ក្តីប្រាថ្នារបស់អ្នកចង់ក្លាយជាអ្នកផលិតនាឡិកាបានមកដល់ហើយ ដែលវាជាឱកាសមួយដើម្បីបំពេញនូវក្តីសុបិនរបស់ពួកគេ។
ថ្វីបើនាឡិកាដៃវៃឆ្លាតកំពុងតែរីកដុះដាលច្រើនឡើងៗ ប៉ុន្តែសិល្បៈនៃការច្នៃប្រឌិត និងបំណងប្រាថ្នាសម្រាប់របស់អ្នកផលិតនាឡិកានៅតែមិនអាចប្រកែកបាន។
ជម្រើសនៃការទិញនាឡិកាដ៏ល្អមួយ គឺជាបំណងប្រាថ្នារបស់អ្នកដែលមានលទ្ធភាព ហើយពីមុនឱកាសក្លាយជាអ្នកផលិតនាឡិកា វាជាក្តីសុបិនដ៏វែងឆ្ងាយរបស់ប្រជាជនកម្ពុជា ប៉ុន្តែពេលនេះក្តីសុបិននោះអាចសម្រេចបានហើយជាមួយនឹងជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ ផលិតនាឡិកា។
នៅក្នុងខែមិថុនាខាងមុខនេះសិស្សចំនួន ៨ នាក់នឹងក្លាយជាសិស្សរៀនផលិតនាឡិកាដំបូងគេរបស់កម្ពុជាដែលចាប់ផ្តើមទទួលការសិក្សារយៈពេល ២ ឆ្នាំពោលគឺការបណ្តុះបណ្តាល ៣៤០០ ម៉ោងដើម្បីក្លាយជាអ្នកផលិតនាឡិកាជំនាញ។
មជ្ឈមណ្ឌលបណ្តុះបណ្តាលនេះមានកម្ពស់ ៣ ជាន់នៅសង្កាត់ជ្រោយចង្វារ ដែលបំពាក់ជាមួយឧបករណ៍ទំនើបៗយកមកពីប្រទេសស្វ៊ីសរួមមានទាំងកន្លែងផលិត កន្លែងរចនាយ៉ាងពិសេសមានម៉ាស៊ីនមីក្រូទស្សន៍ Leica ម៉ាស៊ីន Schaublin និង Horia ក៏ដូចជាឧបករណ៍ និងសម្ភារទំនើបៗជាច្រើនទៀត។
ដោយសារតែកម្រិតនៃការវិនិយោគបានប្តេជ្ញាផ្តល់ការបណ្តុះបណ្តាលអ្នកផលិតនាឡិកាឲ្យមានគុណភាពខ្ពស់បំផុតនៅកម្ពុជា ឧបករណ៍ និងសម្ភារដែលមាននៅមណ្ឌលបណ្តុះបណ្តាលនេះគឺមានច្រើនជាងសាលាផលិតនាឡិកាភាគច្រើននៅទូទាំងពិភពលោក នេះបើយោងតាមលោកស្រី Jessica Thakur ដែលជាទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលផលិតនាឡិកាមួយនេះ។
លោកស្រី Thakur ថ្លែងថា៖ «គ្រប់គ្នាដែលមកមជ្ឈមណ្ឌលបណ្តុះបណ្តាលរបស់យើង ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញមណ្ឌលផលិតនាឡិកានៅក្នុងទីក្រុងភ្នំពេញ។ នេះគឺជាសាលាផលិតនាឡិកាដ៏ពិសេសបំផុត»។
សិស្សដែលសិក្សាជំនាញនេះ គឺយកគំរូតាមកម្មវិធីសិក្សាធ្វើនាឡិការបស់ប្រទេសស្វ៊ីស ហើយពួកគេមិនត្រឹមតែរៀនជួសជុលប៉ុណ្ណោះទេ ពួកគេថែមទាំងរៀនផលិតនាឡិកាផ្ទាល់ខ្លួនថែមទៀតផង ហើយអ្វីដែលសំខាន់ទៀតនោះគឺពួកគេនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។
សិស្សនឹងទទួលបានការបណ្តុះបណ្តាលយ៉ាងច្រើន ដោយរាប់ចាប់ផ្តើមពីទ្រឹស្តីនៃពេលវេលារហូតដល់មូលដ្ឋានគ្រឹះនៃមីក្រូទស្សន៍មុនពេលពួកគេចាប់ផ្តើមការងារច្នៃប្រឌិត និងសិក្សាពីគ្រឿងផ្គុំ រៀនអំពីរបៀបនៃការសេរ៉េនាឡិកា សិក្សាអំពីវិទ្យាសាស្ត្រនៃការវាស់ពេលវេលា ដែលបង្រៀនដោយគ្រូ និងក្រុមបច្ចេកទេសដែលមានបទពិសោធខ្ពស់។
លោកស្រី Thakur ដែលបង្រៀននៅសាលាផលិតនាឡិការបស់ក្រុមហ៊ុន Richemont Group ក្នុងសហរដ្ឋអាមេរិក ដែលបណ្តុះបណ្តាលអ្នកផលិតនាឡិកាម៉ាកល្បីៗជាច្រើនបានថ្លែងថា៖ «យើងរីករាយណាស់ក្នុងការបណ្តុះបណ្តាលសិស្សទាំងនេះ ដែលពួកគេដូចក្រដាសស ១ សន្លឹកឲ្យក្លាយជាអ្នកផលិតជំនាញ»។
លោកស្រីសង្កត់ធ្ងន់ថា សិស្សមិនត្រឹមតែទទួលបានការបណ្តុះបណ្តាលទូលំទូលាយដូចគ្នាទៅនឹងអតីតសិស្សរបស់លោកស្រីនៅសាលា Richemont និង Wostep ប៉ុណ្ណោះទេ ប៉ុន្តែសាលានេះត្រូវបានលើកទឹកចិត្តឲ្យផ្តល់នូវឱកាសដ៏ពិតប្រាកដដល់ប្រជាជនកម្ពុជាដែលមានទេពកោសល្យ។
អង្គុយជិតលោកស្រី Thakur គឺលោក Maarten Pieters ដែលលោកក៏ជាទីប្រឹក្សាបច្ចេកទេសនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នេះដែរ និង ១ រូបទៀតគឺលោក Anthony McGonigle គ្រូបង្រៀនធ្វើនាឡិកាដែលនឹងដឹកនាំបង្រៀនថ្នាក់ដំបូង។
ចំពោះថ្នាក់ដឹកនាំគឺលោក Xu Zhou ដែលជាវិស្វករផ្នែកមេកានិក និងលោក Sack-Man Loui នាយកប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលនេះដែលសុទ្ធជាអ្នកមានបទពិសោធខ្ពស់ផ្នែកនាឡិកា។
លោក Pieters ថ្លែងថា៖ «រៀនផលិតនាឡិកា វាគឺជារឿងមួយដ៏អស្ចារ្យ ពីព្រោះវាជួយយើងឲ្យចេះបង្កើតនាឡិកាដែលកាន់តែស្រស់ស្អាត។ ជាមួយនឹងចំណង់ចំណូលចិត្ត និងការលើកទឹកចិត្តដ៏ត្រឹមត្រូវមនុស្សអាចសម្រេចបាននូវអ្វីដែលពួកគេសុបិនចង់បាន ហើយគ្មាននរណាម្នាក់អាចកំណត់វាបាននោះទេ»។
បច្ចុប្បន្នមជ្ឈមណ្ឌលបណ្តុះបណ្តាល ព្រីនស៍ ផលិតនាឡិកានេះកំពុងទទួលពាក្យចុះឈ្មោះចូលរៀន ហើយក៏ផ្តល់ផងដែរនូវអាហារូបករណ៍មួយផ្នែក និងពេញលេញរហូតដល់ ១០០ ភាគរយនៃថ្លៃសិក្សា រួមជាមួយប្រាក់ឧបត្ថម្ភ និងកន្លែងស្នាក់នៅ៕