល​ ៥ ​ខែ និង​បង្រៀន​ដោយ​សិប្បករ​ជំនាញ​។

កម្មវិធី​ស្រី្ត និង​តម្បាញ​របស់​ធនាគារ មេយប៊ែង គឺជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ឈានមុខ​របស់​មូលនិធិ​មេយប៊ែង ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកកម្ពស់​ភាពសុខដុម​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន​តាមរយៈ​ការលើកកម្ពស់​ការតម្បាញ​វាយនភណ្ឌ​តាមបែប​ប្រពៃណី​ប្រកប​ដោយ​និរន្តរភាព និង​ដើម្បី​ជួយ​ស្ត្រី​ក្រីក្រ​តាមរយៈ​ការបណ្តុះបណ្តាល​ជំនាញ​៕