ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​ ១៩ គឺ​វា​បានបង្ហាញ​អំពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​ផ្តល់​សេវា​ថែទាំ​សុខភាព​ឯកជន ដែល​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការបំពេញ​ចន្លោះ​ខ្វះខាត​ផ្នែក​សេវា​សុខភាព​ក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​។


ក្នុង​គ្រា​ដ៏លំបាក​នេះ ខណៈ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​យកឈ្នះ​លើ​ជំងឺ​កូវីដ ១៩ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​បាន​រួម​ចំណែក​ដល់​ការគាំទ្រ​ផ្នែក​វេជ្ជសាស្ត្រ​ដែល​ត្រូវការ​ជា​ចាំបាច់​។


មន្ទីរពេទ្យ​ថៃ​ដ៏ទំនើប ដែល​បានចាប់ផ្តើម​ប្រតិបត្តិការ​កាលពី​ខែតុលា​ឆ្នាំ​ ២០១៤ មួយ​នេះ​បាន​ផ្តល់​ធនធាន​របស់ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ដែល​កំពុង​កើតមាន​។


ប្រធាន​មន្ទីរពេទ្យ Royal Bangkok Hospital Group ប្រចាំ​កម្ពុជា​លោក Narintara Boonjongcharoen បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​ក្នុង​អំឡុងពេល​កើតមាន​ជំងឺ​កូវីដ​១៩ [​ដំបូង​] មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​គឺ​ស្ថិតនៅ​ជួរមុខ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នកជំនាញ​អន្តរជាតិ​មកពី​ក្រសួង​សុខាភិបាល​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ អង្គការ​សុខភាព​ពិភពលោក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​ការធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​មាន​ភាពរឹងមាំ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការដោះស្រាយ​ជាមួយ​នឹង​ការឆ្លង​រាលដាល និង​រោគរាតត្បាត​នាពេល​អនាគត ដែល​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​»​។


មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ជា​សមាជិក​នៃ Bangkok Dusit Medical Services (BDMS) ដែល​ជា​ក្រុមហ៊ុន​សាធារណៈ​នៅ​ប្រទេស​ថៃ​។ មាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី មន្ទីរពេទ្យ​មួយ​នេះ​មាន​គ្រែ​សម្រាក​ព្យាបាល​ចំនួន​ ១០០ ​គ្រែ និង​មាន​សេវាកម្ម​ឧទ្ធម្ភាគចក្រ​ក្នុង​នោះ​មាន​បុគ្គលិក​បរទេស​ប្រហែល​ ២០ ​ភាគរយ ខណៈ​ ៨០ ​ភាគរយ​ទៀត​ជា​បុគ្គលិក​នៅក្នុង​ស្រុក​។


បុគ្គលិក​ផ្នែក​សង្គ្រោះបន្ទាន់​ត្រៀម​រួចរាល់​ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​។

លោក​ឱ្យដឹងថា មន្ទីរពេទ្យ​រ៉ូយ៉ាល់-ភ្នំពេញ​គឺជា​មន្ទីរពេទ្យ​ដំបូង​គេ និង​តែ​​ ១ ​គត់​នៅ​កម្ពុជា​ដែល​ទទួលស្គាល់​គុណភាព​ដោយ​គណៈកម្មការ Joint Commission International​។ ដោយមាន​បរិក្ខារ​ទំនើបៗ និង​វេជ្ជបណ្ឌិត​ជំនាញៗ មន្ទីរពេទ្យ​នេះ​កំពុងផ្តល់​ជូន​ការព្យាបាល​ប្រកប​ដោយ​គុណភាព​ខ្ពស់​សម្រាប់​ប្រជាជន​កម្ពុជា និង​សហគមន៍​ជនបរទេស​។

«​ការចូលរួម​ចំណែក​ដ៏សំខាន់​របស់​យើង​ចំពោះ​ការថែទាំ​សុខភាព​នៅ​កម្ពុជា គឺ​ការលើកកម្ពស់​ស្តង់ដា​នៃ​ការថែទាំ​វេជ្ជសាស្ត្រ​កម្រិត​អន្តរជាតិ ដែល​ទទួលស្គាល់​គុណភាព​ពី​គណៈកម្មការ​អន្តរជាតិ Joint Commission International ចាប់​តាំងពី​ឆ្នាំ ២០១៧»​។

«​អ្នកដំណើរ​អន្តរជាតិ ភ្ញៀវទេសចរ អ្នកការទូត និង​អ្នកស្ម័គ្រចិត្ត​មាន​អារម្មណ៍​ធូរស្រាល​នៅពេល​ពួកគេ​បាន​ដឹងថា ព្រះរាជាណាចក្រ​កម្ពុជា​មាន​មន្ទីរពេទ្យ​ស្តង់ដា​អន្តរជាតិ ដើម្បី​មើលថែ​ពួកគេ​ពេញ​ ១ ​ឆ្នាំ និង​ជួយ​ពួកគេ​ក្នុង​ការធ្វើ​មាតុភូមិនិវត្តន៍​ដោយ​សុវត្ថិភាព​នៅពេល​ពួកគេ​ធ្លាក់ខ្លួន​ឈឺ​។

លោក Boonjongcharoen បាន​មាន​ប្រសាសន៍​ថា​៖ «​មន្ទីរពេទ្យ​រ៉ូយ៉ាល់​ភ្នំពេញ តាមរយៈ​បណ្តាញ BDMS របស់​យើង​ត្រូវ​បាន​ទទួលស្គាល់​ដោយ​មជ្ឈមណ្ឌល​ធានារ៉ាប់រង​សុខភាព និង​មជ្ឈមណ្ឌល​សង្គ្រោះបន្ទាន់​នៅ​ជុំវិញ​ពិភពលោក ដើម្បី​ជួយ​ដល់​អ្នកជំងឺ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ការព្យាបាល​»​។

មន្ទីរពេទ្យ​ផ្តល់​សេវា​បញ្ជូន​អ្នកជំងឺ​មាន​ភាពងាយស្រួល និង​ឆាប់រហ័ស​។

ការព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​រួមមាន​ការថែទាំ​ម្តាយ និង​កុមារ ជំងឺ​ស្ទះ ឬ​ដាច់​សរសៃឈាម​ខួរក្បាល របួស​ក្បាល ជំងឺ​មេរោគ​ក្នុង​ឈាម វះកាត់​របួស​ដោយ​គ្រោះថ្នាក់ រួមទាំង​​វះកាត់​ឆ្អឹង ការព្យាបាល​ជំងឺ​បេះដូង ការស្ទះ​សរសៃឈាម​បេះដូង និង​ជំងឺ​ជាច្រើន​មុខ​ទៀត​។

យោងតាម​ផែនការ​យុទ្ធសាស្ត្រ​សុខភាព​កម្ពុជា​ឆ្នាំ​ ២០១៦-២០២០ បានឱ្យ​ដឹងថា មាន​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ​ប្រមាណ​ ១ ០០០ កន្លែង និង​អ្នកផ្តល់​សេវា​ថែទាំ​សុខភាព​ឯកជន​ចំនួន ៨ ០០០ កន្លែង​ផ្សេងទៀត​នៅ​ទូទាំង​ប្រទេស​។

មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ ផ្តោតសំខាន់​ទៅលើ​ការពិគ្រោះ​យោបល់​ផ្នែក​វេជ្ជសាស្ត្រដោយ​អ្នកជំនាញ​ជនជាតិ​ថៃ និង​អន្តរជាតិ និង​តាមរយៈ​ការពិគ្រោះ​យោបល់​ពី​ចម្ងាយ (teleconference) ជាមួយ​អ្នកឯកទេស​នៅ​មន្ទីរពេទ្យ​បាងកក និង​បណ្តាញ BDMS​។

ការពិគ្រោះ​យោបល់​នេះ គឺ​ដើម្បី​ធានាបាន​នូវ​គុណភាព​ខ្ពស់​នៃ​ស្តង់ដា​វេជ្ជសាស្ត្រ​នៃ​ការថែទាំ ដើម្បី​ផ្តល់​សុវត្ថិភាព​ខ្ពស់បំផុត​ដល់​អ្នកជំងឺ​។

មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​បំពាក់​ដោយ​បរិក្ខារ និង​សម្ភារ​វេជ្ជសាស្ត្រ​ទំនើបៗ​បំផុត ហើយ​បុគ្គលិក​ទាំង បរទេស​ និង​ក្នុង​ស្រុង​គឺ​សុទ្ធសឹង​តែ​ទទួលបាន​ការបណ្តុះបណ្តាល​ផ្នែក​វេជ្ជសាស្ត្រ​យ៉ាង​ត្រឹមត្រូវ និង​ស្ទាត់ជំនាញ ដើម្បី​ដោះស្រាយ​ជាមួយ​ស្ថានភាព​សង្គ្រោះបន្ទាន់ និង​ស្ថានភាព​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​យ៉ាង​មាន​ប្រសិទ្ធភាព​៕